នយោបាយ

បទសម្ភាសន៍ពិសេស ស្តីពីសភាពការណ៍ ជំងឺវីរុសកូវីដ១៩

ភ្នំពេញ ៖ ដោយជាសមាជិកស្ថាបនិក នៃសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច-CCJA) មជ្ឈមណ្ឌលព័ត៍មានដើមអម្ពិល មានកិត្តិយស សូមផ្សាយទាំងស្រុង នូវខ្លឹមសារសម្ភាសន៍ ពិសេសទាំងស្រុង ស្តីពីសភាពការណ៍ជំងឺវីរុសកូវីដ១៩ រវាងអ្នកសារព័ត៌មាន របស់វិទ្យុមិត្តភាព កម្ពុជា-ចិន និងលោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាននៃរដ្ឋសភា។

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០

សំណួរទី១៖ កាលពីរសៀលថ្ងៃទី៧ ខែមេសាកន្លងទៅនេះ ក្រុមវេជ្ជបណ្ឌិត ចិនដែលបានបំពេញបេសកកម្មការងាររបស់ពួកគេ ដើម្បីរួមចំណែកជួយដល់ប្រទេសកម្ពុជា ក្នុងការទប់ទល់នឹងជម្ងឺកូវីដ១៩ បានវិលត្រលប់ទៅកាន់ប្រទេសចិនវិញហើយ ក្រោយពីបានធ្វើការងារយ៉ាងសកម្ម មានស្នាដៃល្អ និងបានចែករំលែកបទ ពិសោធន៍យ៉ាងច្រើន ដល់រាជរដ្ឋាភិបាលកម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះ សូមលោក មេត្តាជួយវាយតម្លៃបន្តិច ដល់ការបំពេញបេសកកម្មការងារ របស់ក្រុមវេជ្ជបណ្ឌិតចិន កន្លងមក។

ចម្លើយ៖ សុភាសិតមួយបាននិយាយថា «មិត្តល្អជួយគ្នាក្នុងគ្រាក្រ»។ អញ្ចឹងយើងក៏ឃើញថា សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយរវាងចិននិងកម្អុជា បាននូវសម្មិទ្ធផលជាផ្លែផ្កា ដូចជាការជាក់ស្តែងនេះគឺ កម្ពុជានិងចិន បានរួមគ្នាប្រយុទ្ធប្រឆាំង ជាមួយនឹងសត្រូវរួម គឺមេរោគកូវីដ-19 ។ ហើយយើងក៏សូមរំលឹកផងដែរ អំពីទស្សនកិច្ចពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ កុម្ភៈ ទៅកាន់ប្រទេសចិន នៅពេលដែលមិត្តចិន កំពុងតែបិទទ្វារ នៅទីក្រុងអ៊ូហាន ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគដ៏អាក្រក់នេះ អញ្ចឹង ក្នុងពេលនេះគឺឃើញថា កម្ពុជានិងចិន បានបង្ហាញនូវសញ្ញានៃមិត្តដែកថែប ដែលបានបង្ហាញ អំពីកាយវិការមនុស្សធម៌ របស់កម្ពុជាជូនដល់មិត្តចិន ហើយក៏បានចូលដល់ការសម្រេចចិត្តអនុវត្តផែនការ សកម្មភាពមួយ ជាក់ស្តែង គឺយើងទទួលក្រុមវេជ្ជបណ្ឌិតចិន ដឹកនាំដោយលោកវេជ្ជបណ្ឌិត Ai Xiang ដែលចូលមកទស្សនកិច្ចហើយសហការផ្ទាល់ជាមួយគ្រូពេទ្យកម្ពុជា ទាំងខេត្ត ក្រុងព្រះសីហនុ និងតំបន់ផ្សេងៗ ធ្វើឲ្យយើងយល់ដឹងអំពី ទី១៖ គឺយើងយល់ដឹងអំពីការគ្រប់គ្រងនិងរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រងការរីកសាយនៃជំងឺនេះមិនឲ្យចូលដល់សហគមន៍, ទី២៖ គឺយើងយល់ដឹងអំពីការគ្រប់គ្រងមន្ទីរពិសោធន៍ ធ្វើម៉េចដើម្បីឲ្យមន្ទីរពិសោធន៍ឆ្លើយតបទៅនឹងការធ្វើតេស្តអ្នកជំងឺ ក្នុងនោះដែរ យើងក៏អាចយល់ដឹងអំពីការឆ្លើយតបជាមួយនឹងអ្នកជំងឺតាមរបៀប Online របៀបណាក្នុងការឆ្លើយឆ្លងនេះ គឺយើងរៀបចំផែនការទៅតាមហ្នឹង។ ជាទូទៅ យើងឃើញថា ទស្សនមួយដ៏ល្អរបស់លោកវេជ្ជបណ្ឌិត Ai Xiang គឺថា ធ្វើឲ្យអ្នកជំងឺស្រាលមិនឲ្យធ្ងន់ ហើយអ្នកជំងឺធ្ងន់មិនឲ្យស្លាប់ អញ្ចឹង លទ្ធផលដែលយើងឃើញក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ រហូតដល់បច្ចុប្បន្ន គឺយើងមានអ្នកជំងឺ១១៩នាក់ហើយ ក្នុងម៉ោងនេះ (គិតមកដល់ថ្ងៃទី១០ មេសា) អញ្ចឹងក្នុងចំណោមនេះ ភាគច្រើនគឺជាជំងឺនាំចូលទេ មិនមែនជាជំងឺរាតត្បាតសហគមទេ ដូច្នេះ យើងឃើញថា ក្នុងនោះ គឺចំនួនមនុស្សដែលបានជាសះស្បើយ គឺយើងឃើញថា បានល្អ យើងមានអត្រាជាដល់ទៅជាង៦០ភាគរយ អញ្ចឹងនេះគឺជាចំនួនច្រើនណាស់ ហើយមិនមានអ្នកស្លាប់។ ត្រង់ចំណុច ក្នុងយុទ្ធសាស្ត្រជាក់ស្តែង យើងក៏បានគិតគូអំពីយុទ្ធសាស្ត្ររួម ដើម្បីឲ្យវាឆ្លងទៅសហគមន៍ ដូច្នេះ ចិនបានរីករាលដាលនៃជំងឺនេះ ក្នុងអំឡុងចូលឆ្នាំចិន ហើយខ្មែរត្រៀមរៀបចំ ចំពេញចូលឆ្នាំខ្មែរមកដល់ ២ បីថ្ងៃខាងមុខនេះ អញ្ចឹង សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែមេសា បានចេញនូវបទបញ្ជាចំនួន២ ទីមួយ គឺអនុក្រឹត្យសុំលើកពេល នៃការឈប់សម្រាកការងារក្នុងពេលចូលឆ្នាំ ដល់កម្មករ និយោជិក និងមន្ត្រីរាជការទាំងមូល, ទី២៖ គឺយើងបានចេញនូវបទបញ្ជាមួយ មិនឲ្យប្រជាជន និងប្រជាជន ឬមន្ត្រីរាជការ ទាំងអស់ឆ្លងខេត្ត យើងមិនបិទដល់ក្រុងឬស្រុកទេ តែយើងមិនឲ្យឆ្លងខេត្ត នេះគឺជាវិធានការទប់ស្កាត់កុំឲ្យឆ្លងដល់សហគមន៍ ដូច្នេះ បទពិសោធន៍នេះគឺជាបទពិសោធន៍ដ៏ល្អ ហើយឃើញថា ប្រជាជនបានចូលរួមយ៉ាងសកម្មព្រោះដើម្បីការពារជំងឺនេះទាំងអស់គ្នា រដ្ឋាភិបាលចេញគោលនយោបាយហើយប្រជាជនត្រូវសហការ ដូច្នេះ ដំណើរការល្អ សូមអរគុណ គ្រូពេទ្យចិន!

សំណួរទី២៖ តើលោកអាចវាយតម្លៃ បានដូចម្តេចចំពោះប្រទេសចិន ដែលបានចាត់វិធានការទាំងអស់ ដើម្បីទប់ទល់ប្រឆាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ? ឧទាហរណ៍ថា ប្រទេសចិនបានបិទតំបន់ទាំងអស់នៃក្រុងអ៊ូហាន និងស្ទើរគ្រប់ខេត្តទាំងអស់ បានជួយដល់ខេត្តហូប៉ី ទាំងក្នុងវិស័យសុខាភិបាលផង និងការផ្គត់ផ្គង់សម្ភារៈផ្សេងៗសម្រាប់ការរស់នៅប្រចាំថ្ងៃផង ដូចជាម្ហូបអាហារ និងបន្លែបង្កាជាដើម។

ចម្លើយ៖ ក្នុងនាមជាប្រជាជនម្នាក់របស់ពិភពលោក ក៏ដូចជាប្រជាជនកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះប្រជាជនចិន ដែលសុខចិត្តរួមសុខរួមទុក្ខ លើក្បូនតែមួយ ក្នុងន័យរដ្ឋាភិបាលនិងប្រជាជន គឺយើងបានជួយយកអាសារគ្នាទៅវិញទៅមក ដើម្បីយកជ័យជំនះលើកូវីដ-១៩នេះ ជាពិសេស ចំពោះប្រជាជនទីក្រុងអ៊ូហ៊ាន ដែលបានទទួលបទបញ្ជា ក្នុងការឃុំខ្លួនឯង ជាក្រុងទាំងមូលដែលមានចំនួនដ៏ច្រើនជាងគេបំផុតលើកទី១ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ចំណុចនេះគឺ ប្រជាជននៅក្រុងអ៊ូហាន ដែលបន្ទាប់មក មានការឃុំនៅក្នុងក្រុងនិតំបន់ផ្សេងៗទៀត ពិតណាស់ទូទាំងប្រទេសចិនដែលមាន១៤០០លាននាក់ ក៏ប៉ុន្តែក្រុងអ៊ូហានបានបង្ហាញនូវការលះបង់យ៉ាងធំធេង ដែលបានផ្តល់នូវផលប្រយោជន៍ឲ្យទៅប្រទេសផ្សេងៗ នៅលើពិភពលោក ជាពិសេស យើងបានទិញនូវពេលវេលា មួយសម្រាប់ប្រទេសផ្សេងៗ ដើម្បីយកវិធានការនេះ ទៅពិចារណានិងអនុវត្តនៅប្រទេសខ្លួនឯង ដូច្នេះសរុបមកវិញ គឺយើងឃើញថា ការសម្រេចចិត្ត របស់លោក ស៊ី ជិនភីង គឺជាការសម្រេចចិត្តដ៏ក្លាហាន មុជស្រួច ហើយមានការទទួលខុសត្រូវចំពោះសុខុមាលភាពសាធារណៈ។ មិនត្រឹមតែទប់ស្កាត់នឹងកូវីដទេ គឺក្នុងពេលដែលខេត្តហឺប៉ី ទាំងមូល ត្រូវបានបិទទ្វារនោះ យើងឃើញថា ការផ្គត់ផ្គង់ពីខេត្តផ្សេងៗ មានគ្រប់យ៉ាង គឺនៅបន្តមានប្រសិទ្ធភាព ទាំងម្ហូបអាហារ បរិក្ខាពេទ្យទាំងអស់ ហើយនិងការចែករំលែកគ្រូពេទ្យមកកាន់កន្លែងដែលមានជំងឺច្រើន ដូច្នេះ ចំណុចនេះគឺបញ្ជាក់ពីអភិបាលកិច្ចល្អប្រកបដោយប្រសិទ្ធភាព ដែលចិនគឺជាគំរូដ៏ល្អ សម្រាប់ប្រទេសផ្សេងៗ។ លោក ស៊ី ជិនភីង បានបង្ហាញពីការត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការឆ្លើយតបចំពោះជំងឺជាគ្រោះមហន្តរាយនេះ អញ្ចឹងបានន័យថា វិបត្តិកូវីដនេះ គឺជាការសាកល្បងមួយដែលបង្ហាញនូវសមត្ថភាពពិតប្រាកដរបស់មិត្តចិន ក្នុងការគ្រប់គ្រង សភាពការពេលមានគ្រាអាសន្ន ហើយបង្ហាញនូវការទទួលខុសត្រូវ បើកចំហរ និងកិច្ចសហប្រតិបត្តិការល្អជាមិត្តអន្តរជាតិ។ ចំណុចនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកណ្ដាប់ដៃដែករបស់រដ្ឋាភិបាលចិន រួមទាំងគណបក្សកុម្មុយនីស្តចិន ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាជនជាចម្បង ហើយយើងជឿជាក់ថា ការចូលរួមចំណែករបស់ប្រជាជនចិនគឺជាចំណុចធំមួយដែលធ្វើឲ្យផែនការនេះបានជោគជ័យ អញ្ចឹងពិតណាស់ គឺមានប្រសិទ្ធភាពខ្ពស់ មិនត្រឹមតែដោះស្រាយវិបត្តិកូវីដ-១៩ ប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាគំរូនៃការដោះស្រាយវិបត្តិធំៗផ្សេងទៀត ដែលកើតឡើង នាពេលអនាគត។

សំណួរទី៣៖ កន្លងមក ទោះជាស្ថិតក្នុងស្ថានការណ៍យ៉ាងណាក៏ដោយ ប្រទេសចិននៅតែបានបើកចំហរចែករំលែកបទពិសោធន៍មេរៀនរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩ ជាមួយនឹងសហគមន៍អន្តរជាតិនិងបានចូលរួមសហការផ្តល់នូវសម្ភារៈបរិក្ខាមួយចំនួនទៅដល់ប្រទេសជាច្រើន។ ទាំងនេះបានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិនចំពោះការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិ។ តើលោក អាចវាយតម្លៃបានដូចម្តេចខ្លះចំពោះកាយវិការរបស់ប្រទេសចិន ដែលមានចំពោះសហគមន៍អន្តរជាតិ?

