Covid-19

លោក ប៉ាវ ស៊ីណា អំពាវនាវដល់ម្ចាស់ផ្ទះជួល ឲ្យជួយបញ្ចុះតម្លៃ ដល់កម្មករដែលត្រូវព្យួរការងារ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា
អំពាវនាវដល់ម្ចាស់ផ្ទះ/បន្ទប់ជួល មេត្តាជួយសម្របសម្រួលបញ្ចុះតម្លៃដល់បងប្អូនកម្មករនិយោជិត ដែលត្រូវបានព្យួរការងារ ដោយសារតែរោងចក្រ ខ្វះវត្ថុធាតុដើមសម្រាប់ ផ្គត់ផ្គង់ចង្វាក់ផលិតកម្ម ហើយក្រុមហ៊ុនអ្នកបញ្ជាទិញ នៅលើពិភពលោកដកការកុម្ម៉ង់ទិញបណ្ដាលមកពីស្ថានភាព រីករាលដាលជាសកលនៃវីរុស COVID-19។

ការអំពាវនាវរបស់លោក ប៉ាវ ស៊ីណា បែបនេះ ធ្វើឡើងបន្ទាប់ពីមានកម្មករនិយោជិតកាន់តែច្រើន ត្រូវបានរោងចក្រព្យួរការងារ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់ ជីវភាពរស់នៅរបស់ពួកគាត់។

បើតាមលោក ប៉ាវ ស៊ីណា កម្មករនិយោជិតដែលត្រូវបានព្យួរការងារទាំងនោះ ទទួលបានតែ ៤០ភាគរយ នៃប្រាក់ឈ្នួលគោល គឺស្មើនឹង ៧៦ ដុល្លារតែប៉ុណ្ណោះ ហើយស្ថានភាពបច្ចុប្បន្ននេះ បានធ្វើឲ្យតម្លៃទំនិញគ្រប់មុខឡើងថ្លៃហួសពីការស្មាន។ ដូច្នេះ បើសិនម្ចាស់ផ្ទះជួលទាំងឡាយ អាចជួយសម្របសម្រួល បញ្ចុះតម្លៃជូនកម្មករនិយោជិត បានក្នុងកម្រិតណាមួយនោះ ក៏ជាការចូលរួមរំលែកបន្ទុកចំណាយរបស់ពួកគាត់បានមួយចំណែកដែរ។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី៣១មីនានេះថា ចំនួនតួលេខនៃការព្យួរការងារ នឹងមានការកើនឡើងជាបន្ទបន្ទាប់ទៀត ខណៈដែលអ្នកបញ្ជាទិញមួយចំនួន បានឲ្យរោងចក្រផ្អាកបញ្ជូនទំនិញ ទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូច្នេះចំនួនកម្មករនិយោជិត ដែលរងផលប៉ះពាល់ គឺមានចំនួនកាន់តែច្រើនឡើង។

គួរជម្រាបជូនថា បន្ទាប់ពីរកឃើញអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់មក រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធនានា បានសម្រេចប្រកាសបិទសាលារៀន ក្លឹបកម្សាន្ត រោងភាពយន្តនានា ការធ្វើពិធីជួបជុំតាមបែបសាសនាហើយចុងក្រោយគឺការប្រកាសបិទ កាស៊ីណូទូទាំងប្រទេស ត្រឹមយប់ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០៕

To Top