Covid-19

ក្រោយជាសះស្បើយ ពីជំងឺកូវីដ១៩ មន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ រៀបរាប់មូលហេតុនាំឲ្យឆ្លង និងសមត្ថភាពពេទ្យ ក្នុងការព្យាបាល

ភ្នំពេញ៖ ថ្ងៃនេះមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំធ្វើការដកស្រង់អត្ថបទដើមទាំងស្រុង ពីគេហទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា មកធ្វើការបង្ហាញជូនប្រិយមិត្ត ដែលតែងតែនិយមតាមដាន ព័ត៌មានឲ្យបានជ្រាបច្បាស់ពីដំណើរដើមទង នាំឲ្យមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ ឆ្លងជំងឺកូវីដ១៩ និងការព្យាបាល ។

ខាងក្រោមនេះ ជាការរៀបរាប់របស់មន្ត្រីខ្មែរម្នាក់ ដែលសះស្បើយពីជំងឺកូវីត១៩ ពីការព្យាបាល ការប្រើប្រាស់ថ្នាំ និងសមត្ថភាពពេទ្យ៖

ជាមន្ត្រីរាជការវ័យ៣៩ឆ្នាំ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ និងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានឆ្លងកាត់ការ ព្យាបាលជំងឺកូវីត១៩ រយៈពេល ៣សប្តាហ៍នៅមន្ទីរពេទ្យខ្មែរ-សូវៀត ។

១) ការឆ្លង និងអាការៈដំបូង៖ ករណីរបស់ខ្ញុំ គឺឆ្លងពីការពីចូលរួមសិក្ខាសាលា អន្តរជាតិនៅបារាំង ដែលមានអ្នកចូលរួមប្រហែល ៣០នាក់ ហើយសិក្ខាសាលាបានផ្អាកភ្លាមៗ ក្រោយបានដឹងថា ជនជាតិហ្វីលីពីនម្នាក់កើតជំងឺនេះ។ សិក្ខាកាមផ្សេងទៀតបានទាមទារធ្វើតេស្តិ៍ តែបារាំងមិនព្រមធ្វើអោយ ដោយសំអាងថា គ្មានអាការៈ។ សិក្ខាកាមបរទេសពីររូបផ្សេងទៀត ក៏បានប្រាប់យើងថា ពួកគាត់បានធ្វើតេស្តិ៍វិជ្ជមាន ដែរបន្ទាប់ពីទៅដល់ប្រទេសវិញ។

មកដល់ប្រទេសវិញ ជាវិធានការបង្ការ ខ្ញុំបានជួលខុនដូនៅដាច់ដោយឡែក ពីគ្រួសារអោយបានគ្រប់១៤ ថ្ងៃ។ មួយថ្ងៃក្រោយមក ពោលគឺ៧ថ្ងៃក្រោយ ពីខ្ញុំបានប្រាស្រ័យទាក់ទង ជាមួយអ្នកមានផ្ទុកវីរុស ទើបខ្ញុំមានអាការៈប្លែក ដកដង្ហើមញាប់ រាគ ប៉ុន្តែមិនក្តៅខ្លួន។ ថ្ងៃទីពីរនៅរាគទៀត ទោះមិនមានញ៉ាំអ្វីខុស ហើយស្រៀវស្រាញ តឹងក និងឡើងកម្តៅ។ គេងយប់ក្តៅរងា ហើយបែកញើស ឆាប់អស់កម្លាំង ចុករោយស្រពន់។ ខ្ញុំក៏ស្នើសុំការពិនិត្យនៅពេទ្យសូវៀត ហើយគេយកដងវែងដូចសំឡីត្បារត្រចៀក រុកចូលច្រមុះ និងបំពង់កខ្ញុំ ហើយយកសំណាករបស់ខ្ញុំទៅពិនិត្យ។ ក្រោយដឹងលទ្ធផលថាវិជ្ជមាន ដើម្បីរក្សាការសំងាត់ និងអត្តសញ្ញាណអ្នកជំងឺផង និងដើម្បីការពារសុខភាពសាធារណៈផង គេបានសាកសួរគ្រប់ចំណុចថា តើខ្ញុំបានជួបនរណា ទៅញ៉ាំបាយហាងណា។ល។ បន្ទប់ជួលខុនដូរបស់ខ្ញុំត្រូវបាន គេស្ទេរីលសម្លាប់មេរោគ ហើយអ្នកសំអាតបន្ទប់ក៏ត្រូវដាក់ក្នុងការតាមដាន។

