ភ្នំពេញ៖ ក្រោយពេលដែលប្រទេសថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងមិនអនុញ្ញាតឲ្យធ្វើដំណើរ ឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃ នោះជាហេតុធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ដែលធ្វើការស្នាក់នៅក្នុងប្រទេសថៃត្រូវផុតសុពលភាពស្នាក់នៅ ហើយត្រូវត្រឡប់មកកម្ពុជាវិញ តែត្រឡប់មកមិនកើតដោយសារ ថៃបិទព្រំដែននោះ ភាគីថៃក៏បានអនុញ្ញាតឱ្យពួកគេបន្តស្នាក់នៅ ជាបណ្ដោះអាសន្នសិន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមិនមានការផាកពិន័យឡើយ។
យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០បានបញ្ជាក់ថា” ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរ ឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃ នោះទេ ដែលជាហេតុធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ”។
សេចក្ដីជូនដំណឹងបញ្ជាក់ថា”ចំពោះបងប្អូនពលរដ្ឋខ្មែរដែលមានទិដ្ឋាការស្នាក់នៅនិងប័ណ្ណអនុញ្ញាតការងារអស់សុពលភាពក្រសួងការងារថៃនឹងបន្ត ឲ្យស្នាក់នៅជាបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay)”។
សេចក្ដីជូនដំណឹងបន្ថែមថា ក្នុងករណីពលករខ្មែរ ត្រូវការធ្វើការបន្ត ត្រូវឲ្យនយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញ ឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕ដោយ៖ធី លីថូ