Covid-19

នាយករដ្ឋមន្រ្តី ប្រកាសតម្លើងប្រាក់ឧបត្ថម្ភបន្ថែម ដល់ក្រុមគ្រូពេទ្យបំពេញការងារ ប្រយុទ្ធប្រឆាំងកូវីដ១៩, គ្មានពេទ្យណាម្នាក់ឆ្លងទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសតម្លើងប្រាក់ឧបត្ថម្ភបន្ថែម ដល់ក្រុមគ្រូពេទ្យ និងផ្តល់ភាពកក់ក្តៅ ក្នុងពេលបំពេញបេសកកម្មការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ខ្ញុំសូមប្រកាសតម្លើងប្រាក់ឧបត្ថម្ភបន្ថែម និងផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រូពេទ្យក្នុងពេលបំពេញការងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវី១៩”។

កាលពីថ្ងៃទី ៤ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាអោយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភបំប៉ន ដល់ក្រុមគ្រូពេទ្យនៅជួរមុខដែលកំពុងបំពេញបេសកកម្មពិនិត្យព្យាបាលជំងឺឆ្លងកូវីដ១៩។

ក្នុងឱកាសនេះដែរសម្ដេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីទាំងពីររូបខាងលើ ត្រូវរៀបចំធ្វើអោយបានឆាប់ ព្រោះក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺក្រុមគ្រូពេទ្យទាំងនោះមិនមានឱកាសបាននៅជិតប្រពន្ធកូនទេ នេះគឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំអោយក្រុមគ្រូពេទ្យទាំងនោះ មានការពិបាកខ្វល់ចិត្តក្នុងការគិតគូរទៅដល់ក្រុមគ្រួសារនៅឯផ្ទះ ហើយកាន់តែមានភាពហ្នឹងហ្នរចិត្ត និងលទ្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសុវត្ថិភាពរបស់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារជួរមុខប្រឆាំងនឹងជំងឺឆ្លងកូវី-១៩ ទាំងសម្ភារៈ និងបរិក្ខារពេទ្យចាំបាច់នានាសម្រាប់គ្រូពេទ្យ គឺត្រូវត្រៀមបម្រុងទុកអោយមានប្រើប្រាស់គ្រប់ៗគ្នា ហើយនេះជាការចាំបាច់ ព្រោះសម្ដេចមិនអាចអោយគ្រូពេទ្យណាម្នាក់ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវរបស់សម្ដេចនោះទេ៕

ដោយ៖ ធី លីថូ

To Top