២) ថ្នាំព្យាបាល៖ ថ្នាំសំខាន់ជាងគេគឺ Kaletra ដែលគេប្រើសម្រាប់ទប់ទល់នឹងវីរុស HIV ។ ថ្នាំនេះខ្លាំងអាចធ្វើទុក្ខក្រពះ ពិបាកគេង។ នៅថ្ងៃទីបី ពេទ្យបានអោយថ្នាំថ្មីបន្ថែមទៀតគឺ Chloroquine ដែលជាថ្នាំគ្រុនចាញ់ ដើម្បីកុំអោយវីរុសរីករាលដាល វាយលុកដល់សួត។ ថ្នាំទាំងពីរមុខនេះ មិនមែនជាថ្នាំព្យាបាលទេ គឺគ្រាន់តែជាថ្នាំទប់ទល់ កុំអោយមេរោគរីករាលដាលប៉ុណ្ណោះ។ ក្រៅពីនេះ គឺអោយថ្នាំអាស្រ័យលើអាការៈ បើក្តៅខ្លួនដាក់ Doliprane បើរាគដាក់ថ្នាំរាគ។

អ្នកជំងឺដែលមានអាការៈស្រាល គឺពេទ្យឱ្យប្រើតែ Kaletra ទេ តែខ្ញុំនិងបុរសជនជាតិបារាំងដែលមានបញ្ហាផ្លូវដង្ហើម ពេទ្យតម្រូវឱ្យប្រើថ្នាំ Chloroquine ថែមទៀត។ ពេទ្យឱ្យខ្ញុំប្រើថ្នាំ Chloroquine ១០ថ្ងៃ ដើម្បីឱ្យផុតដំណាក់កាល គ្រោះថ្នាក់នៃការរលាកសួត។ អាការៈនៃការរលាកសួតគឺមានបីព្រមគ្នា គឺក្តៅខ្លួនជាប្រចាំ ក្អក និងពិបាកដកដង្ហើម។ តែខ្ញុំពុំមានអាការៈក្តៅខ្លួនជាប្រចាំនោះទេ។

៣) អាការៈប្រចាំថ្ងៃ និងស្ថានភាពជំងឺ៖ អ្នកជំងឺពេលនោះមានប្តីប្រពន្ធ វ័យចំណាស់ជនជាតិអង់គ្លេស បុរសជនជាតិបែលហ្សិក និងបុរសជនជាតិបារាំង ២នាក់ និងបងប្អូនខ្មែរឥស្លាម៤នាក់។ អាការៈ និងរោគសញ្ញាគឺមិនដូចគ្នាទេ។ ក្នុងចំណោមអ្នកជំងឺទាំង ១០នាក់ មានតែខ្ញុំ និងបុរសជនជាតិបារាំងប៉ុណ្ណោះ ដែលមានបញ្ហាផ្លូវដង្ហើម ឯអ្នកផ្សេងទៀតហាក់ពុំមានអាការៈអ្វីគួរឱ្យកត់សម្គាល់នោះទេ។ ពួកគាត់មានតែក្តៅខ្លួនបន្តិចបន្តួច ឬពិបាកគេង ឬធ្វើទុក្ខក្រពះដោយសារថ្មាំប៉ុណ្ណោះ។

