ព័ត៌មានជាតិ

កម្ពុជាកំពុង រៀបចំឯកសារ ដាក់បញ្ចូលប្រាសាទ មួយចំនួនទៀត ចូលក្នុងសម្បត្តិ បេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ បានអះអាងថា ក្រសួងបាន និងកំពុងរៀបចំឯកសារ ស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលប្រាសាទនានា មួយចំនួនទៀត ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដោការងារបន្ត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងថា “ក្នុងហ្នឹងដែរ ដែលការងាររៀបចំឯកសារ បេតិកភណ្ឌជាតិ ដើម្បីដាក់ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ យើងនៅតែមានបន្ត ជាការលើកស្ទួយយើងមានបន្ត ដាក់បញ្ជូលទៀតគេហៅថា បញ្ជីត្រៀម ខ្ញុំបាទមិនបញ្ជាក់ទៅលើ បេតិកភណ្ឌរូបីណាខ្លះ ឬអរូបីណាខ្លះ នាពេលនេះទេ ប៉ុន្តែយើង បានរៀបចំបញ្ជីត្រៀម ហើយដាក់ផ្ញើទៅអង្គការយូណេស្កូ ដើម្បីយើងរៀបំឯកសារ ប្រើរយៈពេល១ឆ្នាំ២ឆ្នាំឬ៣ឆ្នាំ ទៅតាមទិដ្ឋភាពជាក់ស្ដែង ដើម្បីបញ្ចូលបេតិកភណ្ឌជាតិរបស់យើង ដែលមានសក្តានុពល ដែលមានកិត្យានុភាព មានភាពឯកនោះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅពេលអនាគត។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបានរៀបចំឯកសារ ជាបណ្ដើរៗហើយ ដោយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងដាក់តម្កល់ឯកសារទាំងនោះ នៅអង្គការយូណេស្កូផងដែរ។ ក្នុងឱកាសនោះ លោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៩កន្លងទៅក្រុមការងាររបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានធ្វើការជួសជុលប្រាសាទ ដែលមានលក្ខណៈទ្រុឌទ្រោម បានចំនួន១៧ ប្រាសាទ។

លោកបន្ថែមថា “ក្នុងនោះដែរ ការងារអភិរក្ស យើងបានធ្វើការជួសជុល នៅពេលនេះ គឺបានប្រាសាទ ក្នុងឆ្នាំ២០១៩បានចំនួន១៧ប្រាសាទ នៅប្រាសាទបន្ទាយឆ្មារ ប្រាសាទថ្កោល នៅភ្នំជីសូរ្យ តាព្រហ្ម ទន្លេបាទី ប្រាសាទឯកភ្នំ ប្រាសាទបាកាន បាខែង បាខ័ន ប្រែរូប ព្រះគោ ប្រាសាទ បន្ទាយសម្រែ ប្រាសាទអកយំ ប្រាសាទព្រះខ័ន ជាដើម-ល-។ ស្ថិតនៅក្នុងដែន នៃកិច្ចការ អគ្គបេតិកភណ្ឌផង និងការងាររបស់អាជ្ញាធរអប្សរា ដែលលោកបាន រៀបចំនិងការជួសជុល ហើយការជួសជុលថែទាំ នេះទៀតសោត យើងផ្តោតទៅលើការថែទាំ ជួសជុលទៅលើផ្នែកខ្លះ នៃប្រាសាទទាំងមូល ទាំងមូលយើង មិនបានធ្វើទាំងអស់តែម្ដងទេ យើងធ្វើ តាមផ្នែកៗ ដែលប្រឈមនិងគ្រោះថ្នាក់ ឬផ្នែកណាខ្លះដែល បានរលំធ្លាក់”។

ជាមួយគ្នានេះដែរ ទាក់ទងជាមួយភ្ញៀវទេសចរ ចូលមកទស្សនា នៅតាមរម្យនីយដ្ឋាន ក៏ដូចជាប្រាសាទនានាវិញ អ្នកនាំពាក្យបញ្ជាក់ថាក្នុង១ឆ្នាំ មានភ្ញៀវទេសចរជាង៣លាននាក់ ចូលទស្សនាផងដែរ។

