ភ្នំពេញ៖ដោយសង្កេតឃើញ ការីករាលដាល នៃជំងឺកូវីដ១៩នៅកម្ពុជា កាន់តែខ្លាំងឡើងៗនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានចាត់ទុក ភូមិណា ដែលមានពលករខ្មែរ ដែលទើបត្រឡប់មកពីធ្វើការ នៅប្រទេសថៃ ចូលមកកម្ពុជាវិញ កាលពីពេលថ្មីៗនេះ ដែលពួកគេមកជួបជុំស្នាក់នៅ ជាមួយក្រុមគ្រួសារ សាច់ញាតិបងប្អូនវិញ ចាប់ពីម្នាក់ឡើងទៅ គឺជាគោលដៅក្ដៅ ដែលត្រូវធ្វើការតាមដាន រកមេរោគកូវីដ១៩។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពី “ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក” ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពី “ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក”នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករខ្មែរប្រមាណជា ជាង៤ម៉ឺននាក់ ដែលទើបត្រឡប់មកពីធ្វើការនៅថៃចូលកម្ពុជាវិញ។
សម្ដេចបន្ថែមថា “ចាត់ទុកថា កន្លែងដែលមានបងប្អូន វិលត្រឡប់មកវិញ មកផ្ទះសម្បែងវិញនេះ ចាប់ពី១នាក់ទៅ ចាត់ទុកថា កន្លែងនុង ជាគោលដៅក្ដៅ សម្រាប់តាមដានរកកូវីដ១៩ ព្រោះម្នាក់វាចម្លង៥នាក់ វាមានបញ្ហា មែនថា ធម្មតាច្រើន គេរាប់ពី២ទៅដែរណា បារាំងក៏គេរាប់ពី២ទៅដែរ! ប៉ុន្តែអានេះអត់ទេ ពី១ទៅចាត់ទុកថាមានបញ្ហា ចឹងហើយសូមឲ្យចាត់ទុក ណាដែលមានបងប្អូនយើងមកពីថៃមក ស្នាក់នៅកន្លែងផ្ទះកំណើតរបស់គាត់ហ្នឹង គឺចាប់ពី១ទៅចាត់ ទុកជាចំណុចក្ដៅហើយ ជាគោលដៅក្ដៅ ដែលយើងត្រូវតែតាមដាន យកចិត្តទុកដាក់ ការប្រែប្រួលសុខភាពរបស់គាត់” ។
សម្ដេចសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយឃោសនា ណែនាំប្រជាពលរដ្ឋ ឲ្យបានច្រើនដង ដើម្បីឲ្យពួកគេយល់ដឹង កាន់តែច្បាស់បន្ថែមទៀត ទៅតាមវិធានការណែនាំអប់រំទាំងឡាយ របស់ក្រសួង សុខាភិបាល។
ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ពិតជាមានអ្នកលក់ទំនិញឡើងថ្លៃ ពិតប្រាកដណាស់ ក្នុងពេលដែលកម្ពុជា កំពុងជួបនូវវិបត្តិកូវីដ១៩នេះ ខណៈដែលប្រទេសនៅលើសកលលោក បានធ្វើកិច្ចអន្តរាគមន៍ភ្លាមៗ ចំពោះអ្នកលក់ទំនិញឡើងថ្លៃ ពេលប្រទេសគេជួបនូវវិបត្តិកូវីដ១៩នេះ។
សម្ដេចថ្លែងបន្តថា “យើងមិនត្រូវមើលងាយ សភាពការណ៍ហ្នឹងទេ នៅពេលណាមួយពួកអាដែងក្មេងទំនើង ឬក៏ក្មេងខិលខូច អាចបង្កអុកឡុក ទៅដល់ទីផ្សារ ទីអីហូហែរចឹងទៅ ព្រោះទំនិញកន្លែងខ្លះ ថាយើងសេដ្ឋកិច្ចទីផ្សារ យើងអត់ទាន់អន្តរាគមន៍ទេ ប្រទេសខ្លះគេអន្តរាគមន៍ហើយ ពិតមែនសេដ្ឋកិច្ចទីផ្សារគេអន្តរាគមន៍ គេអន្តរាគមន៍គេថា កម្រិតតម្លៃអី មិនឲ្យលើសពីប៉ុណ្នេះ មិនឲ្យលើសពីប៉ុណ្ណោះអីចឹង ប៉ុន្តែមិនថា ឲ្យអ្នកលក់ទំនិញម្ចាស់ទំនិញគាត់ខាតទេ ប៉ុន្តែគាត់ដំឡើងនុង ដំឡើងខ្លាំងពេក ។ ចឹងគឺថាប្រទេសខ្លះគេអន្តរាគមន៍ហើយ ឬក៏ថាទិញរបស់របរហ្នឹង ស្បៀងអាហារហូបចុកហ្នឹង ឲ្យតែប៉ុណ្នេះទេ គឺលើសពីប៉ុណ្នឹងគេអត់លក់ឲ្យ” ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៩៨នាក់ហើយ ខណៈអ្នកជាសះស្បើយមានចំនួន១១នាក់ ៕ ដោយ៖ធី លីថូ