Covid-19

Covid-19៖ អូស្រ្តាលីនឹងធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្លួននៅកម្ពុជា តាមជើងហោះហើរ ពិសេសមួយ

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពី ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួន នៅកម្ពុជា តាមជើងហោះហើរ ពិសេសមួយ នៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន បានឲ្យដឹងថា ស្ថានទូតអូស្រ្តាលី បានឈានដល់ដំណាក់កាលចុងក្រោយ នៃការចរចារ ជើងហោះហើរ ពិសេសមួយ ទៅកាន់អូស្រ្តាលី នៅល្ងាចថ្ងៃអាទិត្យទី ១២ ខែមេសាឆ្នាំ ២០២០នេះ។ ជើងហោះហើរមួយនេះ នឹងត្រូវឈប់ដូរយន្តហោះ ក្នុងរយៈពេលខ្លីមួយ (short transit) នៅក្នុងប្រទេសជិតខាង មុនពេលបន្តដំណើរទៅកាន់ទីក្រុងស៊ីដនី ដោយរំពឹងថានឹង ទៅដល់គោលដៅ នៅព្រឹកថ្ងៃច័ន្ទទី ១៣ ខែមេសាឆ្នាំ ២០២០។

ក្នុងអំឡុងពេល Transit នៅប្រទេសជិនខាង អ្នកដំណើរទាំងឡាយ តម្រូវឲ្យនៅលើយន្តហោះ ប្រមាណជា ២ ម៉ោងតាមការកំណត់ របស់ប្រទេសនោះ។ ខណៈដែលកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនហោះហើរ កំពុងឋិតក្នុងដំណាក់ការពិភាក្សា យើងនៅមិនទាន់ អាចបង្ហាញពីអត្តសញ្ញាណ ក្រុមហ៊ុនអាកាសចរណ៍ ឬព័ត៌មានលម្អិត អំពីការចេញដំណើរ/ការទៅដល់ជាក់លាក់បានឡើយ។ ប៉ុន្តែក្រុមការងារយើង ចង់ជូនដំណឹងនេះ ឱ្យបានគ្រប់គ្រាន់ ដល់លោកអ្នកទុកជាមុន ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសមួយនេះ ហើយក៏ជាឱកាសសម្រាប់យើងប្រមូលតួលេខ ដើម្បីទាក់ទងនឹងក្រុមហ៊ុនអាកាសចរណ៍ មុនពេលចេញដំណើរ។ តម្លៃសំបុត្រមានចាប់ពីប្រហែល ៦៨២ ដុល្លារ សម្រាប់កៅអីថ្នាក់សេដ្ឋកិច្ច (ធម្មតា) ១៦២២ ដុល្លារសម្រាប់ថ្នាក់ជំនួញ រហូតដល់ ៣៨៦៨ ដុល្លារកៅអីពិសេស។ តម្លៃទាំងនេះរាប់បញ្ចូល ពន្ធទាំងអស់ ដែលអាចប្រែប្រួលបន្តិចបន្តួច ដោយសារអត្រាប្តូរប្រាក់។
ដោយអនុលោមតាមលក្ខខ័ណ្ឌ កំណត់របស់រដ្ឋាភិបាល អូស្រ្តាលី អ្នកដំណើរទាំងអស់ ពេលទៅដល់អូស្ត្រាលី ត្រូវបានតម្រូវឱ្យនៅដាច់ដោយឡែក នៅក្នុងសណ្ឋាគារ ដែលបានកំណត់នៅទីក្រុងស៊ីដនី ក្នុងរយៈពេល ១៤ ថ្ងៃ។
ប្រសិនបើអ្នកចង់ទិញសំបុត្រយន្តហោះ សម្រាប់ជើងហោះហើរ ដូចបានជម្រាបខាងលើ សូមផ្ញើអ៊ីមែលមក ឱ្យបានកាន់តែលឿន តាមដែលអាចធ្វើទៅបាន នៅត្រឹមម៉ោង ៥ល្ងាចថ្ងៃព្រហស្បតិ៍នេះ (ចំណងជើងអ៊ីមែល៖ ស្នើសុំទិញសំបុត្រ) ដោយបន្ថែមព័ត៌មាន ទាំងឡាយខាងក្រោម៖
• ឈ្មោះពេញ របស់អ្នកធ្វើដំណើរ (ឈ្មោះដូចមាននៅក្នុងលិខិតឆ្លងដែន)
• ថ្ងៃ ខែ ឆ្នាំកំណើត របស់អ្នកធ្វើដំណើរ
• លេខលិខិតឆ្លងដែន របស់អ្នកធ្វើដំណើរ
• លេខទូរស័ព្ទទំនាក់ទំនង
• សញ្ជាតិ (ប្រសិនបើមិនមែនជាពលរដ្ឋអូស្ត្រាលី)

នៅពេលដែលមានការបញ្ជាក់ជើងហោះហើរច្បាស់ មន្ត្រីផ្នែកលក់សំបុត្រយន្តហោះ នឹងទាក់ទងទៅអ្នកដើម្បី ទូទាត់ដោយកាតឥណទាន (Credit Card )។ ដើម្បីរក្សាចំនួនកៅអីអ្នកជិះឱ្យបានច្រើននិងកាត់បន្ថយហានិភ័យ “អវត្តមាន” ពីអ្នកធ្វើដំណើរ រាល់ការទូទាត់ថ្លៃចំណាយនេះ នឹងមិនអាចសងវិញបានឡើយ (លើកលែងតែករណីដែលជើងហោះហើរត្រូវបានលុបចោល)។

