ព័ត៌មានជាតិ

ក្រោយកម្ពុជា ប្រកាសបើកចំហទទួល ធ្វើសមយុទ្ធជាមួយអាមេរិក រដ្ឋមន្ត្រីការបរទេសអាមេរិក ទូរស័ព្ទមកសន្ទនាជាមួយសម្ដេចតេជោ

ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ ធ្វើសមយុទ្ធយោធាជាមួយ សហរដ្ឋអាមេរិកនៅកម្ពុជា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានទូរស័ព្ទមកសម្ដេច ដើម្បីសម្ដែងការអបអរសាទរ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអាស៊ាន ជាពិសេសក៏បាននិយាយពីបញ្ហាកូវីដ១៩ផងដែរ ។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ មេសា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហ ទទួលស្វាគមន៍ធ្វើសមយុទ្ធ ជាមួយអាមេរិក ជាពិសេសមិនថាតែជាមួយអាមេរិកនោះទេ ចំពោះបណ្ដាប្រទេសក្នុងសកលលោក ក៏កម្ពុជាស្វាគមន៍ទទួលធ្វើសមយុទ្ធជាមួយដែរ ប៉ុន្តែរ៉ាប់រងការចំណាយ និងជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍ សម្រាប់កម្ពុជា ។

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៨ មេសានេះ បានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលជួបសន្ទនា តាមទូរស័ព្ទជាមួយលោក Mike Pompeo រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ។

ក្នុងកិច្ចសន្ទនានោះ សម្តេចតេជោ និងលោក Pompeo បានលើកពីការពេញចិត្ត ចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនៃការប្រឆាំង នឹងការរីករាលដាលពេញពិភពលោក នៃ COVID-19 ដោយលោក Pompeo អរគុណកម្ពុជា ចំពោះការជួយសង្គ្រោះអ្នក ធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិក ចំពោះជំនួយ និងកិច្ចសហការពីសំណាក់ អ្នកជំនាញការនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត អាមេរិក ក៏ដូចជាចំពោះទឹកប្រាក់ ២លានដុល្លារ សំរាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រ ដល់កិច្ចប្រឹងប្រែងនានាដើម្បីសុខភាព សុវត្ថិភាព របស់ប្រជាជនកម្ពុជានោះ លោក Pompeo បានស្វាគមន៍សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋភិបាលកម្ពុជា ស្តីពីអធិតេយ្យជាតិ គាំទ្រគ្រប់ទំរង់នៃកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពី សារៈសំខាន់នៃសេរីភាពក្នុងការបញ្ចេញមតិ ទោះបីមតិនោះខុសគ្នាក៏ដោយ។

ទាក់ទងនឹងក្របខ័ណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកអំពីតួនាទីដ៏សំខាន់ របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារៈសំខាន់របស់អាមេរិក ក្នុងការកាត់បន្ថយ គម្លាត រវាងប្រទេសនានា ក្នុងតំបន់មេគង្គក្រោម និងសមាជិក ASEAN ផ្សេងទៀត។

សម្តេចតេជោ ក៏បានអរគុណចំពោះវិភាគទាន ដែលក្រុមអ្នកស្ម័គ្រចិត្តអាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះក៏ជា ការជំរុញទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនផងដែរ ។

សម្តេច និងលោក Pompeo បានចែករំលែកសមានចិត្ត ក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារនៃជនរងគ្រោះ ទាំងឡាយនៅអាមេរិក និងនៅតំបន់អាស៊ី ដោយសារ COVID-19។ សម្តេចក៏បានផ្តាំផ្ញើការ គាំទ្ររបស់សម្តេច ជូនចំពោះលោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 ។ ជាមួយគ្នានោះលោក Pompeo ក៏បានអរគុណសម្តេច ចំពោះការអញ្ជើញរូបលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ៕

To Top