ចម្លើយ៖ យើងឃើញថាវិសាលភាពនៃជំងឺបានបណ្ដាលអោយមានចំនួនអ្នកឆ្លងជាង១,៦លាននាក់ និងចំនួនអ្នកស្លាប់ក្នុងរង្វង់ពី១០ម៉ឺននាក់ ជាពិសេស នៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ មុនដំបូងថានៅប្រទេសចិន តែឥលូវបានធ្លាក់មកលើសហរដ្ឋអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាឡឺម៉ង់ សុទ្ធតែទទួលរងធ្ងន់ធ្ងរ ដែលស្ទើរតែគ្រប់គ្រងលែងបាន។
ដោយឡែកប្រទេសចិន ជាប្រទេសរងគ្រោះទីមួយពីការរាតត្បាតនៃ វីរុសកូវីដ ហើយក៏ជាប្រទេសទីមួយ ដែលបានសិក្សាអំពីចរិតលក្ខណៈ នៃការវិវឌ្ឍនិងការរីកសាយភាយ នៃជំងឺឆ្លងសហគមន៍នេះ តើដល់កម្រិតណា ដូច្នេះបទពិសោធន៍ ដែលមិត្តចិនទទួលបាននេះ គឺសម្រាប់ខ្លួនឯងផង ហើយក៏អាចឲ្យប្រទេសផ្សេងៗ ទទួលយកធ្វើជាមេរៀនផង ក្នុងការគ្រប់គ្រងសភាពការណ៍ ដែលមាលក្ខណៈស្រួចស្រាវនេះ ដូច្នេះហើយប្រទេសចិនក៏ជាប្រទេសទីមួយដែរ ដែលបានបង្ហាញនូវការ ទទួលខុសត្រូវជាអន្តរជាតិ និងការគាំទ្រ ក្នុងទ្រង់ទ្រាយធំ ទាំងផ្នែកធនធានមនុស្ស បច្ចេកវិទ្យា និង បរិកា្ខពេទ្យ ឃើញថា មានប្រទេសជាង១០០ ដែលទទួលបទពិសោធន៍ពីប្រទេសចិន ។ ចំពោះការចូលរួមជាអន្តរជាតិនេះ ចិនគឺមិនមែនចូលរួមលើកទី១ទេ សម្រាប់តែបញ្ហាកូវីដទេ គឺចិនបានចូលរួមដឹកនាំមុខគេ ក្នុងការកាត់បន្ថយភាពក្រីក្រលើពិភពលោក ។ ចិនគឺជាគំរូដ៏ធំមួយរបស់ប្រទេសមហាអំណាចផ្សេងទៀត ក៏ដូចជាប្រទេសមានឧស្សាហកម្មធំផ្សេងៗទៀត។ ក្រៅពីនោះ មិត្តចិនបានជួយនូវអ្វីដែលយើងចង់ចាំគ្រប់គ្នា គឺចិនបានបញ្ជូនកងទព័ទៅរក្សាសន្តិភាពពិភពលោក មានដល់ទៅ៤០.០០០ នាក់ ឯណោះ គឺជាចំនួនកងទ័ពដ៏ច្រើន ដូច្នេះសន្តិភាពក៏ចិនបានចូលរួម ភាពក្រីក្រក៏ចិនបានចូលរួម ហើយពេលនេះចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់ជំងឺរាតត្បាតដ៏ធំនេះ កម្រិតពិភពលោកទៀត។ ដូច្នេះ កាយវិការដែលបានឆ្លុះបញ្ជាំ អំពីការទទួលខុសត្រូវ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយ របស់អង្គការសហប្រជាជាតិ គឺបង្ហាញកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមគោលនយោបាយការបរទេស របស់ចិន ក្នុងការប្តេជ្ញាចិត្ត ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនាតែមួយ របស់មនុស្សជាតិ ដូច្នេះ ចំណុចនេះ គឺជាគោលដៅធំរបស់ប្រទេសចិន បង្ហាញការទទួលខុសត្រូវរបស់ខ្លួន ហើយបង្ហាញនូវការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ទស្សនៈវិស័យដែលខ្លួនចង់បានគឺការកសាងសហគមន៍ជោគវាសនាតែមួយ ដូច្នេះចំណុចនេះ យើងអាចថាបាននឹងដឹកនាំ ដើរតួនាទីដឹកនាំកាន់តែសំខាន់ ក្នុងរចនាសម្ពន្ធសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបញ្ហាពហុភាគីនិយម។ បច្ចុប្បន្ននេះ ខ្ញុំចង់បញ្ជាក់ជូនថា មិត្តចិនមានទាំងសុឆន្ទៈ សមត្ថភាព លទ្ធភាព ត្រៀមរួមរាល់ជាស្រេចដើម្បីឆ្លើយតបវិបត្តិផ្សេងៗ ក្នុងប្រទេសផង និង ក្នុងពិភពលោកផង ដូច្នេះយើងកត់សម្គាល់ឃើញថា សកម្មភាពដ៏ល្អរបស់ចិន ជាពិសេ បញ្ហាកូវីដនេះ គឺលោកបានយកខេត្តមួយ ជាមួយប្រទេសមួយនៅអឺរ៉ុប ដូច្នេះ ប្រទេសអឺរ៉ុបទាំង២៨ គឺមានខេត្តចំនួន២៨ របស់ចិន ដែលអាចឆ្លើយតបបាន ប្រសិនបើមានតម្រូវការ ចាំបាច់ អញ្ចឹងនេះគឺជាទស្សន នៃការទទួលខុសត្រូវអន្តរជាតិធំណាស់ ដែលមិត្តចិនបានចែករំលែក នៅក្នុងសហគមន៍ ក្នុងថ្ងៃអនាគត ។

សំណួរទី៤៖ ជាបទពិសោធន៍កន្លងមក ដោយសារតែប្រទេសចិនមានយុទ្ធសាស្រ្តនិងវិធានការដ៏មានប្រសិទ្ធភាព ក្នុងការបង្ការនិងការទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ បានល្អប្រសើរ ហើយស្ថានភាពជម្ងឺកូវីដ១៩ នៅក្នុងប្រទេសចិនក៏កាន់ តែល្អប្រសើរឡើងផងដែរ ដូច្នេះប្រទេសចិនក៏បានចាប់ផ្តើមដំណើរការផលិតកម្មការងាររបស់ខ្លួនឡើងវិញ ហើយក៏ចាប់ផ្តើមជម្រុញការផលិតសម្ភារៈបរិក្ខារដើម្បីផ្គត់ផ្គង់ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅលើពិភពលោក។ តើលោកអាចវាយតម្លៃបានដូចម្តេចខ្លះ ចំពោះតួនាទីរបស់ប្រទេសចិននៅ ដំណើរផលិតកម្មអន្តរជាតិ។

ចម្លើយ៖ ប្រទេសចិនជាមហាអំណាចផលិតកម្ម ឬអាចនិយាយបានឲ្យខ្លីបានថា ជារោងចក្ររបស់ពិភពលោក ដូច្នេះការស្ទះផលិតកម្ម នៅប្រទេសចិន បានធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ ផលិតកម្មលើពិភពលោកដែរ ។ យើងសូមយកករណីជាក់ស្ដែង នៃការផលិតអាវុធធំបំផុតពិភពលោកឥលូវនេះ គឺរោងចក្រផលិតអាវុធម៉ាស ដូច្នេះម៉ាសគឺជាអាវុធហើយ ប៉ុន្តែអាវុធនេះគឺជាអាវុធមនុស្សធម៌ ដើម្បីសង្គ្រោះពិភពលោក អញ្ចឹងរោងចក្រនេះមួយទាំងមូល គឺចិនបានបង្ហាញនូវតួនាទីយ៉ាងសំខាន់ ហើយក្នុងការប្រឆាំងនឹងជំងឺកូវីដ ក៏ដូចជាបង្ហាញតួនាទីរបស់ខ្លួនថា ខ្លួនបានជាប្រទេសចំបង នៅក្នុងឧស្សាហកម្មពិភពលោក ដូច្នេះ ដោយសារតែប្រទេសចិន បានទទួលតួនាទីដ៏សំខាន់នេះ បានធ្វើឲ្យប្រជាជនលើពិភពលោកស្ងប់ស្ងាត់ចិត្ត មួយចំនួនដែរ បានន័យថា បំបាត់ភាពជ្រួលច្របល់ ភាពភ័យខ្លាច។ នៅពេលដែលប្រទេសចិន ជារោងចក្រពិភពលោក មិនត្រឹមតែរឿងបច្ចេកវិទ្យាធំៗទេ តែសូម្បីតែបញ្ហាសុខភាពសាធារណៈក៏ចិនអាចទទួលខុសត្រូវបាន ។ ខ្ញុំក៏សូមលើកជាឧទាហរណ៍មួយដែរ ករណីផលិតកម្មពិភពកលោកនេះ គឺចំពោះកម្ពុជាខ្លួនឯងផ្ទាល់ គឺយើងបានទទួលផលប្រយោជន៍ច្បាស់ណាស់ គឺនៅពេល ដែលយើងខ្វះខាតវត្ថុធាតុដើម នៅក្នុងវិស័យកាត់ដេរ គឺមិត្តចិនបានបញ្ជូនវត្ថុធាតុដើមចំនួន៧កប៉ាល់ ក្នុងពេលដែលប្រទេសរបស់ខ្លួនកំពុង