Covid-19

ក្រសួងអប់រំ ណែនាំដល់មន្ត្រីខ្លួន មិនឲ្យមានការរៀបចំ កិច្ចប្រជុំណាមួយមានមនុស្សលើសពី ១០នាក់

ភ្នំពេញ៖ ដើម្បីចួលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩នោះក្រសួងអប់រំយុវជន និងកីឡាបានណែនាំដល់មន្ត្រីដោយមិនអនុញ្ញាតឲ្យមានការរៀបចំកិច្ចប្រជុំ ណាមួយមានមនុស្សលើស ពី១០នាក់នោះទេ។

យោងតាមសេចក្តីណែនាំ ស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩នោះ ចេញផ្សាយនៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ក្រសួងអប់រំយុវជ និងកីឡា បានលើកយ៉ាងដូច្នេះថា ដើម្បីចូលរូមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩និងស្របតាមការអនុវសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំ ដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដូចជា៖

១.រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយ សូមរៀបចំនិងអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ និងរក្សាបានស្តង់ដារអនាម័យរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។

២.រៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់កម្មវិធីព័ត៌មាន វិទ្យាមួយចំនួនដូចជា Zoom SoFtware ដែលជាកម្មវិធីសម្រាប់ ដំណើរការការប្រជុំពីចម្ងាយ ។ កម្មវិធីនេះអាចធ្វើការទំនាក់ទំនងគ្នាបាន ១០០នាក់។

ក្រសួងក៏បានឲ្យអង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមតាមដានជាប្រចាំការ ផ្សព្វផ្សាយបន្ថែមរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល៕

ដោយ៖ ស សំណាង

To Top