អាការៈជំងឺមានឡើងមានចុះ។ បន្ទាប់ពីចូលសម្រាកព្យាបាល អាការៈរបស់ខ្ញុំគឺតឹងក ហាក់ដូចជាមានសត្វល្អិតនៅរមាស់ក្នុងបំពង់ក។ ខ្ញុំពុំមានប្រវត្តិឈឺផ្លូវដង្ហើមពីមុនមកទេ។ សំលេងខ្ញុំចាប់ផ្តើមស្អក ហើយក្អករាល់ពេល ដែលខ្ញុំហាមាត់និយាយ។ អាចដកដង្ហើមចេញបាន តែមានការពិបាកក្នុងការដកដង្ហើមចូល។ បើដកចូលខ្លាំង នឹងក្អក ឬដូចចង់ថប់ដង្ហើម។ គេងរាបស្មើធម្មតាពិបាកដកដង្ហើម ទាល់តែដាក់គ្រែរាងបញ្ឈរបន្តិច ហើយគេងផ្អៀងក៏ពិបាកដកដង្ហើមដែរ។ ដោយសារឥទ្ធិពលថ្នាំផង ដោយសារមេរោគវាយលុកផង ជួនកាលធ្វើទុក្ខក្រពះពិបាកញ៉ាំ ជួនកាលពិបាកគេង ជួនទៅពេលគេងក្តៅត្រជាក់ បែកញើស។ ប៉ុន្តែពេទ្យមិនមានឱ្យតមអ្វីទេ ម្ហូបអ្វីក៏ញ៉ាំបានដែរ ឱ្យតែឃ្លាន។ ចំពោះកម្លាំងកំហែង ពេលខ្លះមានកម្លាំង ពេលខ្លះក៏ខ្សោយកម្លាំង។ អ្នកជំងឺផ្សេងទៀតដូចគ្នាដែរ។

នៅថ្ងៃទី១០ ពេលព្រឹកខ្ញុំហាក់មាន អារម្មណ៍ស្រឡះបំពង់ក។ ពេលនោះខ្ញុំអរខ្លាំងណាស់។ តែពេលរសៀលស្រាប់តែឈឺកឡើងវិញ។ ហេតុតែចង់ឆាប់ជា ថ្ងៃនោះខ្ញុំខំប្រឹងញ៉ាំច្រើន ឈរហាលថ្ងៃ៣០នាទីព្រឹក ៣០នាទីល្ងាច។ ដល់ប្រឹងជ្រុលពេកខ្ញុំបែរជាបាក់កម្លាំង ហើយស្ថានភាពធ្លាក់ចុះស្រិប។ ខ្ញុំពិបាកដកដង្ហើមទាល់តែ ប្រើអុកស៊ីសែនជំនួយ ហើយអស់កម្លាំងល្ហិតល្ហៃ ទាល់តែព្យួរសេរ៉ូមទើបមានកម្លាំងឡើងវិញ។ នេះគឺជាថ្ងៃដែលដុនដាបបំផុតសម្រាប់ខ្ញុំ។ បន្ទាប់ពីថ្ងៃនោះមក ខ្ញុំចាប់ផ្តើមថ្មមសុខភាពឡើងវិញ មិនបង្ខំញ៉ាំលើសកម្រិត ឬហាត់ប្រាណលើសកម្លាំង។ ខ្ញុំខិតខំស្តាប់អ្វីដែលរាងកាយទាមទារ។ ខ្ញុំខំញ៉ាំតិចៗតែច្រើនដង ហើយញ៉ាំនេះញ៉ាំនោះឱ្យមានអ្វីនៅក្នុងក្រពះជានិច្ច ដើម្បីរក្សាកម្លាំងជាប្រចាំ។ ព្យាយាមញ៉ាំទឹកច្រើនណាស់ ហាក់បីដូចជាការសំអាតបំពង់ក។ នៅពេលដែលយើងមានសុខភាពខ្សោយ ហើយនៅពេលមានសម្ពាធឈាមទាប ពេលខ្លះយើងអាចយល់សប្តិអាក្រក់។ មិនមែនតែខ្ញុំទេ ជនបរទេសទាំងនោះក៏និយាយដូចគ្នាដែរ។

ការរក្សាសុខភាព និងកម្លាំងឱ្យមានលំនឹងល្អ គឺមានសារៈសំខាន់។ មិនអាចបង្ខំតាមចិត្តដែលចង់ជានោះទេ។

