ព័ត៌មានជាតិ

សូមពលរដ្ឋប្រុងប្រយ័ត្ន បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈពីថ្ងៃ១-៧ មេសា នឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ដល់៧ ខែមេសា ឆ្នាំ២០២០ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនានេះ បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាបន្ត សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលជ្រលង សម្ពាធទាប នៅលើផ្ទៃដីជាមួយនឹងខ្យល់បក់មកពី សមុទ្រចិនខាងត្បូងនោះ បានធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា ២៤ដល់២៧អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី ៣៤ដល់៣៧អង្សាសេ។

ក្រសួងបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី២ដល់៦ខែមេសានៅបណ្ដាលខេត្ត នៅតំបន់វាលទំនាបភាគកណ្ដាល និងភាគពាយ័ព្យនឹងអាចមានភ្លៀង នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ ចំណែកបណ្ដាខេត្តដទៃទៀតនឹងអាចមានភ្លៀងតិច។

ចំណែកបណ្ដាខេត្ត នៅខ្ពង់រាបឥសាន្តវិញ នឹងមានសីតុណ្ហភាពអប្បបរមាមានពី ២៤ដល់២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣២ដល់៣៤អង្សាសេ ។ ហើយចាប់ពីថ្ងៃទី២ដល់៧មេសា ផ្នែកមួយចំនួននឹងអាចមាន ភ្លៀងនៅក្នុងកម្រិតខ្សោយទៅមធ្យម។

ដោយឡែកបណ្ដាខេត្ត នៅតំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា ២៥ដល់ ២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន ពី៣៣ ដល់ ៣៥ អង្សាសេ។ ហើយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមេសានៅក្នុងកម្រិតពីតិច ទៅបង្គួរ ក្នុងនោះផ្នែកមួយចំនួន នៃខេត្តកោះកុង និងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិត ពីមធ្យមទៅបង្គួរ។

ចំពោះស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹកនិងឧតុនិយម ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលនឹងអាច កើតមានចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមេសាផងដែរ៕

To Top