នយោបាយ

Full story: នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យបិទកាស៊ីណូ ផ្អាកនាំចេញ ស្រូវ-អង្ករ និងបន្ដរឹបអូស ឧបករណ៍ធ្វើតេស្តរកវីរុស កូវីដ-១៩ ដាក់លក់ខុសច្បាប់ យកទៅបំផ្លាញចោល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង កូវីដ-១៩ ព្រមទាំង ផ្អាកការនាំចេញ ស្រូវ-អង្ករ របស់កម្ពុជា ទៅក្រៅប្រទេស ជាពិសេស សមត្ថកិច្ចត្រូវបន្ដរឹបអូសយក ឧបករណ៍ធ្វើតេស្តរកវិរុស កូវីដ-១៩ ដែលដាក់លក់ខុសច្បាប់ យកទៅបំផ្លាញចោល ពីព្រោះឧបករណ៍ទាំងនេះ មិនទទួលស្គាល់ពីអង្គការ សុខភាពពិភពលោកទេ។

គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងវីរុស កូវីដ-១៩ (Covid-19) នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ ១០៧នាក់ ក្នុងនោះ អ្នកជាសះស្បើយ ក៏កើនឡើងដល់ ២៣នាក់ ផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់សម័យប្រជុំ រដ្ឋសភា នីតិកាលទី៦ នៅវិមានរដ្ឋសភា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៊ីណូទាំងអស់នៅកម្ពុជា ជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី១ មេសា ខាងមុខតទៅ ដើម្បីការពារទប់ស្កាត់ការរីករាលដាល កូវីដ-១៩។

សម្ដេច មានប្រសាសន៍ថា «ចេញបទបញ្ជាឲ្យបិទកាស៊ីណូទាំងអស់ ចាប់ពីម៉ោង ២៣៖៥៩ នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ ។ ហេតុអ្វី? បានជាយើងទុកពេលរហូតទៅដល់ ថ្ងៃទី១ ខែមេសា មិនចូលជាធរមានយប់នេះតែម្ដង (យប់ថ្ងៃទី៣០ មីនា) បញ្ហាមិនត្រង់អ្នកលេងល្បែងទេ ស្ថិតនៅត្រង់បញ្ហា ថៅកែកាស៊ីណូ ត្រូវដោះស្រាយជាមួយនឹង កម្មកររបស់ពួកគេ»។

សម្ដេចរៀបរាប់ថា បើសិនកម្ពុជាបិទកាស៊ីណូភ្លាមៗ ថៅកែកាស៊ីណូរត់ទៅបាត់ អ្នកណាទទួលខុសត្រូវចំពោះ បុគ្គលិក? ដែលគ្មានការងារធ្វើក្នុងកាលៈទេសៈ កូវីដ-១៩ កំពុងកើនមានឡើងនៅកម្ពុជា ។ សម្ដេច ស្នើឲ្យម្ចាស់កាស៊ីណូទាំងអស់ ត្រូវដោះស្រាយជាបុគ្គលិក ក្នុងរយៈពេលនៃការជាបណ្ដុះអាសន្ន ។ ហើយចំពោះការបើកកាស៊ីណូឡើងវិញ សម្ដេច នឹងចេញលិខិត នៅពេលវេលាសមស្រប់ណាមួយ ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ត្រូវធ្វើការងារជាមួយនឹងម្ចាស់កាស៊ីណូទាំងអស់ នៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាជាមួយបុគ្គលិក។

ដើម្បីឆ្លើយតបទៅនឹង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្រសួងសេដ្ឋកិច្ច បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី៣០ មីនា ស្ដីពី ការដាក់ចេញវិធានការមួយចំនួន រួមមាន ៖ទី១- ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ចាប់ថ្ងៃទី១ មេសា តទៅរហូតដល់មានការជូនដំណឹងជាថ្មី ទី២-ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែង ចាប់ពីថ្ងៃទី១ មេសា តទៅ រហូតដល់ថ្ងៃអនុញ្ញាត បើកដំណើរការអាជីវកម្មឡើងវិញ និងទី៣-ក្នុងករណីអនុវត្តផ្ទុយពីការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងចាត់វិធានការតាមច្បាប់ជាធរមាន។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រី នៃកម្ពុជា អំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឲ្យទិញ ឬកុំជឿ ឧបករណ៍ធ្វើតេស្តខ្លួនឯង រកវីរុស កូវីដ-១៩ ដែលអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា មិនទទួលស្គាល់។នាយករដ្ឋមន្ដ្រី ឲ្យភាគីពាក់ព័ន្ធ បន្ដរុករកបន្ថែមទៀត កុំឲ្យមានចរាចរនៅកម្ពុជា។