សូមចង់ចាំថា៖ សំបុត្រយន្តហោះទៅអូស្ត្រាលីលើកនេះ គឺសម្រាប់តែពលរដ្ឋអូស្ត្រាលី អ្នកមានសិទ្ធិស្នាក់នៅអូស្ត្រាលីអចិន្ត្រៃយ៍ ឬសមាជិកគ្រួសារផ្ទាល់របស់អ្នកទាំងនេះ។
ប្រសិនបើអ្នកមានបំណងធ្វើដំណើរជាមួយសមាជិកគ្រួសារដែលមិនមែនជាពលរដ្ឋអូស្ត្រាលី សូមមើលព័ត៌មានសំខាន់ៗ ដែលសរសេរអក្សរទ្រេត ខាងក្រោម នៅចុងបញ្ចប់នៃសារមួយនេះ។
ពលរដ្ឋដែលកក់សំបុត្រយន្តហោះទុកមុន ឬមានបំណងចង់កក់សំបុត្រយន្តហោះ ហើយកំពុងស្នាក់នៅក្រៅក្រុងភ្នំពេញ គួរតែប្តូរទីលំនៅមកភ្នំពេញជាបន្ទាន់។ ស្ថានទូតមិនអាចធានា ឱ្យមានការចូលទៅកាន់ ព្រលានយន្តហោះ បានឡើយសម្រាប់ពលរដ្ឋណា ដែលនៅខាងក្រៅរាជធានីភ្នំពេញ ពិសេសក្នុងករណី ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសភាពអាសន្ន មុនថ្ងៃអាទិត្យដែលបានកំណត់ ដែលការប្រកាសនេះ អាចពាក់ព័ន្ធនឹងការរឹតត្បិត ចលនាទាំងឡាយនៅក្នុងប្រទេសកម្ពុជា។ អ្នកដំណើរទាំងអស់នៅលើ យន្ដហោះនេះ នឹងត្រូវទទួលការពិនិត្យសុខភាព និងការវាស់សីតុណ្ហភាពផងដែរ មុនពេលឡើងយន្តហោះ។ ការត្រួតពិនិត្យសុខភាពនេះ គឺជាលក្ខខណ្ឌកំណត់ទុកមុន សម្រាប់ការធ្វើដំណើរ។

យើងលើកទឹកចិត្តឲ្យយក ឱកាសនេះ ចាកចេញពីកម្ពុជា ប្រសិនបើនោះជាបំណង ប្រាថ្នារបស់អ្នក។ នៅលើយន្ដហោះនេះ មានកៅអីចំនួន ២១០ ហើយយើងចង់ធានាឱ្យច្បាស់ ថារាល់កៅអីទាំងអស់ មានអ្នកអង្គុយពេញ ដោយមិនមាន កន្លែងទំនេរឡើយ។ កន្លែងអង្គុយនឹងត្រូវ បានបម្រុងទុក សម្រាប់អ្នកដែលកក់ទុកមុន តែក៏មានលទ្ធភាពពិសេស សម្រាប់អ្នកដំណើរ ណាដែលមានបញ្ហាសុខភាពផងដែរ។ អូស្រ្តាលី មិនមានផែនការរៀបចំ ជើងហោះហើរពិសេស ឥតគិតថ្លៃទេ (Charter Flight)។ អ្នកក៏ប្រហែលជា ធ្លាប់បានដឹងឮអំពី ជើងហោះហើរ ផ្សេងទៀតដែលអាចនឹង ត្រូវធ្វើដោយបុគ្គល ឯកជនឬក្រុមហ៊ុនណាមួយ។ជម្រើសដែលយើង កំពុងគូសបញ្ជាក់ខាងលើនេះ គឺជាការវិវត្តន៍ថ្មីបំផុត និងអាចទទួលបានពីជម្រើសផ្សេងទៀត ហើយមានការគាំទ្រពីរដ្ឋាភិបាល ពាក់ព័ន្ធរួចហើយទាក់ទង នឹងការអនុម័តជើងហោះហើរ។ ប្រសិនបើ អ្នកមិនអាចឆ្លៀតយកឱកាសនេះ អ្នកគួរតែងាកទៅរកជម្រើសហោះហើរ បែបពាណិជ្ជកម្ម ដែលអាចរកបានផ្សេងទៀត (នេះរួមបញ្ចូលទាំង ជើងហោះហើរ ANA តាមរយៈប្រទេសជប៉ុន រហូតដល់ថ្ងៃទី ១១ ខែមេសា) ។ ប្រសិនបើអ្នក មានបញ្ហាជាមួយ លិខិតឆ្លងដែន ឬប្រសិនបើអ្នកមាន សំណួរផ្សេងទៀត សូមទាក់ទងផ្នែក កុងស៊ុលភ្លាមតាមដែលអាចធ្វើបាន។

ដូចគ្នានឹងអ្វីៗទៀតដែរ នៅមានឱកាសតិចតួចខ្លះ ដែលអាចប៉ះពាល់ដល់ ការហោះហើរនេះ ប៉ុន្តែយើងនឹងផ្តល់ព័ត៌មាន លម្អិតដែលបានបញ្ជាក់ឱ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ៕

ដោយ៖បាន ធារ៉ូ

To Top