Lockdown កំពុងតែឃុំខ្លួននៅក្នុងតំបន់ផ្សេងៗគ្មានរោងចក្រដើរនោះ តែមិត្តចិននៅតែបានផ្គត់ផ្គង់វត្ថុធាតុដើមឲ្យកម្ពុជា ៧ កប៉ាល់ ដើម្បីបន្តជីវិតរោងចក្ររបស់យើងឲ្យមានដំណើរការបន្តទៅទៀត។ ចំណុចនេះ ប្រសិនបើនិយាយជារួមវិញ យើងឃើញថា បើយើងពិនិត្យមើលលើវិនិយោគសាធារណៈវិញ គឺមិត្តចិនទទួលបានវិនិយោគពីក្រៅប្រទេសមកខ្លួនឯងគឺ១៣៥ ប៊ីលានដុល្លា ហើយដល់ពេលមិត្តចិនខ្លួនឯង បានទៅវិនិយោគនៅក្រៅប្រទេសដល់ទៅ២០០ប៊ីលាន អញ្ចឹងឃើញថា មិត្តចិនបានចែករំលែកនូវអ្វីដែលជាយើងហៅថា Foreign Direct Investment ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅប្រទេសផ្សេងៗគ្រប់កន្លែង ដូច្នេះមិត្តចិនមិនមែនទទួលយកតែខ្លួនឯងទេ តែយកទៅចែកគេទៀត ចែកឲ្យគេលើសពីអ្វីដែលខ្លួនមាន យកទៅបន្ថែមទៀត ក្នុងបញ្ហាផលិតកម្មពិភពលោក។ អញ្ចឹង ចំណុចនេះគឺជាទុនដ៏ដ៏សន្ធឹកសន្ធាប់ ដែលមិត្តចិនបានធ្វើការ សម្រាប់ឲ្យសកម្មភាពវិនិយោគនិង ផលិតកម្មលើពិភពលោកដើរ ដូច្នេះការរាំងស្ទះផលិតកម្មនៅចិន ពិតជាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ខ្សែចង្វាក់ផលិតកម្មពិភពលោក ។
ចំពោះប្រទេសចិនដែលមានអតិរេកពាណិជ្ជកម្ម (trade surplus) ចិនមានដល់ទៅ ៣៦០ប៊ីលានដុល្លា បានន័យថា ពិភពលោកទោះបីថា ក្រងើបក៏ដោយ ឬក៏ងើបលឿនក៏ដោយ ងើបយឺតក៏ដោយ គឺវាត្រូវការតួនាទីរបស់ចិន ដើម្បីធ្វើការឲ្យចរន្តឈាមដើរឡើងវិញ ចរន្តឈាមពាណិជ្ជកម្ម ចរន្តឈាមផលិតកម្មដើរឡើងវិញ ដូច្នេះបើពិនិត្យលើសភាពការណ៍ពិភពលោកបច្ចុប្បន្ន និងភាពមិនច្បាស់លាស់ រួមទាំងបញ្ហាសង្គ្រាមពាណិជ្ចកម្មពិភពលោក ក៏ដូចជាសន្តិសុខ និងសណ្ដាប់ធ្នាប់សាកល បម្រែបម្រួលអាកាសធាតុ ការរីករាតត្បាតនៃវីរុស កំពុងតែវាយលុកយើង ប៉ុន្តែទោះបីជាក្នុងកម្រិតណាក៏ដោយ យើងមានមិត្តចិនជាបង្អែកនៃខ្នងពិភពលោក ដូច្នេះចំណុចនេះហើយដែលយើងចង់វាយតម្លៃទៅលើផលិតកម្មរបស់មិត្តចិន ។

សំណួរទី៥៖ តើលោកមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចខ្លះ ចំពោះសភាពការណ៍សេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំនេះ បន្ទាប់ពីភាពអាសន្ននឹងផុតរលត់ទៅ? តើសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចធ្លាក់ចុះ ឬក៏អាចហក់ឡើងកន្លងមក ទោះជាស្ថិតក្នុងស្ថានការណ៍យ៉ាងណាក៏ដោយ ប្រទេសចិននៅតែអាចហក់ងើបឡើងវិញ ក្នុងល្បឿនយ៉ាងលឿន។

