ព័ត៌មានជាតិ

កម្ពុជានាំចេញអង្ករជាង២៣ម៉ឺនតោន ក្នុងរយៈពេល៣ខែ ឆ្នាំ២០២០

ភ្នំពេញ៖សម្រាប់ត្រីមាសទី១ នៃដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួនប្រមាណជា ២៣០ ៩៤៨ តោន ដែលមានកំណើននាំចេញ ជាង៣៥% ក្នុងនោះទិសដៅនាំចេញមានទៅកាន់ ប្រទេសចិន ៤៤% ស្មើនឹង ១០១ ៣៤៥ តោន សហគមន៍អឺរ៉ុប ជាង៣០% ស្មើនឹង ៧០ ០៤០ តោន ប្រទេសនៅក្នុងអាស៊ាន ជាង ១២% ស្មើនឹង ២៨ ៧៩៩ តោន ហើយនិងនៅតាមបណ្តាប្រទេសផ្សេងទៀតបាននាំចេញ ជិត១៤% ស្មើនឹង ៣០ ៧៦៤ តោន។

យោងតាមរបាយការណ៍សង្ខេបការនាំចេញអង្ករកម្ពុជា របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងត្រីមាសទីមួយ និងខែមីនា ឆ្នាំ២០២០
ការនាំចេញអង្កររបស់ប្រទេសកម្ពុជា ក្នុងខែមីនា ឆ្នាំ២០២០ នេះមានបរិមាណចំនួន ៩៤ ៤៤៩ តោន គឺមានកំណើនជិត ១០% ធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០២០។ ហើយបើប្រៀបធៀបទៅនឹងខែមីនា ដូចគ្នា ក្នុងឆ្នាំ២០១៩ វិញ ឃើញថា មានកំណើននាំចេញរហូតដល់ ៦២% ស្របពេលដែលខែមីនា ឆ្នាំ២០១៩ បាននាំចេញត្រឹមតែ ៥៨ ៣៣៥ តោនតែប៉ុណ្ណោះ។

ដោយឡែករបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ខែដើម ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិទាំងផ្លូវការ និងក្រៅផ្លូវការបានជិត៣លានតោន។
ក្រសួងកសិកម្មបានបញ្ជាក់ថា តួលេខនៃការនាំចេញកសិផល នៅរយៈពេល៣ខែដំបូងនេះ ការកត់ត្រាការនាំចេញផ្លូវការ ដោយអគ្គនាយកដ្ឋានកសិកម្ម មានចំនួន១,៦៣៨,៣៣៨តោន និងក្រៅផ្លូវការមានចំនួន១,២៩៨,៦៥៤តោន។

បើតាមក្រសួងកសិកម្ម នៅរយៈពេល៣ខែមកនេះ កម្ពុជានាំចេញផ្លូវការ នូវអង្ករបានជាង២៣ម៉ឺនតោន, ដំឡូងមីប្រមាណ១.១លានតោន, គ្រាប់ស្វាយចន្ទី ជាង១២ម៉ឺនតោន, គ្រាប់ពោធជាង២.៥ម៉ឺនតោន, ផ្លែចេកស្រស់ជាង៧.៦ម៉ឺនតោន, ផ្លែស្វាយជាង២.៥ម៉ឺនតោន និងផលិតផលផ្សេងៗទៀត ជាង៤.៥ម៉ឺនតោន។
ដោយការនាំចេញក្រៅផ្លូវការមានដំឡូងមី និងស្រូវទៅកាន់ប្រទេសវៀតណាម មានចំនួន១,២៩៨,៦៥៤តោន។ទីផ្សារសម្រាប់កសិផលរបស់កម្ពុជា មានប្រទេសចិន អឺរ៉ុប អាមេរិក វៀតណាម ថៃ ជប៉ុន រុស្ស៊ី ឥណ្ឌា ប្រទេសសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀត៕

To Top