Covid-19

រាជរដ្ឋាភិបាល ប្រកាសមិនទុក ឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ឡើយ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមុខប្រកាសថា មិនទុកអោយប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយមិនបានដឹង ហើយមិនបានដោះស្រាយ ដោយសារជំងឺកូវីដ-១៩ នោះទេ។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា “យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយ ប្រជាពលរដ្ឋទៅតាម តម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់” ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជា ផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង។ កុំទុកអោយប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើល ប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារ អោយពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំអោយពួកគាត់ខ្វះ ស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការណ៍ មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗ ដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋ របស់យើងអោយបានទាន់ពេល។

តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការរៃអង្គាសមូលនិធិ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ បើយោងតាមការបញ្ជាក់របស់ សម្តេចតេជោ កាលពីថ្ងៃទី ៤ មេសា កន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជន ចូលរួមបរិច្ចាគផងនិង បូករួមទាំងថវិកាបៀវត្សរ៍ ដែលចូលរួមដោយ មន្រ្តីរាជការយើងផង។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោក៏សូមអរគុណដល់ សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែក បរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយសរុប ៥៣នាក់ ក្នុងចំណោមអ្នកជំងឺកូវីដ-១៩សរុប ១១៤នាក់ ៕

ដោយ៖ បាន ធារ៉ូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top