Covid-19

Update៖ អ្នកនាំពាក្យសាលារាជធានី ច្រានចោលសារសំឡេង បំប៉ោងព័ត៌មានថា មានអ្នកលក់ទូរស័ព្ទ នៅផ្សារជម្ពូវ័ន ឆ្លងវីរុសកូវីដ-១៩ ហើយស្លាប់

ភ្នំពេញ៖ ក្រោយពីមានការផ្អើលឆោឡោ ជ្រួលច្របល់ជាបន្តបន្ទាប់ពីសំណាក់ ប្រជាពលរដ្ឋមួយចំនួន តាមបណ្តាញសង្គមដោយសារជនខិលខូច បានប្រឌិត និងចែកចាយ នូវខ្សែអាត់សំឡេង ដែលមានខ្លឹមសារ ពាក់ព័ន្ធ នឹងអ្នកលក់ទូរសព្ទម្នាក់ នៅផ្សារជម្ពូវ័ន បានឆ្លងវីរុស កូវីដ-១៩ និងបានស្លាប់ នៅក្នុងផ្សារតែម្តង ព្រមទាំងបានបំផុសបំផុលបន្ថែមថា បានចម្លងដល់ក្រុមគ្រួសារទៀតនោះ ត្រូវបាន លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ចេញប្រតិកម្ម ឆ្លើយតបរហ័ស បដិសេដទាំងស្រុងថា ពុំមានករណី ដូចដែលជនខិលខូចប្រឌិតឡើងនោះទេ និងអំពាវនាវ អោយប្រជាពលរដ្ឋ កុំងាយទទួលយក នូវព័ត៌មានដែលគ្មានប្រភព និងស្ថាប័នទទួលខុសត្រូវច្បាស់លាស់ ជាពិសេសពាក់ព័ន្ធ នឹងវីរុសកូវីដ១៩តែម្តង ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅយប់ថ្ងៃទី២៦ មីនា ២០២០នេះថា “សូមជម្រាបជូនបងប្អូនថា មានជនខិលខូចប្រឌិត នូវសារសំឡេង ដែលមានខ្លឹមសារថា មានអ្នកលក់ទូរសព្ទ ឆ្លងវីរុស (Covid-19) ស្លាប់នៅផ្សារ និងឈានដល់ចម្លងទៅដល់អ្នកផ្ទះ និងបិទផ្សារនេះ ខ្ញុំសូមច្រានចោលព័ត៌មាននេះទាំងស្រុង” ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា មុននឹងធ្វើការច្រានចោលនូវព័ត៌មាននេះ លោកនិងក្រុមការងារ ពាក់ព័ន្ធ ជាពិសេសបានពិនិត្យ និងបញ្ជាក់ជាមួយ ប្រធានផ្សារជម្ពូវ័នរួចរាល់ហើយដែរ ។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមនិងទប់ស្កាត់ នូវព័ត៌មានក្លែងក្លាយទាំងអស់គ្នា ដោយទទួលយកព័ត៌មានណា ដែលមានប្រភពច្បាស់លាស់ មានការបញ្ជាក់ ពីស្ថាប័នទទួលខុសត្រូវច្បាស់លាស់ កុំស្តាប់ ហើយកុំយក និងកុំចែកចាយបន្ត ទោះជាក្នុងន័យថា ឆ្ងល់ លឺ ឬឃើញអ្វីក៏ដោយ ។ ប្រសិនបើមានករណីអ្វីមួយថ្មី ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងចេញការប្រកាសព័ត៌មាន ដើម្បីជម្រាបជូនជាផ្លូវការ ។ អាស្រ័យហេតុនេះ អ្នកនាំពាក្យរូបនេះ នៅតែបន្តអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញសង្គម កុំងាយនឹងទទួលយក នូវព័ត៌មានមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ។ ជាក់ស្តែងករណីខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងវែងមុខជនខិលខូត ដែលប្រឌិតសាសំឡេងទាំងនេះ មកធ្វើការអប់រំ និងចាត់ការតាមផ្លូវច្បាប់ផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ មីនា ២០២០កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ និងលើកទឹកចិត្ត អោយអាជីវករលក់ដូរ តាមផ្សារនានា បន្តអាជីវកម្មរបស់ខ្លួនជាធម្មតា និងប្រកាសថា ផ្សារត្រូវតែដំណើរការ បើទោះជារាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន បានរកឃើញអ្នកឆ្លង នូវវីរុសរលាក់ផ្លូវដង្ហើមថ្មី កូវីដ-១៩ ក៏ដោយ ។ លោក ឃួង ស្រេង នៅតែបន្តណែនាំ ឲ្យប្រជាពលរដ្ឋ ក្តាប់ព័ត៌មាន អោយបានច្បាស់ ជាពិសេសបញ្ហា ជំងឺកូវីដ-១៩ ដោយកុំជឿផ្តេសផ្តាស់ តាមការផ្សព្វផ្សាយ លើបណ្តាញសង្គម ដែលគ្មានអំណះអំណានច្បាស់លាស់ និងគ្មានការទទួលខុសត្រូវ ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ខ្ញុំមាន Hotline នៅក្នុងរាជធានីភ្នំពេញ ទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ក៏យើងអាចទទួលយក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមអោយបងប្អូន ធ្វើតាមរយៈនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អាចទទួលព័ត៌មានផ្ទាល់ នៅក្នុងរដ្ឋបាលយើងតែម្តង ចំពោះព័ត៌មាន ដែលបងប្អូន ចង់ជ្រាប ចង់ដឹង ពីបញ្ហាផ្សេងៗ” ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ យោងទៅតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជា ទាំងអស់មានចំនួន ៩៨ករណី (ស្រី២៥នាក់ ប្រុស៧៣នាក់ ក្នុងនោះមានចំនួន ១១នាក់ បានជាសះស្បើយ និងពុំមានករណីបង្កដល់អាយុជីវិតនៅឡើយ ខណៈដែលរាជធានីភ្នំពេញ មានអ្នកឆ្លងវីរុស កូវីដ-១៩ ចំនួន ១៣ករណី (ទាំងជនបរទេស)៕

ដោយ៖ ដារាត់

To Top