ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង បញ្ជូនក្រុមការងារ ទទួលពលករ មកពីប្រទេសថៃ និងត្រៀមធ្វើចត្តាឡីស័ក ចំពោះពលករ ដែលវិលមកដល់ ស្រុកកំណើតវិញ

ស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំង នឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារ ទទួលខុសត្រូវ សម្របសម្រួល ក្នុងការដឹកនាំក្រុមការងារ ទទួលប្រជាពលរដ្ឋ មានទីលំនៅ នៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងលោកអភិបាល ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូន ប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ។

ការដឹកនាំកិច្ចប្រជុំពីលោក តូច ប៉ូលីវ៉ា នេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន សមាជិក សមាជិកា គណៈកម្មការ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង ។

លោកតូច ប៉ូលីវ៉ាបានថ្លែងថាកិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការធ្វើចត្តាឡីស័កនូវការដាក់ពលករដាច់ដោយឡែក១៤ថ្ងៃដោយស្ម័គ្រចិត្តខ្លួនឯង និងដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័ក នៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក សម្រាប់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។

លោកបានបន្តថានៅព្រឹកថ្ងៃទី៨ ខែមេសានេះបានចាត់ និងបញ្ជូនក្រុមការងារ បីក្រុមទីសដៅ៤ខេត្ត ដើម្បីទៅទទួលពលករ ដែលវិលត្រលប់មកពីប្រទេសថៃ គឺចាំទទួលនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យនិងឧត្តរមានជ័យ ហើយការបញ្ជូនក្រុមការងារនេះដែរ គឺបានធ្វើឡើងម្តងរួចមកហើយ តែដោយពលករតិចពេកទើបវិលមកវិញ តែវគ្គនេះគឺពលករមកច្រើន ទើបមានការបញ្ជូនក្រុមការងារ សារជាថ្មី។

លោកបានបន្ថែមទៀតថា ទី១យើងបង្កើតការិយាល័យ ធ្វើចត្តាឡីស័កថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងដើម្បីពិនិត្យសុខភាពកម្មករ និងកន្លែងដាក់ដាច់ដោយឡែកចំនួន១៤ថ្ងៃ ពលរដ្ឋដែលមកពីក្រៅប្រទេស ទី២រៀបចំក្រុមការងារ ដឹកជញ្ជូនពលករបន្ថែមទៀត នៅទីសខេត្តដែលជាប់និងទល់ដែនថៃ ។ ដែលផែនការទាំងអស់នេះ គឺដើម្បីបង្ការទប់ស្កាត់ នៅពេលមានករណីគំហុគកម្មករ ឆ្លងដែនចូលមកស្រុកវិញ ច្រើនរួមទាំងវិធានការតាមវត្តអារាម ក្នុងពេលជិតចូលឆ្នាំមិនឲ្យមានការជួបជុំគ្នា និងណែនាំពួកគាត់ឲ្យ ធ្វើអានាម័យជាប្រចាំ ។ ហើយអាជ្ញាធរ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងគឺបានត្រៀម គ្រប់មធ្យោបាយទាំងអស់ គឺដើម្បីអន្តរគមន៍ឲ្យ បានទាន់ពេលវេលារាល់មានករណីពលរដ្ឋណាម្នាក់ មានផ្ទុកជំងឺកូវីដ១៩នេះ ដោយយើងមានកន្លែងដាក់ នៅដាច់ដោយឡែក ក្នុងការព្យាបាលអ្នកជំងឺផងដែរ៕

To Top