ព័ត៌មានជាតិ

ព្រលានយន្តហោះភ្នំពេញថ្មី សាងសង់សម្រេចបានជាង ៣០% ខណៈមានការយឺតយ៉ាវបន្តិច ដោយសារជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានថ្លែងថា ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល និងតាកែវ សម្រេចបានជាង ៣០% ហើយ ប៉ុន្តែការសាងសង់នៅតែបន្តដំណើរការ បើទោះបីមានភាពយឺតយ៉ាវាបន្តិចបន្តួច ដោយសារការរីករាលដាល ជាសកលនៃកូវីដ១៩ នៅលើពិភពលោក ក៏ដូចជាកម្ពុជាក៏ដោយ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» នៅថ្ងៃទី១៦ មេសានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «ការអភិវឌ្ឍន៍អាកាសយានដ្ឋានភ្នំពេញថ្មី នៅតែដំណើរការទេ ប៉ុន្ដែមានផ្ដល់ប៉ះពាល់ខ្លះដែរ ពីកូវីដ ដោយសារតែអ្នកជំនាញការចិនមួយចំនួន ក្នុងនោះភាគច្រើនជាក្រុមហ៊ុនចិន ចឹងដោយសារអ្នកជំនាញមួយចំនួនគាត់ទៅស្រុក ហើយពិបាកមកវិញ ចឹងមានការយឺតយ៉ាវ ប៉ុន្ដែដំណើរការនៅតែដំណើរការធម្មតា ប៉ុន្ដែយឺតជាងមុនមានជំងឺកូវីដ ប៉ុន្ដែនៅបន្ដរហូត ចឹងភ្នំពេញហ្នឹងដំណើរការបានប្រហែលជាង ៣០% ហើយ»។

លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បែងចែកជា២ ដំណាក់កាល គឺដំណាក់កាលទី១ ព្យាករណ៍ថា នៅឆ្នាំ២០៣០ នឹងទទួលបានអ្នកដំណើរ ១៣លាននាក់ និងដំណាក់កាលទី២ នៅឆ្នាំ២០៥០ នឹងទទួលបានអ្នកដំណើរ ៣០លាននាក់ ។

លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា តាមស្ថិតិបានបង្ហាញថា នៅក្នុងខែមករា ពេលទើបផ្ទុះឡើងជំងឺកូវីដ១៩ ភ្ញៀវថយចុះជាមធ្យមប្រហែល ២០ភាគរយ ខែកុម្ភៈ ដោយសារមានវិធានការពីប្រទេសផ្សេងៗ បិទជើងហោះហើរផង ថយចុះជាង ៥០ភាគរយ ខែមីនា ចុះជាង ៧០ភាគរយ រហូតដល់ខែមេសា ចុះជាង ៩០ភាគរយ ។ លោកថា វិស័យអាកាសចរណ៍នៅកម្ពុជា បច្ចុប្បន្នបានរងផលប៉ះពាល់ដល់ ដោយសារតែ ជំងឺកូវីដ១៩ ដោយសារថ្ងៃខ្លះ ស្ទើរតែគ្មានជើងហោះហើរចេញ ឬចូលកម្ពុជាតែម្ដង ប៉ុន្ដែការដឹកជញ្ជូនទំនិញ គឺរងផលប៉ះពាល់បន្ដិចបន្ទួច ដោយសារក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន បង្វែរទៅដឹកទំនិញវិញ ។

ដោយឡែកចំពោះគម្រោងសាងសង់ ព្រលានយន្តហោះនៅមណ្ឌលគិរី លោក ស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ថា ក្រុមមការងារបច្ចេកទេសទំាងរដ្ឋ និងឯកជនកំពុងសិក្សា គ្រោងនឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យនិងសម្រេចនៅពេលខាងមុខ ។ លោកថាថា តាមការវាយតម្លៃគម្រោងសាងសង់ អាកាសយាន្តដា្ឋន ក្នុងខេត្តមណ្ឌលគិរី គ្រោងចំណាយថវិការហូតដល់ ៦០លានដុល្លារ ប៉ុន្តែតម្លៃសាងសង់នឹងប្រែប្រួលបន្ថែមទៀត ខណៈការសិក្សាមិនទាន់ចប់រួចរាល់ ។

ចំពោះក្រុមហ៊ុនដែលរងផលប៉ះពល់ ដោយជំងឺកូវីដ១៩ លោកលើកឡើងថា គិតមកដល់ថ្ងៃនេះ មិនទាន់មានក្រុមហ៊ុនណាមួយ ក្ស័យធនដោយសារជំងឺកូវីដ១៩ នៅឡើយទេ ព្រោះរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ជួយដល់ក្រុមហ៊ុន អាកាសចរស៊ីវិលទាំង ៦នៅកម្ពុជា ដូចជាការអនុគ្រោះពន្ធអប្បបរិមា ១០ភាគរយ ក្នុងរយៈពេល៣ខែ និងការពន្យារពេលការបង់ប្រាក់ សង់ទៅរដ្ឋវិញជាដើម ៕

To Top