ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយ ការដាក់លូ នៅចំណុចប្រឡាយ ត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជំរុញអោយដំណើរការរលូន និងត្រៀមលក្ខណៈអោយបានរួចរាល់ ក្នុងការរំដោះទឹកភ្លៀង នៅរដូវវស្សាខាងមុខនេះ ។
ក្នុងឱកាសការចុះពិនិត្យ មើលស្ថានភាពប្រឡាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ ពិសេស លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយ៉ាងណាចុះធ្វើការសម្របសម្រួល និងណែនាំប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះ អោយបានជោគជ័យ ទៅតាមគម្រោង ដែលបានគ្រោងទុក ដោយហេតុថា ប្រឡាយខាងលើនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក ចេញពីភូមិឋានរបស់ប្រជាពលរដ្ឋផ្ទាល់ ពិសេសនៅតំបន់ខាងជើង ព្រលានយន្តហោះភ្នំពេញ។
បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានជម្រុញអោយក្រុមការងារ នៃមន្ទីរសាធារណការរាជធានីភ្នំពេញ ស្តារក៏ដូចជាស្ថាបនាប្រឡាយនេះ ឲ្យបានលឿន ហើយចំពោះផលប៉ះពាល់ នឹងធ្វើការដោះស្រាយ តាមក្រោយ សំខាន់ គឺការស្ដារប្រឡាយនេះឲ្យរួចរាល់ ដើម្បីអាចរំដោះទឹក បាននៅរដូវវស្សាខាងមុខនេះ ។
គួរឲ្យដឹងថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញ ពីតំបន់មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ពីស្រុកអង្គស្នួលខេត្តកណ្តាល និងតំបន់ជុំវិញ ។
តាមការឲ្យដឹងបន្ថែម ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹក ផ្នែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ីនេះ គឺចាប់ផ្តើមពីប្រឡាយ ត្រពាំងជ្រៃ ប្រឡាយចម្ការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅ និងប្រឡាយអូរអាគុជ ដែលមានប្រវែង សរុបប្រវែង១៧.១០០ម៉ែត្រ ក្នុងនោះមានការងារ ដាក់លូជ្រុលមួយជួរ មានមុខកាត់ ២ម៉ែត្រគុណ នឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់ ១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវ ប្រវែង៧០០ ម៉ែត្រមួយចំហៀង ចាក់បេតុងឆ្អឹងដែក ពីលើគំរបដាក់លូ មានប្រវែង៥០០ម៉ែត្រ ទទឹង៣ម៉ែត្រកន្លះ ប្រវែង៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងប្រវែង៧០០ម៉ែត្រ ទទឹង១០ម៉ែត្រ ដែលមានផ្ទៃក្រឡា សរុប១៣៦៥០ម៉ែត្រការ៉េ និងការងារសាងសង់ស្ពានបេតុងមួយ ទីតាំងឆ្លងកាត់ប្រឡាយ ទួលសំពៅ (ស្ពានឱកាសខ្ញុំ) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញជំហានទី២៕