៤) ការធ្វើតេស្តិ៍តាមដានមេរោគ៖ ដំបូង ពេទ្យបានប្រាប់ថា ធ្វើតេស្តិ៍បីថ្ងៃម្តង ហើយបើអវិជ្ជមានយកទៅដាក់កន្លែងផ្សេងតែម្តង ដើម្បីត្រៀមទទួលអ្នកវិជ្ជមានផ្សេងទៀត។ ក្រោយមក គេដូរគោលការណ៍មកពិនិត្យ ២ថ្ងៃម្តងវិញ។ ក្រោយពេលដែលធ្វើតេស្តិ៍ អវិជ្ជមានពីរដងជាប់គ្នា ទើបគេអនុញ្ញាតឱ្យចេញពីពេទ្យ ហើយក៏នៅបន្តតាមដានសុខភាព ២សប្តាហ៍បន្តទៀត។ ក្នុងរយៈពេលពីរសប្តាហ៍នេះក៏ត្រូវធ្វើតេស្តិ៍ម្តង ឬពីរដងទៀត ដើម្បីឱ្យប្រាកដថា លែងមានវីរុស។

លទ្ធផលតេស្តិ៍អវិជ្ជមានពីរដង ជាប់គ្នាគឺមិនមែនមានភ្លាមៗនោះទេ។ បើមើលអ្នកជំងឺជុំវិញខ្ញុំ បូកទាំងខ្លួនខ្ញុំផងគឺពួកយើងត្រូវ ការពេលវេលាប្រហែល៣សបា្តហ៍ ទម្រាំវីរុសទាំងនោះរលាយបាត់ទៅវិញ ដោយខ្លួនឯង អាស្រ័យទៅតាមភាពខ្លាំង និងភាពស៊ាំនៃប្រព័ន្ធ ការពាររាងកាយយើង និងរយៈពេលនៃការឆ្លងវីរុស។ អ្នកខ្លះអាចជាលឿន ឬយូរជាងនេះ ពោលគឺមិនអាចកំណត់ពេលវេលាជាក់លាក់នោះទេ។

៥) ការគ្រប់គ្រងសតិអារម្មណ៍៖ ដូចរៀបរាប់ខាងលើ លទ្ធផលតេស្តិ៍អវិជ្ជមាន ពីរដងជាប់គ្នាគឺមិនងាយនោះទេ ព្រោះពេលខ្លះអវិជ្ជមានម្តងហើយ តែធ្វើតេស្តិ៍លើកក្រោយវិជ្ជមាន វិញគឺជារឿងធម្មតាសម្រាប់អ្នកជំងឺកូវីត។ ដូច្នេះ ការធាក់ថយបែបនេះ ពេលខ្លះធ្វើឱ្យអ្នកជំងឺស្ត្រេសខ្លាំង។ ជនបរទេសដែលបារម្ភខ្លាចអត់យន្តហោះ ត្រឡប់ទៅស្រុកវិញ គឺពួកគាត់អន្ទះអន្ទែងខ្លាំងណាស់។ ស្រ្តីចំណាស់ជនជាតិអង់គ្លេសយំរាល់ថ្ងៃ។ បុរសជនជាតិប៊ែលហ្សិកស្រែកអាឡេអាឡូ ដោយមិនអាចគ្រប់គ្រងអារម្មណ៍ ខ្លួនឯងបាន។ បុរសជនជាតិបារាំងដែល គ្មានបញ្ហាសុខភាពអីសោះ ក៏អាចក្លាយទៅជាប្រកាច់ ដកដង្ហើមមិនដល់គ្នា ដោយសារការភ័យខ្លាច និងបារម្ភហួសហេតុដែរ។

ខ្ញុំក៏បានសួរពួកគាត់ថា តើមានប្រយោជន៍អ្វីដែលកម្ពុជា ត្រូវទុកអ្នកឯងនៅពេទ្យ បើសិនជាអ្នកឯងជាសះស្បើយពីជំងឺនោះ? ខ្ញុំថា បើនៅបារាំង គ្រាន់តែសុំគេធ្វើតេស្តិ៍ ក៏គេមិនធ្វើឱ្យផង។ ពួកគាត់ក៏ស្ងាត់មាត់។ ខ្ញុំមិនបាននិយាយបញ្ចប់ឃ្លាទេថា កម្ពុជាមើលពួកគាត់ដោយមិនគិតកម្រៃអ្វីទាំងអស់ ហើយកម្ពុជាក៏ត្រូវការ មើលថែប្រជាជនខ្លួនឯងដែរ។

