Covid-19

មិត្តចិន ផ្ដល់ជំនួយជា សម្ភារៈប្រយុទ្ធប្រឆាំងកូវីដ១៩ មានតម្លៃជិត ៤លានRMB ដល់កម្ពុជា

ភ្នំពេញ​៖ រដ្ឋាភិបាលចិន បានបន្តផ្តល់ជំនួយជាម៉ាស សម្លៀកបំពាក់ការពារ ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀត ដែលមានតម្លៃសរុបជិត ៤លានRMB ដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ នេះបើយោងតាមហ្វេសប៊ុក ស្ថានទូតចិន ។

កាលពីថ្ងៃទី១០ ខែមេសា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់​ និងទទួលសម្ភារៈទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់រដ្ឋាភិបាល ប្រជាជនតំបន់ស្វយ័តជនជាតិ ZHUANG នៃក្វាងស៊ី​ ប្រទេសចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតចិន បានមានប្រសាសន៍ថា ស្ថានភាពជំងឺវីរុសក្នុងប្រទសកម្ពុជានាបច្ចុប្បន្ននេះ គឺស្ថិតក្នុងដំណាក់កាលដ៏ចាំបាច់ ហើយក្នុងនាមជាអ្នកជិតខាងល្អ និងបងប្អូនល្អ ដែលបរិភោគទឹកឡានឆាង-មេគង្គរួមគ្នាតែមួយ ភាគីចិនមានអារម្មណ៍ដូចគ្នាជាមួយនឹងភាគីកម្ពុជា។

លោកទូតបញ្ជាក់ថា «តំបន់ស្វយ័តជនជាតិ ZHUANG នៃក្វាងស៊ី​ ប្រទេសចិន មិនត្រឹមតែទទួលភារកិច្ច ជាអ្នករៀបចំបង្កើតក្រុមអ្នកជំនាញ វេជ្ជសាស្រ្តដែលជាក្រុមជំនួយជូនកម្ពុជា ដោយស្របតាមការចាត់ចែង របស់រដ្ឋាភិបាលមជ្ឈិមបក្សកុម្មុយនីស្តចិននោះទេ ហើយក៏បានផ្តល់ជំនួយជាម៉ាស, សម្លៀកបំពាក់ការពារ, ឧបករណ៍វាស់កម្ដៅ និងសម្ភារៈផ្សេងទៀតដែលមានតម្លៃសរុបជិត ៤លានRMB ជាពិសេសសក្នុងនោះបរិក្ខារតេស្តNucleic Acid Autoបានចូលរួមជួយដល់ភាគីកម្ពុជា ក្នុងការបង្កើនអត្រាប្រសិទ្ធភាព និងភាពច្បាស់លាស់ក្នុងការតេស្តNucleic Acid» ។

លោកទូតបន្ថែមថា ទាំងនេះបានបញ្ជាក់ឲ្យឃើញ ពីមនោសញ្ចេតនារបស់ប្រជាជន នៃតំបន់ស្វយ័តក្វាងស៊ី ប្រៀបដូចបងប្អូនជូនចំពោះប្រជាជនកម្ពុជា ក៏បង្ហាញឲ្យឃើញពីសហគមន៍ ជោគវាសនារួមរវាងចិន និងកម្ពុជាផងដែរ។

ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះភាគីចិន ។ លោកថា តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន បានផ្តល់សម្ភារៈទប់ស្កាត់ នឹងជំងឺវីរុសជាច្រើនដល់កម្ពុជា ហើយថែមទាំងបានចាត់បញ្ជូន ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន មកកាន់កម្ពុជាផងដែរ ក៏បានជួយលើកកម្ពស់សមត្ថភាព និងជំនឿចិត្តដល់កិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រីថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលនូវវិធានការទប់ស្កាត់ នឹងជំងឺវីរុសដោយផ្អែកលើយោបល់ របស់អ្នកជំនាញវេជ្ជសាស្រ្តចិន ហើយកម្ពុជានឹងប្រើសម្ភារៈ វេជ្ជសាស្រ្តទាំងនេះឲ្យល្អ ដើម្បីយកជម្នះឲ្យបានក្នុងកិច្ច ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសឲ្យបាន ជោគជ័យក្នុងពេលឆាប់ៗនេះ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងសទី១១ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀត សរុបកើនដល់ ១២០នាក់ ក្នុងនោះជាសះស្បើយ ៧៥នាក់ ៕

To Top