លោកបន្ថែមថា “ក្នុងនោះដែរ សម្រាប់ឆ្នាំ២០១៩ហ្នឹង យើងឃើញថា ភ្ញៀវទេសចរ ដែលចូលទស្សនាតំបន់អង្គរ រម្យនីយដ្ឋាននានា ដូចនៅសំបូរព្រៃគុក ព្រះវិហារនិងក្រៅពីតំបន់ ដែលអាជ្ញាធរជាតិទាំងបី លោកគ្រប់គ្រង គឺជាវិសាលភាព ដែលរម្យនីយដ្ឋានទាំងអស់ហ្នឹង នៅក្នុងដែននៃការគ្រប់គ្រង របស់ក្រសួងវប្បធម៌ និងសារៈមន្ទីរជាតិ សារមន្ទីរមួយចំនួន ដែលយើងគិតថា កំណើននៃការចូលទស្សនាតំបន់ទាំងនោះ មានជាង៣លាននាក់ក្នុង១ឆ្នាំ ក្នុងហ្នឹងអង្គរ យើងស្រូបប្រហែលជា២លាននាក់ជាង”។ លើសពីនេះទៅទៀត លោកអះអាងថា ក្រសួងនៅតែមាន បញ្ហាប្រឈមមួយចំនួន ដែលត្រូវធ្វើការដោះស្រាយបន្ត។

លោកបន្ថែមថា “ការប្រឈមហ្នឹងខ្ញុំជឿថា អស់លោក លោកស្រីអ្នកសារព័ត៌មាន ប្រជាជនទាំងអស់យើងឃើញហើយ ការប្រឈមទៅលើការទប់ស្កាត់ ការរំលោភបំពាន ទៅលើដី ដែលជាបេតិកភ័ណ្ឌវប្បធម៌ ដោយការមិនយល់ដឹងផង ដោយការបំពានចង បានជារបស់ឯកជនប៉ុន្តែ កិច្ចការអ្វីក៏ដោយនៅក្នុងច្បាប់ ក្នុងរដ្ឋធម្មនុញ្ញក្នុងរដ្ឋប្បវេណី ព្រហ្មទណ្ឌ អីក៏ដោយក៏យើង មានការកំណត់ ការថែរក្សា គឺដីបេតិកភ័ណ្ឌហ្នឹងគឺត្រូវ ថែរក្សាជាទ្រព្យសម្បត្តិរបស់រដ្ឋ។ អីចឹងយើងអត់អាច យកទៅធ្វើអ្វីជាឯកជន ហើយក្នុងហ្នឹងដែរ យើងមានការប្រឈមច្រើន ហើយទាំងនៅក្នុងតំបន់ ដែលយើងបានចាត់ចូល ទៅក្នុងបេតិកភណ្ឌពិភពលោកផង នៅហ្នឹងតំបន់ផ្សេងៗទៀត ដែលកំពុងអភវឌ្ឍហ្នឹង គឺយើងប្រឈម នឹងការរំលោភបំពានទន្រ្ទានហ្នឹង”។

លោកបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩កន្លងទៅ ក្រសួងបានធ្វើការបង្រ្កាប ក៏ដូចជាដោះស្រាយ ករណីរំលោភបំពាន យកដីបុរាណ្យវិទ្យា (ដីរដ្ឋ) ពីជនខិលខូចមួយចំនួន បានចំនួន១៨ទីតាំង។

លោកបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងធ្វើច្បាប់មួយចំនួនបន្ថែមទៀត ដើម្បីទុកជាវិធានការ ការពារដោយប្រការណាមួយ ពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែមាន គំនិតអាក្រក់រំលោភបំពាន យកដីបុរាណ្យវិទ្យា(ដីរដ្ឋ) ធ្វើជាកម្មសិទ្ធិរបស់ខ្លួនផ្ទាល់នោះ៕ ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top