ភ្នំពេញ ៖ ឆ្នាំ២០២០នេះ ជាខួបលើកទី៥០ដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រើប្រាស់ថ្ងៃ៤មេសា ជាថ្ងៃកំណើត ដែលជាពេលវេលា សមស្របសម្រាប់ការបកស្រាយ ដើម្បីដោះស្រាយចម្ងល់ របស់ប្រជាពលរដ្ឋមួយចំនួនឆ្ងល់ថា ហេតុអី សម្ដេច មានថ្ងៃកំណើតពីរ និងថ្ងៃមួយណាជាថ្ងៃកំណើត ពិតប្រាកដ?
ដេីម្បីដឹងកាន់តែច្បាស់ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ថា “តាមពិតខ្ញុំ កើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោងចត្វាស័កព.ស២៤៩៦ ត្រូវនឹង ថ្ងៃអង្គារទី៥ ខែសីហា ឆ្នាំ១៩៥២”។
សម្ដេចតេជោ បន្ដថា “ហេតុអ្វីបានជាមានថ្ងៃ៤មេសា ជាថ្ងៃកំណើតទៅវិញ? ៥០ឆ្នាំមុន គឺនៅថ្ងៃ៤មេសា ១៩៧០ ខ្ញុំចូលព្រៃម៉ាគី ធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។
ពេលចូលដល់ជំរំ ក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើប្រវត្តិរូប។ខ្ញុំពុំចាំថ្ងៃខែកំណើតទេ ដូចនេះខ្ញុំបានយកថ្ងៃ៤មេសា ដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា១៩៥២”។
សម្ដេចតេជោ បន្ថែមទៀតថា “ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើតតាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ ៨ខែមករា១៩៧៩ ទើបដូរឆ្នាំមក១៩៥១វិញ។ ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១វិញ? បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧មករា១៩៧៩ថ្ងៃ ៨មករា១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះ ឡើង។ខ្ញុំត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងវ័យមិន ទាន់គ្រប់២៧ឆ្នាំផង”។
សម្ដេចតេជោ រៀបរាប់ថា ការដូរពីឆ្នាំ១៩៥២ មក១៩៥១មានហេតុផលចំនួន២ ៖ ទី១-អ្នកវាយអង្គុលីលេខវាយខុសហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ និងទី២-សម្ដេចមិនព្រមធ្វេីការកែតម្រូវដោយសារអាយុជាង២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀតដែលមានអាយុសុទ្ធតែជាង៤០ឬជាង៥០ឆ្នាំ។
សម្ដេចបញ្ជាក់ថា នៅពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤មករា ១៩៨៥ សម្ដេចក៏មិនព្រមកែ ទៀតដោយសារពេលនោះសម្ដេចក៏ទើបមានអាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេ នៅលើលោកនេះនាពេល នោះ។
បន្ថែមពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន លេីកឡេីងថា “នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសា ដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតា ជាតិសម្តេចព្រះនរោត្តមសីហនុ”៕ដោយ អេង ប៊ូឆេង