ឃើញតេស្តិ៍អវិជ្ជមានហើយ វិជ្ជមានឡើងវិញរបស់ពួកគាត់ ខ្ញុំក៏ប្រាប់ខ្លួនឯងថា ខ្ញុំមិនខ្វល់ពីលទ្ធផលបណ្តោះអាសន្ននោះទេ គឺខ្ញុំចង់ស្តាប់តែលទ្ធផលអវិជ្ជមានពីរដងប៉ុណ្ណោះ។ ពេលដែលដឹងថា សុខភាពខ្លួនឯងមិនស្រួល ខ្ញុំសឹងតែមិនចង់ធ្វើតេស្តិ៍ផង។ សំខាន់បំផុតនោះគឺមិនមែនអន្ទះសារចង់ប្រញាប់ចេញពីពេទ្យនោះទេ។ ត្រូវគិតថា យូរប៉ុណ្ណាក៏ត្រូវទ្រាំដែរ ត្រូវនៅឱ្យទាល់តែជាសះស្បើយ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ និងសង្គម។ បងប្អូនខ្មែរឥស្លាមមានការគ្រប់គ្រងអារម្មណ៍បានល្អ តាមរយៈទម្លាប់បន់ស្រន់ជាប្រចាំរបស់ពួកគាត់។

ពួកបរទេសមានការរអ៊ូរទាំច្រើន ហើយត្អូញថា មិនមានគេមកសំអាតអនាម័យ។ អ្នកជំងឺខ្មែរយើងមិនរអ៊ូច្រើនទេ ហើយមានការគ្រប់គ្រង អារម្មណ៍ខ្លួនបានល្អ។ ពេលទំនេរខ្មែរយើងយកអំបោស និងក្រណាត់មកជូតសំអាត ធ្វើអនាម័យបន្ទប់សម្រាកព្យាបាល និងបន្ទប់ទឹក ដើម្បីបរិស្ថានស្អាតទាំងអស់គ្នា។ ដល់ឃើញខ្មែរធ្វើបែបនេះ ពួកបរទេសនោះក៏ចាប់ផ្តើមធ្វើតាមដែរ។ ពួកគេក៏គួរតែយល់ដែរថា នេះមិនមែនជាសណ្ឋាគារនោះទេ ហើយបុគ្គលិកក៏មិនមែនចេះតែ ចេញចូលមកបម្រើយើងគ្រប់តែពេលនោះដែរ។ បុគ្គលិកក៏មានការភ័យខ្លាច ការឆ្លងជំងឺនេះដែរ។

៦) អគារព្យាបាល៖ នៅក្នុងមន្ទីរពេទ្យ អ្នកជំងឺកូវីតត្រូវបានដាក់ ក្នុងអគារដាច់ដោយឡែក ដែលជាបរិវេណបិទជិត ហើយគ្មាននរណាអាចចូលបានទេ។ បរិវេណអគារចែកចេញជាបួនផ្នែក៖ បន្ទប់អ្នកជំងឺ បន្ទប់គ្រូពេទ្យ បន្ទប់សម្លាប់មេរោគ និងរានហាលសម្រាប់អ្នកជំងឺ ស្រូបខ្យល់អាកាស និងហាត់ប្រាណ។ បន្ទប់សម្លាប់មេរោគគឺនៅចន្លោះ កណ្តាលបន្ទប់គ្រូពេទ្យ និងអ្នកជំងឺ។ ពេលគ្រូពេទ្យចេញចូល ពួកគាត់ត្រូវពាក់ខោអាវ ការពារពីក្បាលដល់ចុងជើង ហើយចូលទៅក្នុងបន្ទប់នោះបាញ់ទឹកអាល់កុលទាំងពេលចូល ហើយចេញមកវិញ។ បន្ទប់អ្នកជំងឺមានតែមួយនៅរួមគ្នា មានគ្រែ១០។ គ្រូពេទ្យពន្យល់ថា បន្ទប់នេះមានការរចនាតាមបច្ចេកទេសសម្រាប់ប្រភេទជំងឺឆ្លង មានកង្ហារខ្យល់ចេញចូល មានភ្លើងកាំរស្មី UV សម្លាប់មេរោគ មានពេទ្យប្រចាំការ មើលតាមកាមេរ៉ា និងអាចឆ្លើយឆ្លងតាម ទូរស័ព្ទពេលមានតម្រូវការអ្វីមួយ។ ក្នុងមួយថ្ងៃ បុគ្គលិកគេចូលមក ៣លើក ដើម្បីតាមដានសុខភាព ផ្តល់ថ្នាំ ផ្តល់ម្ហូបអាហារ និងសំអាតអ នាម័យ។

