ព័ត៌មានជាតិ

លោកព្រាប កុល រៀបរាប់ពីសារៈសំខាន់ នៃការកាន់តំណែង ជានាយកប្រតិបត្តិ អង្គការតម្លាភាព កម្ពុជា រយៈពេល ៨ឆ្នាំ

ភ្នំពេញ ៖ ក្នុងថ្ងៃបញ្ចប់អាណត្តិ ជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា អស់រយៈពេល៨ឆ្នាំនាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ លោក ព្រាប កុល បានបង្ហាញពីសេចក្តី ថ្លែងការណ៍រៀបរាប់ពីសារៈសំខាន់ នៃការកាន់តំណែងនេះ។

ទោះបីជាយ៉ាងណា មិនទាន់ដឹងថា លោកនឹងត្រូវកាន់តួនាទីអ្វីបន្តទៀតទេ។

លោកថា “ខ្ញុំសូមថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលបានគាំទ្រខ្ញុំ ក្នុងការបំពេញមុខងារនេះ អស់រយ:ពេល ៨ ឆ្នាំ ប្រកបដោយអត្ថន័យ និងមោទនភាព”។

លោករៀបរាប់បន្តថា ៨ឆ្នាំបានកន្លងផុតទៅ យ៉ាងឆាប់រហ័ស រីឯស្ថានភាពសង្គម នយោបាយ និងសេដ្ឋកិច្ចក៏បានការប្រែប្រួល ដោយឥតឈប់ឈរ។ ទិដ្ឋភាព និងការវិវត្តខ្លះ បានប្រែក្លាយទៅជាល្អជាងមុន រីឯទិដ្ឋភាពខ្លះទៀត បានប្រែក្លាយទៅជាអាក្រក់ជាងមុន។

លោកនិយាយដោយសង្ខេប ការងារ៨ ឆ្នាំកន្លងទៅ បានរួមចំណែកដូចខាងក្រោមនេះ ៖
១) បានបន្សាប ភាពរសើបនៃការប្រឆាំងអំពើ ពុករលួយ និងការនិយាយពាក្យថា «អំពើពុករលួយ»។

២) បានអប់រំ ណែនាំឲ្យមហាជនយល់ដឹងបន្ថែមអំពីអំពើពុករលួយ និងផលប៉ះពាល់របស់វាទៅលើការអភិវឌ្ឃន៍ និងទៅលើជីវិភាពរស់នៅរបស់ពលរដ្ឋ។
៣) វាបានញ៉ាំងឲ្យពលរដ្ឋ និងយុវជន មានចំណាប់អារម្មណ៍ ការតាំងចិត្ត និងចូលរួមដំណើរការងារ លើកកម្ពស់តម្លាភាព និងសុចរិតភាពក្នុងសង្គម និងកាត់បន្ថយអំពើពុករលួយ។

៤) វាបានជំរុញដល់រាជរដ្ឋាភិបាលឲ្យផ្តល់អាទិភាពខ្ពស់ ក្នុងការធ្វើកំណែទម្រង់ក្នុងវិស័យអាទិភាពនានាក្នុងបុព្វហេតុកាត់បន្ថយអំពើពុករលួយ និងលើកកំពស់តម្លាភាព និងគណនេយ្យភាព និងអភិបាលកិច្ចល្អ។

៥) បានបង្កើតធនធានមនុស្ស ដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយ និងបណ្តុះវប្បធម៌សុចរិត ក្នុងចំណោមយុវជនជំនាន់ក្រោយ ។ល។

លោកព្រាប កុល បញ្ជាកថា “ខ្ញុំពុំសូវពេញចិត្តនឹងលទ្ធផលនៃការប្រឆាំងអំពើពុករលួយ ដែលកម្ពុជា សម្រេចបានក្នុងរយ:ពេល ៨ ឆ្នាំកន្លងទៅ នេះទេ។ ពុំសូវពេញចិត្ត ព្រោះខ្ញុំធ្លាប់រំពឹងចង់បានលទ្ធផល ល្អប្រសើជាងនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ខ្ញុំបាន ព្យាយាមធ្វើអស់ពីលទ្ធភាព កម្លាំងកាយ និងកម្លាំងចិត្តរបស់ខ្ញុំ ក្នុងរង្វង់នៃមុខងារ និងសិទ្ធិ ក្នុងនាមជាមន្ត្រីសង្គមស៊ីវិល និងក្នុងនាមជាពលរដ្ឋ ម្នាក់”។

ប៉ុន្តែទោះបីជាយ៉ាងណា លោកក៏កត់សម្គាល់ឃើញលទ្ធផលគួរឲ្យលើកទឹកចិត្តមួយចំនួនដែរ ឧទាហារណ៍
១) កំណែទម្រង់ពន្ធដារ បានធ្វើឲ្យកម្ពុជាកើនចំណូលចន្លោះពី ១៨ ទៅ ២០% ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយនេះ

២) ពលរដ្ឋបានទទួលសេវាកម្មចាំបាច់ ដូចជាអត្តសញ្ញាណប័ណ្ណ ឯកសារអាត្រសនុកូលដ្ឋាន ក្នុងតម្លៃទាបជាងមុន និងឆាប់រហ័សជាងមុន។ សន្ទស្សន៍វាស់ការសូកប៉ាន់ បារ៉ូមែត្រ ឆ្នាំ២០១៦ សម្រាប់កម្ពុជា បានបង្ហាញនូវការថយចុះនៃអាត្រាសូកប៉ាន់ ពី ៨៤% នៅឆ្នាំ ២០១១ នៅសល់ត្រឹម ៤០% នៅឆ្នាំ ២០១៦ ។

៣) ការបើកប្រាក់បៀវត្សន៍ឲ្យមន្ត្រីរាជការតាមគណនេយ្យធនាគារផ្ទាល់ខ្លួន បានលប់បំបាត់ការកាត់ប្រាក់ខែ ដែលធ្លាប់ជាទម្លាប់នាពេលអតីកាល។

៤) មានការធ្វើកំណែទម្រង់វិស័យអប់រំ ដើម្បីកាត់បន្ថយការបន្លំនៅពេលប្រឡង ដើម្បីបង្កើនគុណភាពអប់រំ។

៥) មានការប្រសើរឡើងខ្លះ ទាក់ទងទៅនឹងតម្លាភាពនៃការគ្រប់គ្រងថវិការជិត ជាពិសេស ទៅលើការដាក់ផ្សាយពត៌មាននៅលើគេហទំព័រក្រសួងសេដ្ឋកិច្ចហរិញវត្ថុ។

៦) គិតត្រឹមត្រីមាសទី៣ នៃឆ្នាំ ២០១៧ ឬត្រឹមពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧ ខ្ញុំសង្កេតឃើញថា ប្រពន្ធគណនេយ្យភាពនយោបាយ និងតុល្យភាពអំណាច មានភាពល្អប្រសើរគួឲ្យកត់សម្គាល់។

ប៉ុន្តែលោកថា ចាប់ពីចុងឆ្នាំពី ២០១៧ រហូតមកទល់ពេលនេះ មានការប្រែប្រួលផ្នែកនយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ដែលបានធ្វើឲ្យសង្គមស៊ីវិល ស្ថាប័នសារពត៌មានឯករាជ្យ និងសហជីព ប្រឈមនិងការរិតត្បិតសិទ្ធិសេរីភាព។ ទិដ្ឋភាព និងបរិយាកាសនយោបាយបែបនេះ បានធ្វើឲ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការតស៊ូមតិ និងការលើកកំពស់ការគោរព សិទ្ធមនុស្ស មានការលំបាក និងមានការ ប្រឈម៕

To Top