នាយករដ្ឋមន្ដ្រី បានថ្លែងថា «ហើយគួរត្រូវបំផ្លាញចោលតែម្ដង ហើយសូមអំពាវនាវ ចំពោះអាជីវករទាំងឡាយ មិនប្រាកដ កុំបង្កើតបញ្ហាប្រជាជនកំពុងរង់គ្រោះស្រាប់ ទៅលើបញ្ហា កូវីដ-១៩។ចឹង ឧបករណ៍ធ្វើតេស្តនេះ វាមិនអាចទៅរួមទេ? សូមបងប្អូនប្រជាពលរដ្ឋរបស់យើង កុំចាញ់បោកអ្នកណាឲ្យសោះ សូម្បីតែវិទ្យាស្ថានប៉ាស្ទ័រ ក៏ត្រូវរង់ចាំរាប់ម៉ោង អាចដឹងអំពីលទ្ធផល ហេតុអ្វី? បានជា ឧបករណ៍ធ្វើតេស្ត ចាក់ហើយថា មានរោគ ឬមិនមានរោគ ចំណុចនេះសូមឲ្យអាជីវករមួយចំនួន គឺត្រូវមានការយកចិត្តទុកដាក់ កុំឲ្យប្រជាជនរងគ្រោះដោយសារយើង ហើយសូមកុំឲ្យបំផុស ថ្នាំលើបទៅជា ថ្នាំនោះលើបទៅជា»។

នាយករដ្ឋមន្ដ្រី បញ្ជាក់ថា នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយ ឬអង្គការសុខភាពពិភពលោក ក៏មិនទាន់អះអាងថា មានវ៉ាកសាំងការពារជំងឺ កូវីដ-១៩ ទេ។

នាឱកាសធ្វើសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យផ្អាកការនាំចេញ អង្ករ ស និងស្រូវ ទៅក្រៅប្រទេស ដើម្បីផ្គត់ផ្គង់ក្នុងស្រុក តែអនុញ្ញាតឲ្យនាំចេញអង្ករក្រអូប ដោយអនុវត្តចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះ «យើងនឹងហាមឃាត់ការនាំចេញអង្ករ អង្ករ ស និងស្រូវ ទៅកាន់ប្រទេស ភាគច្រើននាំទៅប្រទេសជិតខាង គឺនាំទៅវៀតណាម និងនាំទៅថៃ ។ ចឹងដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក យើងត្រូវរក្សាទុក នៅស្រូវទាំងនេះ អង្ករ ស និងស្រូវ ទាំងនេះ»។

សម្ដេចតេជោ រៀបរាប់ថា កម្ពុជាអនុញ្ញាត្តឲ្យនាំចេញនូវ អង្ករក្រអូប ដោយសារអង្ករក្រអូប វាមិនមានចំនួនច្រើន ហើយក៏មិនមានតម្រូវការក្នុងស្រុកច្រើនដែរ។សម្ដេចតេជោថា ដោយសារតែប្រជាជនខ្មែរភាគច្រើន ប្រើប្រាស់អង្ករធម្មតា ខុសពីអង្ករក្រអូប ដែលនាំទៅកាន់ទីផ្សារ អឺរ៉ុប ចិន និងប្រទេសមួយចំនួនទៀត ខណៈអង្ករក្រអូបប្រជាជនខ្មែរ មិនប្រើប្រាស់ឡើយ ភាគច្រើនប្រជាជនខ្មែរ នៅតាមមូលដ្ឋានប្រើប្រាស់ អង្ករធម្មតា។

ដោយៈ អេង ប៊ូឆេង

To Top