ភ្នំពេញ៖ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យអាជា្ញធរគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស ចុះគ្រប់គ្រងត្រួតពិនិត្យតានដាន កុំឲ្យមានការតម្លើងថ្លៃត្រី ខណ:មិនឲ្យនាំចេញត្រីទៅក្រៅប្រទេស។
កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនអោយនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាត្តអោយនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ប៉ុន្តែកាលពីម្សិលមិញថ្ងៃទី ៤ មេសា សម្តេចតេជោនាយករដ្ឋមន្រ្តី បានចេញបញ្ជាអោយផ្អាកការនាំត្រីចេញពីប្រទេសថែមទៀតផងដែរ ។
តាមបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ខ្ញុំសូមបញ្ជាអោយអាជ្ញាធរគ្រប់គ្រងនៅតាមទីផ្សារមិនអោយមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនអោយនាំត្រីចេញទៅលក់ នៅក្រៅប្រទេសឡើយ នៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស “។
ក្នុងឱកាសនោះសម្ដេចក៏បានចាត់ចែងឲ្យរោងចក្រផលិតមីក្នុងប្រទេស ដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។
ស្របជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានត្រៀមរៀបចំអោយរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។
សម្តេចសង្កត់ធ្ងន់ថា ទោះបីកម្ពុជាមិនទំនើបដូចប្រទេសគេ តែកម្ពុជា មានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺកម្ពុជាអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋបាន មិនអោយធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹម ក្នុងជីវិតឡើយ៕
ដោយ៖ធី លីថូ