ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ទើបមកពីក្រៅប្រទេស សហការល្អជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាព និងចូលរួមបញ្ចៀសការឆ្លងជំងឺ កូវីដ-១៩ ជាយថាហេតុ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង ។
ក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមានការសង្ស័យ ពិសេសពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ហើយត្រូវបានដាក់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃក្រោមការតាមដានសុខភាពពីក្រុមគ្រួពេទ្យ នៅខេត្តព្រៃវែង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង កោតសរសើរក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពពលរដ្ឋ។
សម្ដេច សម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះទាំងការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តវិធានណែនាំដោយក្រសួងសុខាភិបាល។
សម្តេច ស ខេង មានប្រសាសន៍ថា “រំភើបរីករាយបន្ទាប់ពីបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលទើបវិលមកពីក្រៅប្រទេស មានស្មារតីចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពខ្លួនឯងផង និងចូលរួមបញ្ចៀសការឆ្លងជំងឺកូវីដ១៩ជាយថាហេតុណាមួយដល់ក្រុមគ្រួសារ សាញ់ញាតិ និងបងប្អូនក្នុងភូមិ”។
សម្ដេច បានចាត់ទុកការការចូលរួមសហការគ្នានេះថាផ្នែកមួយដ៏សំខាន់នៃការទប់ស្កាត់ការរាត្បាតជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក៕
ដោយ អេង ប៊ូឆេង