ចម្លើយ៖ ចំណុចនេះសំខាន់ខ្លាំងណាស់ព្រោះយើងខ្ញុំតែងតែតាមដាន សេដ្ឋកិច្ចពិភពលោកថា តើឡើងចុះរបៀបម៉េច ។ អញ្ចឹងការព្យាករណ៍យើងឃើញថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចមុននិងក្រោយ ការផ្ទុះរាលដាលនៃជំងឺកូវីដនេះ យើងឃើញថា ការព្យាករណ៍ចុងក្រោយ គឺមិត្តចិនមានកំណើនត្រឹម៣ភាគរយទេ បើប្រៀបធៀបនឹង ឆ្នាំ២០១៩មានកំណើន ៧ភាគរយ ដូច្នេះយើងយកចំណុចនេះមកពិភាក្សាគ្នា និងគិតពិចារណា ថាប្រទេសចិនតែមួយគត់ ប៉ុន្តែបើយើងប្រៀបធៀបនឹងប្រទេសផ្សេងៗ គឺប្រទេសចិនក្នុងតួននាទីមួយ គឺមានកំណើនជាវិជ្ជមាន ក្រោយពីកូវីដរាតត្បាត ទោះបីជា ៣ភាគរយក៏ដោយ ព្រោះថា បើប្រៀបធៀបនឹងប្រទេសធំៗ ផ្សេងទៀត គឺមានកំណើនអវិជ្ជមាន(សេដ្ឋកិច្ចធ្លាក់ចុះ) ចឹងគឺដកហើយ ដកសូន្យចុច១ ដក១ ដកពីរ ដក៣ ក៏ប៉ុន្តែប្រទេសចិននៅតែរក្សាបូក ដូច្នេះយើងគិតថា ប្រៀបធៀបក្នុងករណីនេះ គឺវិបត្តិនៅឆ្នាំ២០២០ហ្នឹង គឺជាវិបត្តិមួយអាក្រក់ជាងគេបំផុតលើពិភពលោក ប្រៀបធៀបមហាវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៣០ អញ្ចឹង១៩៣០ថាអាក្រក់បំផុតហើយ តែ២០២០នេះវាអាក្រក់ដូចនៅឆ្នាំ១៩៣០ហើយក៏វាអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុ វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ដែរ ដូច្នេះគឺជាលក្ខណៈមួយដែលយើងអាចយកមកប្រៀបធៀបបាន ចឹងសួរថា វិបត្តិធ្ងន់ធ្ងររបៀបនេះ យើងត្រូវធ្វើយ៉ាងម៉េច? យើងគិតឃើញថា អ្វីដែលសំខាន់ គឺប្រទេសពិភពលោក ឧស្សាហកម្មពិភពលោកទំាំងមូល គួរតែគិតពិចារណាក្នុង Fiscal Stimulus plan គឺវិធានការសារពើពន្ធជាកញ្ចប់ វិធានការនេះ គឺសំខាន់ណាស់ បើតាមអ្នកសេដ្ឋកិច្ចនិយាយប្រហែលត្រូវការ ៨ ទ្រីលាន ដុល្លា ហើយ៨ ទ្រីលាន ដុល្លានេះ តើមានប្រទេសណា ដែលអាចដាក់ចូលបាន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចនិងផលិតកម្ម ពិភពលោកដើរឡើងវិញ ដូចបានឆ្លើយក្នុងសំណួរមុនអញ្ចឹង។ យើងគិតឃើញថា ដើម្បីទប់ទល់នឹងសភាពការណ៍នេះ គឺទាំងក្នុងស្រុក ការបង្កើននូវវិនិយោគក្នុងស្រុកជាការសំខាន់ ហើយការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយបើកចំហរគឺជាចំណុចពិសេស អញ្ចឹងតួនាទីនេះ ដើម្បីឲ្យសកម្មភាពទំាំងអស់ដើរ គឺត្រូវតែរក្សាពហុប៉ូល ពហុភាគីនិយមហើយត្រូវតែរក្សាអំពីច្បាប់និងទម្លាប់អន្តរជាតិ នៅក្នុងផ្នែកពាណិជ្ជកម្មពិភពលោក ដូច្នេះអ្វីដែលយើងកំពុង តែធ្វើដំណើរទៅមុខនេះ គឺមិត្តចិនបានធ្វើដំណើរត្រូវនឹងគន្លង នេះហើយបានបង្ហាញនូវសញ្ញាដែលជឿជាក់ ហើយមានតែប្រទេសចិនមួយ ដែលមានសល់ថវិការ បម្រុងធំជាងគេបំផុត ដើម្បីអាចចេញទៅក្នុង Stimulus plan ហ្នឹង បង្ហាញនៅក្នុងវិធានការសារពើពន្ធជាកញ្ចប់នេះ។ ក្នុងស្ថានភាពនេះ យើងឃើញថា ផលិតកម្មផ្សេងៗ ក្រោយការគ្រប់គ្រងសភាពការណ៍នៅប្រទេសចិនបានស្ងប់ស្ងាត់ហើយ គឺសភាពការណ៍ផលិតកម្មបានដំណើរការចាប់ផ្តើមដំណើរការប្រក្រតីឡើងវិញជាផ្នែកៗហើយ នៅពេលដែលប្រទេសធំៗ មានផលិតកម្មនិងឧស្សាហកម្មធំផ្សេងៗទៀត កំពុងតែរងគ្រោះ ដូច្នេះយើងជឿជាក់ថា បើតាមគំនិតសុទិដ្ឋនិយមរបស់ខ្ញុំ គឺឃើញថា សេដ្ឋកិច្ចចិន នឹងងើបឡើងវិញបណ្តើរៗ ហើយកាន់តែរឹងមាំជាងមុន ប៉ុន្តែមិនមានមហាលោតផ្លោះអីពេកទេ ប៉ុន្តែសុទិដ្ឋនិយមរបស់យើង នៅពាក់កណ្តាលឆ្នាំ២០២០ សេដ្ឋកិច្ចនឹង អាចដំណើរការតាមផ្នែកធំៗឡើងវិញ នៅពេល ដែលប្រទេសផ្សេងៗ ប្រទេសឧស្សាហកម្មធំៗទាំង២០ គាត់ចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួន ប៉ុន្តែពិតមែនហើយ យន្តការធំគឺមិត្តចិន ប្រទេសចិន ប៉ុន្តែប្រទេសផ្សេងៗទៀត ក៏ត្រូវពឹងពាក់លើឧស្សាហកម្មនេះដើម្បីឆ្លើយឆ្លងគ្នា ទៅវិញទៅមក អញ្ចឹង នេះហើយដែលបង្ហាញនូវតួនាទីពហុភាគីនិយម សំខាន់ណាស់ ដូច្នេះហើយបានបង្ហាញតួនាទីដឹកនាំ នៅក្នុងពហុភាគីនិយម ក្រោយពីវិបត្តិកូវីដនេះ។ អញ្ចឹងចំណុចដែលយើងឃើញថា អ្វីដែលអាចនឹងសុទិដ្ឋនិយមលើសនេះទៅទៀត គឺអ្វីដែលជាសទិដ្ឋនិយមដែលអចនឹងវិលមករក២០១៩ ឬកំណើនសេដ្ឋកិច្ច២០១៩ហ្នឹង គឺ៧ភាគរយហ្នឹង វាគួរតែធ្លាក់នៅក្នុងឆ្នាំ២០២២ឯណោះ ។ នៅពេលដែលប្រទេសផ្សេងៗ ចាប់ផ្តើមដំណើរការរបស់ខ្លួន ដូច្នេះហើយ គឺយើងឃើញថា ក្នុងសេណារីយ៉ូ ការថមថយនៃការគ្រប់គ្រងសភាពការណ៍កូវីដនៅនៅឆមាសទី២ ឆ្នាំ២០២០បានគ្រប់ជ្រុងជ្រោយ គឺសភាពការណ៍យើងអាចឃើញប្រទេសចិននឹងចាប់ផ្តើមធ្វើការវិនិយោគ នៅក្នុងដំណើរការផលិតកម្មរបស់ខ្លួនហើយ ហើយឧស្សាហកម្មផ្សេងៗដែលពាក់ព័ន្ធឧស្សាហកម្មដែលចិនផលិត ឧទាហរណ៍ ឧស្សាហកម្មផលិតថ្នាំពេទ្យនិងបរិក្ខាពេទ្យ។ ខ្ញុំទើបតែដឹងថា ប្រទេសលើពិភពលោក ដើម្បីផលិតថ្នាំអង់ទីប៊ីយូទិច ត្រូវការវត្ថុធាតុដើម ៥០ភាគរយពីប្រទេសចិន ដូច្នេះ នៅពេលមានវិបត្តិសុខភាពសាធារណៈ ពិភពលោកកើតឡើង រោងចក្រថ្នាំពេទ្យមួយចំនួនត្រូវបិទទ្វារ ព្រោះអ្វី? គឺរឿងសាមញ្ញបំផុត គឺខ្វះវត្ថុធាតុដើមដែលចិនផលិតឲ្យ ព្រោះចិនគាត់ត្រូវតែការពារប្រជាជន១៤០០លាននាក់ ប្រជាជនទំាំងអស់គឺជាប្រជាជនពិភពលោក ដូច្នេះ គាត់ត្រូវការពារសិន ធ្វើឲ្យវិធានការមួយចំនួនត្រូវបានរឹតត្បឹង អញ្ចឹងរោងចក្រត្រូវបិទ ដូច្នេះហើយបញ្ហានេះគឺជាបញ្ហាធំណាស់ក្នុងសភាពការណ៍នេះ ដូច្នេះ ប្រសិនជាគេគ្រប់គ្រងបាន ឥលូវចិនគ្រប់គ្រងបានហើយ តែពួកគេមកគ្រប់គ្រងបាននៅឆមាសទី២នេះ ទើបសង្ឃឹមថា ២០២០នឹងអាចមានការកើនឡើងវិញ ជាផ្នែកៗ ហើយសភាពការណ៍ នឹងត្រលប់មករកភាពដើមវិញ ដូច្នេះ ក្នុងដំណើរការនេះ យើងមានសុទិដ្ឋនិយមមែនទែន ឆ្នាំ២០២២ មិត្តចិននៅតែជ្រោងទង់ជំនះ សម្រាប់ការគ្រប់គ្រង និងមានតួនាទីដឹកនាំពហុភាគីនិយម ក៏ដូចជា នៅក្នុងផលិតកម្មពិភពលោក ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top