៧) វិធានការបង្ការទប់ស្កាត់ និងការប្រុងប្រៀបសម្រាប់អាសន្នធំ បើពិនិត្យលើចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការតាមដានស្វែងរកអ្នកជំងឺ កម្ពុជាបានចាត់វិធានការត្រឹមត្រូវ។ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយ នឹងអង្គការសុខភាពពិភពលោក (WHO)។ ខ្មែរយើងឆែកករណីសង្ស័យបានច្រើន ហើយអត់គិតលុយទៀត។ បើនៅបារាំង គេមិនធ្វើតេស្តិ៍អោយផង ហើយក៏មិនមាននរណាមកសួរនាំ អ្នកដែលធ្លាប់បានប្រាស្រ័យ ទាក់ទងជាមួយអ្នកជំងឺដែរ។ ចំណែកកម្ពុជាវិញគឺ ខាងក្រសួងសួរខ្ទេចសួរខ្ទី ទៅជួបនរណាខ្លះ តាមសួរអ្នកជួបហ្នឹងទៀត មានអាការៈអីអត់។ សូម្បីតែអ្នកសំអាតបន្ទប់ខុនដូខ្ញុំ ក៏គេដាក់ក្នុងការតាមដាន ១៤ថ្ងៃដែរ។

មើលរបៀបក្រសួងខិតខំ ប្រមែប្រមូលខ្មែរឥស្លាម តាមរកអ្នកមានវីរុស គឺមានការដេញដោលសាកសួរច្រើនណាស់ ឆ្លងខេត្ត ឆ្លងក្រុង។ នេះគឺជាចំណាត់ការដ៏ល្អក្នុងការទប់ស្កាត់ និងបង្ការការរាតត្បាតជំងឺ។ ក្រសួងធ្វើការតាមដានល្អិតល្អន់ និងអត់ធ្មត់ណាស់។ ករណីខ្លះ ស្តាប់ទៅដូចតាមចាប់អញ្ចឹង ព្រោះអ្នកជំងឺគាត់គេចមិនចង់ចូលពេទ្យ។

ការលះបង់របស់បុគ្គលិកពេទ្យ នៅសមរភូមិជួរមុខគឺខ្ពស់ណាស់។ ក្នុងអំឡុងពេលមើលថែអ្នកជំងឺ ពួកគាត់មិនអាចជួបគ្រួសារបានទេ ហើយពេលចប់រយៈពេលមួយដែលត្រូវដូរវេន ពួកគាត់ត្រូវគេដាក់ដាច់ដោយឡែក១៤ថ្ងៃ ដើម្បីតាមដានសុខភាព មុនពេលអាចទៅរួមរស់ ដោយប្រក្រតីជាមួយក្រុមគ្រួសារគាត់វិញ។

