ព័ត៌មានជាតិ

កូវីដ-19៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចែករំលែកទស្សនៈ៥ចំណុច ដល់មេដឹកនាំអាស៊ានបូកបី

ភ្នំពេញ៖ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយមេរោគកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ តាម Video Conference នៅ  ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ  បានចែករំលែកទស្សនៈចំនួន៥ចំណុច ដល់បណ្តាមេដឹកនាំអាស៊ានបូកបី ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ពិតណាស់ថា ការរីករាលដាលនៃជំងឺកូវដ-១៩ បាន និងកំពុងបង្កើនឱ្យមានការព្រួយបារម្ភ និង ភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងៗ ក្នុងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុង តំបន់ និងសកលលោក។ ការណ៍នេះ បានធ្វើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាបញ្ហារួម (Common Challenge) របស់យើងទាំងអស់គ្នា ទោះបីជាប្រទេសយើងនីមួយៗ កំពុងប្រឈមនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដំណាក់កាលផ្សេងៗគ្នាក៏ដោយ។”

សម្តេចបានបន្ថែមថា ក្នុងបរិការណ៍នេះ, យើងចាំបាច់ត្រូវមានការឆ្លើយតប ឱ្យទាន់ពេលវេលា និងកិច្ចខិតខំប្រឹងប្រែងរួម ក៏ដូចជាការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌអាស៊ាន និងអាស៊ានបូកបី ដោយត្រូវប្រកាន់ខ្ជាប់នូវ អភិក្រម ដោះស្រាយមួយ ដែលមានបរិយាប័ន្ន និងភាពគ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះ, ក្របខណ្ឌអាស៊ានបូកបី គឺជាយន្តការដ៏សំខាន់ប្រកបដោយសក្តានុពល ដែលអនុញ្ញាតឱ្យ យើងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលនេះ។ ក្នុងស្មារតីនេះ, ខ្ញុំសូមចូលរួមចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម៖

ទី១៖ ការចែករំលែកបទពិសោធន៍ គឺជាគន្លឹះក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ អាស៊ានត្រូវដកស្រង់បទពិសោធ ពីភាពជោគជ័យ និងឧត្តមានុវត្តន៍ របស់ប្រទេសបូកបី ជាពិសេសចិន និងសាធារណរដ្ឋកូរ៉េ ក្នុងការទប់ស្កាត់ និងគ្រប់គ្រងជារួម លើការរីករាលដាល នៃជំងឺនេះ បានប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ, កម្ពុជាសូមស្នើឱ្យមានការពង្រឹងកិច្ចសហ ប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នពាក់ព័ន្ធ នៅក្នុងក្របខ័ណ្ឌអាស៊ានបូក ដើម្បីចែករំលែកបទពិសោធ សំដៅធានានូវសុខុមាលភាពជូនប្រជាជនយើងក្នុងតំបន់ទាំងមូល។ ទន្ទឹម នេះដែរ យើងគួរពិនិត្យលទ្ធភាពប្រើប្រាស់ នូវមូលនិធិកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ដែលមានស្រាប់ ហើយកំពុងប្រើប្រាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់អាស៊ីបូព៌ា ដែលក្នុងនោះមានវិស័យសុខាភិបាល យកមកទ្រទ្រង់កិច្ចប្រឹងប្រែងរបស់យើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩។

ទី២៖ សុវត្ថិភាពអាយុជីវិតជាចម្បង: យើងត្រូវបង្កើតយន្តការរួមមួយ ដើម្បីលើកកម្ពស់ការចែករំលែកបច្ចេកទេស, បទពិសោធ និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះ សំដៅការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាល និងតាមដាន ជាពិសេសសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះថ្នាក់នឹងជំងឺនេះ ដូចជា ក្រុមមនុស្សវ័យចាស់ និងក្រុមគ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹងជំងឺនេះផ្ទាល់។ ទន្ទឹមនេះ យើងក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ រវាងមន្ទីរពិសោធន៍ មន្ទីរពេទ្យ និងសាកលវិទ្យាល័យ ដែលពាក់ព័ន្ធ ដើម្បីបង្កើនល្បឿននៃការទប់ស្កាត់ និងការព្យាបាលជំងឺឆ្លងនេះ។ ម្យ៉ាងទៀត ប្រទេសបូកបីគួរពង្រីកសមត្ថភាពផលិតកម្មសម្ភារៈបរិក្ខារពេទ្យចាំបាច់ និង សម្រួលការ ផ្គត់ផ្គង់ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសបូកបី។

ទី៣៖ កាត់បន្ថយហានិភ័យសេដ្ឋកិច្ច: យើងត្រូវលើកកម្ពស់ ការសម្របសម្រួល និងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ដើម្បីពិនិត្យដាក់ចេញនូវវិធានការរួម ដែលអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើច្រវាក់ផលិតកម្ម សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដោយប្រកាន់យកគោលការណ៍បន្តបើកចំហរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងរក្សាឱ្យបានរលូននូវលំហូរនៃការដឹកជញ្ជូនទំនិញឆ្លងដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ កម្ពុជាសូមស្នើ ឱ្យយន្តការទាំងឡាយ ក្រោមកិច្ចសហប្រតិបត្តិការអាស៊ានបូកបីដូចជា កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូកបី កិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី កិច្ចសហប្រតិបត្តិការការងារអាស៊ានបូកបី និង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត, រៀបចំការពិភាក្សាគ្នាជាបន្ទាន់ ដើម្បីរកដំណោះស្រាយរួមគ្នា។

To Top