នយោបាយ

Full story: នាយករដ្ឋមន្រ្តីបញ្ជាក់ថា ច្បាប់ស្ដីពី “ការគ្រប់គ្រង ដាក់ប្រទេស ក្នុងគ្រាមានអាសន្ន” នឹងចេញពិតប្រាកដ ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាង ច្បាប់ស្ដីពីការគ្រប់គ្រងដាក់ប្រទេស ក្នុងគ្រាមានអាសន្ន អាចចេញពិតប្រាកដ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈក្រុមអ្នកច្បាប់ កំពុងរៀបចំច្បាប់នេះផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ផ្ញើរជូនជនរួមជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា ច្បាប់ស្ដីពី ដើម្បីការគ្រប់គ្រងប្រទេស ក្នុងគ្រាមានអាសន្ន នឹងចេញពិតប្រាកដ បន្ទាប់ពីថ្ងៃទី២៤ កន្លងទៅខ្ញុំបានប្រកាស ហើយពេលនោះអ្នកច្បាប់ របស់យើងក៏បានត្រៀមរៀបចំ ។ ព្រឹកថ្ងៃស្អែកតាមទំលាប់ គឺដឹកនាំប្រជុំអន្តរក្រសួង ដោយរដ្ឋមន្រ្តី ថ្នាក់រដ្ឋមន្រ្តីឬថ្នាក់ឧបនាយករដ្ឋមន្រ្តី ។ក៏ប៉ុន្តែច្បាប់មួយនេះ ដោយវាជាករណីច្បាប់ពិសេស ការប្រជុំមុនដាក់ឆ្លងគណៈរដ្ឋមន្រ្តីទាំងមូល នាយករដ្ឋមន្រ្តីដឹកនាំប្រជុំ ជាមួយនឹងឧបនាយករដ្ឋមន្រ្តី ទាំងអស់បូកជាមួយនិង អ្នកច្បាប់មួយចំនួនផ្សេងទៀត ដើម្បីចូលរួម ។

សម្ដេចបន្តថា “ថ្ងៃសុក្រយើងនឹងដាក់ឆ្លងប្រជុំពេញអង្គ បន្ទាប់ពីការប្រជុំពេញអង្គហើយ គឺយើងប្រជុំមកកាន់សភា សង្ឃឹមថាសភា មិនប្រើពេលវេលាយូពេក ដើម្បីអនុម័តច្បាប់នេះ រួចហើយបញ្ជូនទៅព្រឹទ្ធសភា និងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយព្រះមហាក្សត្រ ព្រះអង្គទ្រង់នឹងឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើប្រាស់ច្បាប់នេះ ជាការប្រញាប់”។

សម្ដេចថ្លែងសង្កត់ធ្ងន់ថា នេះជាចំណុចដែលសម្ដេច ចង់ជម្រាបជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យបានដឹង ហើយសម្ដេចក៏ សូមការយោគយល់ពីពលរដ្ឋ ដែលធ្វើច្បាប់មួយនេះជាការប្រញាប់ ដោយក្នុងកាលៈទេសៈចាំបាច់បំផុតរបស់រដ្ឋ ក៏ដូចជារបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងរដ្ឋ ក្នុងគ្រាដែលមានអាសន្ន។

ទាក់ទងការដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិភាគសង្គមមួយចំនួន ដែលតែងតែធ្វើការ វាយប្រហាមកលើរដ្ឋាភិបាល ដោយពួកគេបានលើកឡើង ប្រឆាំងថា មិនចាំបាច់ដាក់ប្រទេសក្នុគ្រាមានអាសន្នទេ សូមដាក់ត្រឹមតែបម្រាម “គោលចរណ៍”បានហើយ ក្នុងឱកាសនេះសម្ដេចឆ្លើយតបបកស្រាយវិញថា បម្រាម “គោលចរណ៍” មិនអាចដាក់បាន ដោយត្រឹមតែអនុក្រឹត្យរបស់រាជដ្ឋាភិបាលបានទេ ។ ហើយបម្រាម “គោលចរណ៍”នេះ វាគ្រាន់តែជាអនុវិស័យមួយ នៅក្រោមក្របខណ្ឌ នៃច្បាប់ក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះ ។

សម្ដេចបន្តថា “ហើយក៏សូមផ្ដាំផ្ញើរទៅក្រុមអ្នកវិភាគមួយចំនួន ខ្លះអ្នកវិភាគថាមិនចាំបាច់ធ្វើច្បាប់ ដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ សូមដាក់ត្រឹមតែបម្រាម “គោលចរណ៍” បានហើយ តែខ្ញុំសូមបកស្រាយត្រឡប់ទៅវិញថា បម្រាប “គច” មិនអាចដាក់បាន ដោយត្រឹមតែអនុក្រឹត្យ របស់រាជដ្ឋាភិបាលបានទេ ។ បម្រាម “គោលចរណ៍” វាគ្រាន់តែជាអនុវិស័យមួយ នៅក្រោមក្របខណ្ឌ នៃច្បាប់ក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះ។អ្នកដែលបានផ្ដល់យោបល់ខ្ញុំងអរគុណ!ក៏ប៉ុន្តែការផ្ដល់យោបល់នេះគឺជាការផ្ដល់យោបល់ដែលមិនចេះរដ្ឋធម្មនុញ្ញ ហើយក៏មិនចេះច្បាប់ទៀតផង”។

សម្ដេចបញ្ជាក់ថា បម្រាម “គច”នេះមិនបានដាក់បាន ដោយបទបញ្ជារបស់នាយករដ្ឋមន្រ្តីឡើយ គឺបម្រាម “គោលចរណ៍” ត្រូវតែមានច្បាប់ ហើយច្បាប់នោះ នឹងត្រូវដាក់ចេញជាវិធានការមួយក្នុងចំណោមវិធានការ ផ្សេងៗទៀត ទាក់ទងជាមួយការធ្វើដំណើរ ដែលមានចរឹច ជាបម្រាម “គោលចរណ៍” នៅក្នុងពេលយប់។
ជាមួយគ្នានេះសម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ័យខ្លាច ចំពោះ ការបង្កើតច្បាប់ “ដាក់ប្រទេសក្នុងគ្រាមានអាសន្ន” ។សម្ដេចបញ្ជាក់ថា សម្ដេចមិនចង់ បង្កើតច្បាប់នេះឡើងឡើយ លុះត្រាតែប្រទេស ទ្រទ្រង់សភាពការណ៍លែងបាន ទើបដាក់ប្រកាសជាផ្លួវការ ប្រើប្រាស់ “ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន” នេះផងដែរ៕

ដោយ៖ធី លីថូ

To Top