ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ជំរុញឲ្យដោះស្រាយ បញ្ហាកកស្ទះសំណុំរឿង ដើម្បីកាត់បន្ថយ ការចង្អៀតណែន ក្នុងពន្ធនាគារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យពន្លឿន ការដោះស្រាយបញ្ហា កកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយ ការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជា ការផ្ដល់យុត្តិធម៌ឲ្យបានឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្ដីការក្រសួងយុត្តិធម៌ នារសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា គ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្ដអនុវត្តនូវយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយផ្ដោចសំខាន់ លើការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារ និងការលើកកម្ពស់សេវាយុត្តិធម៌ ដោយបង្កើនប្រសិទ្ធភាពមន្ដ្រីអនុវត្តច្បាប់ និងយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ នៅក្នុងសង្គម។

សម្ដេចបន្ដថា ការពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ លើវិស័យយុត្តិធម៌ តាមរយៈការពង្រឹងវិន័យ និងការបំពេញវិជ្ជាជីវៈ របស់មន្ដ្រីតុលាការ ព្រមទាំងការលើកកម្ពស់ ការផ្ដល់សេវាយុត្តិធម៌ នៅតាមសាលាជម្រះក្ដី ប្រកបដោយតម្លាភាព ធានាបានូវយុត្តិធម៌តាមផ្លូវច្បាប់។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជំរុញការដោះស្រាយ បញ្ហាកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជួយកាត់បន្ថយ ការចង្អៀតណែននៅក្នុងពន្ធនាគារ ក៏ដូចជាការផ្ដល់យុត្តិធម៌ ឲ្យបានឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋ ។ តាមការគ្រោងទុក ក្រសួងយុត្តិធម៌ នឹងបើកយុទ្ធនាការមួយ ដើម្បីដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាជម្រះក្ដី នាពេលឆាប់ៗខាងមុខនេះ»។

សម្ដេចបន្ថែមថា ពង្រឹង និងលើកកម្ពស់ កម្មវិធីជំនួយផ្នែកច្បាប់ និងយន្ដការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ តាមរយៈការរៀបចំ ក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ ព្រមទាំងការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីបម្រើឲ្យយន្ដការនេះ ក្នុងគោលដៅកាត់បន្ថយ ការកកស្ទះសំណុំរឿង នៅតាមតុលាការ ព្រមទាំងពង្រឹងសុខដុមរមនីយកម្ម នៅក្នុងសហគមន៍មូលដ្ឋាន។

សម្រាប់ទិសដៅយុទ្ធសាស្រ្ត ពាក់ព័ន្ធកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា គឺត្រូវផ្តោតសំខាន់លើការរៀបចំ ធនធានមនុស្ស ហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ និងការធ្វើទំនើបកម្មរចនាសម្ព័ន អង្គការចាត់តាំងតុលាការ ដើម្បីឲ្យស្របជាមួយ និងស្ថានភាពជាក់ស្តែងរបស់សង្គម។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា ដើម្បីឲ្យសម្រេចបាន នូវទិសដៅយុទ្ធសាស្រ្ត ដែលពាក់ព័ន្ធការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ គឺយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន ត្រូវបានដាក់ចេញដូចខាងក្រោម ៖
ទី១-ការរៀបចំធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងស្ថាប័នតុលាការ៖ រួមមានប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភផ្សេងៗ ការពង្រឹងគុណភាព សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ភាពស្អាតស្អំរបស់មន្រ្តីជាដើម។
ទី២-រៀបចំរចនាសម្ព័ន្ធ និងទំនើបកម្មស្ថាប័នៈ រួមានមានការធ្វើទំនើបកម្មរដ្ឋបាលតុលាការ ការដាក់ឲ្យដំណើរការតុលាការជំនាញ និងឧទ្ទរណ៍តំបន់ជាដើម។
ទី៣-ពង្រឹង និងកែលម្អដំណើរការនីតិវិធីរឿងក្តី និងយន្តការដោះស្រាយ វិវាទរបស់តុលាការ។
និងទី៤-ពង្រឹងការងារតាមដាន ត្រួតពិនិត្យ និងអធិការកិច្ចៈ រួមមានការពង្រឹងយន្តការអធិការកិច្ច របស់ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីធានាឲ្យមានការអនុវត្ត បានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព នូវយន្តការវិន័យ និងយន្តការច្បាប់ផ្សេងទៀត។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ជនជាប់ឃុំក្នុងពន្ធនាគារ នៅទូទាំងប្រទេស សរុបមានចំនួន ៣៨,៩៩០នាក់ ក្នុងនោះស្ដ្រី ២,៥៩៣នាក់ ដែលភាគច្រើន ជាបទល្មើសគ្រឿងញៀន៕ ដោយ ៖ អេង ប៊ូឆេង

To Top