ព័ត៌មានជាតិ

ធនាគារជាតិកម្ពុជា ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ សម្រាលបន្ទុក ដល់អ្នកខ្ចីប្រាក់អំឡុង ពេលរងផលប៉ះពាល់ ពីកូវីដ១៩

ភ្នំពេញ ៖ ក្នុងគោលបំណង រក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច អំឡុងពេល រងផលប៉ះពាល់ ពីការរីករាលដាលពីវីរុស កូវីដ១៩ ជាពិសេស ដើម្បីសម្រាលបន្ទុក ដល់អ្នកខ្ចីប្រាក់ ដែលកំពុងប្រឈម និងការធ្លាក់ចុះនូវប្រាក់ចំណូលជាចម្បង និងមានការលំបាក ក្នុងការទូទាត់សងនោះ ធនាគារជាតិ នៃកម្ពុជា បានសម្រេចដាក់ ឲ្យអនុវត្តនូវសារាចរ ណែនាំដលល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ (តទៅនេះ ហៅកាត់ថាគ្រឹះស្ថាន)ត្រូវរៀបចំឥណទានឡើងវិញ ឲ្យប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ។

យោងតាមសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជា ស្ដីពី “ឥណទានរៀបចំឡើងវិញ” ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា ធនាគាជាតិនៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានយកចិត្តទុកដាក់ ជាមួយអតិថិជនដែលរងផលផលប៉ះពាល់ ជាក់ស្ដែង និងអនុញាតឲ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាព រួមមាន៖ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំនីអាហារ ភេសជ្ជៈនិងសេវាកម្មគាំទ្រផ្សេងៗ) ,កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ,សំណង់(ចំពោះតែឥណទានសាងសង់ផ្ទះ,ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។

សារាចរណែនាំសង្កត់ធ្ងន់ថា គ្រឹះស្ថានត្រូវមានគោលនយោបាយ និងនិតីវិធីឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេល រងផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល សម្រាប់កំណត់អំពីស្ថានភាព និងលក្ខខណ្ឌនៃឥណទានដែលត្រូវចាត់ទុកជា “ឥណទានរៀបចំឡើងវិញ”និងសម្រាប់តាមដាន និងគ្រប់គ្រងឥណទានទាំងនោះ ។

សារាចរណែនាំបន្តថា ចំពោះការរៀបចំឥណទានឡើងវិញ គ្រឹះស្ថានត្រូវកំណត់ឲ្យច្បាស់ ថាអតិថិជនកំពុងជួបការលំបាក ផ្នែកហិរញ្ញវត្ថុ មុនពេលការអនុគ្រោះត្រូវបានផ្ដល់ជូន។
សារាចរណែនាំបញ្ជាក់ថា សម្រាប់ការៀបចំឥណទានឡើងវិញនេះ ផ្ដល់ជូនអតិថិជនដែលការទូទាត់សង់ការប្រាក់ ឬនិងប្រាក់ដើម និងហួសការកំណត់ សងលើសពី៩០ថ្ងៃ (ប្រភេទឥណទានដំណើរការ)និងរំពឹងថាអតិថិជនជួបប្រទះការលំបាក ផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេល បណ្ដោះអាសន្នប៉ុណ្ណោះ មានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ចំពោះឥណទានមិនដំណើរការគ្រឹះស្ថាន អាចរក្សាចំណាត់ថ្នាក់ដដែល នៅពេលឥណទានទាំងនេះត្រូវបានរៀបចំឡើងវិញ។

សេចក្ដីណែនាំបន្ថែមថា ការរៀបចំឥណទានឡើងវិញ ត្រូវធ្វើឡើងដោយ “ក្រុមការងារទទួលខុសត្រូវដោយឡែក” ផ្សេងពីផ្នែកដែលទទួលបន្ទុកដំណើរ ការផ្ដល់ឥណទាន ។ ក្រុមការងារនេះត្រូវពិនិត្យឡើងវិញ ជាប្រចាំ លើសំពាធឥណទានអតិថិជន ដើម្បីវាយតម្លៃផលប៉ះពាល់ ជាក់ស្ដែងលើស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន ៕ ដោយ៖ធី លីថូ

To Top