ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹកនិងឧតុនិយម អះអាងថា នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានព្យុះកើតឡើងប្រមាណពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤-៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ដែលនឹងធ្វើឲ្យកម្ពុជារងផលប៉ះពាល់ផងដែរ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពី “ការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០” នៅថ្ងៃទី១៤ ខែមេសាឆ្នាំ២០២០។
សេចក្ដីជូនព័ត៌មានបញ្ជាក់ថា ផ្អែកទៅលើស្ថានភាពសីតុណ្ហភាព លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថាក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។ ចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ (រយៈពេល ៦ខែ) បាតុភូតធម្មជាតិដែលមាន ឥទ្ធិពលមកលើអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជាមាន៖ បាតុភូត Neutral មាន ៦០% បាតុភូត El Nino មាន១០% និងបាតុភូត La Nina មាន៣០% នៅក្នុងខែតុលា។
សេចក្ដីជូនព័ត៌មានបន្ថែមថា សម្រាប់ រដូវវស្សាឆ្នាំ២០២០(គិតពីដើមរដូវវស្សា) នៅកម្ពុជាអាចនឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ដែលជាប្រក្រតីភាពរដូវវស្សា តែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរដែលស្មើ ឬលើមធ្យមភាគច្រើនឆ្នាំ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើននៅក្នុងខែឧសភា និងខែមិថុនាផងដែរ។
ចំណែកពាក់កណ្តាលរដូវវស្សា៖ នៅក្នុងខែសីហា និងខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាល ឲ្យខេត្តមួយចំនួន ដែលមានភូមិសាស្រ្តនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។
រីឯកចុងរដូវវស្សាវិញ៖ បណ្តាខេត្តនៅតំបន់ខ្ពង់រាប (រដូវវស្សាអាចនឹងបញ្ចប់ នៅក្នុងសប្តាហ៍ទី២ នៃខែវិច្ឆិកា) ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។ ហើយបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ (រដូវវស្សាអាចនឹងបញ្ចប់ នៅក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា) ជាមួយនឹងបរិមាណ ទឹកភ្លៀងពីតិចទៅបង្គួរ និងកូនរដូវប្រាំង (អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២០)៕
ដោយ៖ ធី លីថូ