បញ្ហារបស់យើងសព្វថ្ងៃ គឺនៅត្រង់ថា យើងខ្វះបុគ្គលិកពេទ្យ និងទីតាំងព្យាបាលមានស្តង់ដារបច្ចេកទេស និងមានអនាម័យ។ ទោះបីជាមន្ទីរពេទ្យសូវៀតមានស្តង់ដារខ្ពស់ក្តី តែការរៀបចំគឺមិនបានត្រៀមសម្រាប់ករណីធ្ងន់ធ្ងរនោះទេ។ ឧទាហរណ៍ ខ្ញុំមានបញ្ហាសួត ប៉ុន្តែ នៅក្នុងបន្ទប់ព្យាបាលមិនមានឧបករណ៍ថតសួត ហើយគេក៏មិនអាចយកខ្ញុំ ទៅថតសួតនៅអគារផ្សេងបានដែរ។ បន្ទប់ព្យាបាលក៏គួរមានអគារផ្សេង ដែលអាចដាក់អ្នកជំងឺ ដែលមានអាការៈធ្ងន់ធ្ងរ ឱ្យនៅដាច់ដោយឡែកដែរ។

បុគ្គលិកពេទ្យហាក់ពុំទាន់ មានទឹកដៃស្មើគ្នានៅឡើយ។ ពេទ្យខ្លះយកសំណាកឡើងឈាមច្រមុះអ្នកជំងឺ ពេទ្យខ្លះពុំទាន់ស្ទាត់ក្នុង ការយកសំណាកតាមបំពង់ក ពេទ្យខ្លះដោតម្ជុរខុសសរសៃ។ល។ តែនេះគ្រាន់តែជាករណីតិចតួចប៉ុណ្ណោះ។ យ៉ាងណាក្តី គួរមានការ ហាត់សមទាំងនៅក្នុងក្រុង និងតាមទីជនបទ ដើម្បីត្រៀមបម្រុងពេលមានគ្រោះអាសន្នធំ ដែលត្រូវការបុគ្គលិកពេទ្យច្រើន បូករួមទាំងបុគ្គលិកបម្រុង ដើម្បីការពារពលរដ្ឋផង និងបុគ្គលិកពេទ្យផង។ នៅពេលដែលមានការហ្វឹកហ្វឺនច្បាស់ ពួកគាត់នឹងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការធ្វើការងារដោយស្មើដៃគ្នា ហើយពលរដ្ឋក៏មានទំនុកចិត្តដែរ។

ក្តីបារម្ភធំបំផុតនោះគឺស្តង់ដារបច្ចេកទេស និងកម្រិតអនាម័យកន្លែង ព្យាបាលនៅទីជនបទ។ នេះពិតជាមិនមែនជារឿងសាមញ្ញនោះទេ ហើយទាមទារឱ្យមានការត្រៀមខ្លួន តាមសេណារីយ៉ូ តាមដំណាក់កាលផ្សេងៗ និងការរៀបចំបំពាក់បរិក្ខារបច្ចេកទេស ដោយមានផែនការល្អិតល្អន់ជាមុន។

“មិនអីទេនិយម” គឺជាគ្រោះថ្នាក់ ហើយ “ស្លន់ស្លោនិយម” ហាក់បីដូចជាពិភពលោកនេះរលាយរលត់ ក៏គ្រោះថ្នាក់ដូចគ្នា។ ដូច្នេះ យើងត្រូវប្រឈមនឹងការពិតថា ការរាតត្បាតនៃជំងឺកូវីតគឺមានហានិភ័យខ្ពស់ ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវមានផែនការត្រៀមល្អិតល្អន់ ដើម្បីជៀសវាងភាពស្លន់ស្លោ ពេលអាសន្នធំមកដល់។ ការត្រៀមទាំងឡាយគឺត្រូវមាន ការសហការទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ។ ពលរដ្ឋគ្រប់រូបត្រូវដឹងថា ជំងឺនេះគឺអាចព្យាបាលជាសះស្បើយ ហើយករណីមធ្យម និងធ្ងន់មានតិចតួចណាស់។ ពលរដ្ឋត្រូវមានទំនុកចិត្តលើ សមត្ថភាពព្យាបាលរបស់ពេទ្យខ្មែរ។ ពលរដ្ឋត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការគ្រប់គ្រង និងតាមដានសុខភាពផ្ទាល់ខ្លួន មិនត្រូវឆោឡោ ស្តាប់តាមព័ត៌មានមិនពិត ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ ៕

ដោយ៖ មន្ត្រីរាជការខ្មែរ នៅរាជធានីភ្នំពេញ

To Top