ភ្នំពេញ៖ លោក Hishammudin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានជួយសម្របសម្រួល ឲ្យពលរដ្ឋម៉ាឡេស៊ីចំនួន ១១១នាក់ ដែលជាប់គាំងនៅកម្ពុជា ត្រឡប់ទៅប្រទេសកំណេីតវិញ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មីនានេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងថា “ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ចំនួន ១១១នាក់ ដោយសារតែការលុប គ្រប់ជើងហោះហើរទាំងអស់ តាមបទបញ្ជាគ្រប់គ្រង ការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី” ។
លោករដ្ឋមន្ត្រីបន្ថែមថា ជាមួយនេះ យើងក៏បានសម្របសម្រួលឲ្យពលរដ្ឋយើងចំនួន ៦នាក់ ដែលជាប់នៅម៉ឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។ លោកថា ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង ៦នាក់នោះបានទៅធ្វើតេស្ត នៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាម។
លោកឧបនាយកតដ្ឋមន្ត្រី បញ្ជាក់មន្ថែមថា “រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំដើម្បីម៉្យាង អរគុណយើងចំពោះការ សម្រួលមាតុភូមិនិវត្តន៏ របស់ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀតឱកាស ពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុង ក្របខណ្ឌអាស៊ានផង” ។
លោកឧបនាយកតដ្ឋមន្ត្រី ក៏បានជូនពរលោក Hussein សារជាថ្មី ដែលបានឡើងកាន់តំណែងថ្មីនេះ កាលពីថ្ងៃទី៩ មីនាកន្លងទៅ ។
ជាមួយគ្នានេះលោឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះការ អនុញ្ញាតឲ្យពលករខ្មែរ បានជិះយន្តហោះពិសេស ហើយក៏បញ្ជាក់ពីការតាំងចិត្ត របស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគី ផងដែរ ៕