Covid-19

ការ​ប្រជែង​ ភូមិសាស្ត្រ​នយោបាយ​ នៅ​តែ​សកម្ម ​ខណៈ​កម្ពុជា​ កំពុង​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩

ភ្នំពេញ៖ វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩​ បាន​នាំ​ឱ្យ​សកម្ម​ភាព​ជាច្រើន​ ជាប់​គាំង​ក្នុង​សភាព​ស្ងៀម​នឹង តែ​ការណ៍​នេះ​មិន​បាន​បញ្ឈប់​ ទាល់​តែ​សោះ​ការ​ប្រកួត​ប្រជែង​ ភូមិ​សាស្ត្រ​នយោបាយ​រវាង​ មហា​អំណាច​និង​ភាគី​ពាក់ព័ន្ធ​ នៅ​ជុំវិញ​ប្រទេស​កម្ពុជា ​ខណៈ​កម្ពុជា​កំពុង​ប្រឹងប្រែង​ទប់ទល់​ ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ​នៃ​ ជំងឺ​ផ្លូវ​ដង្ហើម​បែប​ថ្មី​នេះ។​ នេះបើយោងតាមការចុះផ្សាយ របស់ VOA ។

អ្នក​វិភាគ​បាន​មើល​ឃើញ ​អំពី​ការខិត​ជិត​ស្និទ្ធ​គ្នា​របស់​កម្ពុជា​ ជាមួយ​ប្រទេស​ចិន ​ដែល​ជា​ទី​ដំបូង​គេ​នៃ ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា ​និង​ការ​មើល​មុខគ្នា​កាន់​តែ​ពិបាក ​ជាមួយ​វៀតណាម​ជា​សម្ព័ន្ធ​មិត្ត​ចាស់ ​ខណៈ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ព្យាយាម​រំលេច​ នូវ​មុខងារ​នៃ​ជំនួយ​របស់​ខ្លួន ​ផ្គត់ផ្គង់​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការងារ​ បច្ចេកទេស​ទប់ទល់​នឹង​វិបត្តិ​នេះ​ផង​ដែរ។​

ការណ៍​នេះ​បាន​បង្ហាញ​យ៉ាងច្បាស់​ អំពី​ការ​ប្រជែង​គ្នា​ផ្នែក ​ភូមិ​សាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​ នៅ​ក្នុង​តំបន់​ដែល​កើត​មាន​នៅ​កម្ពុជា ​និង​បាន​រំលេច​អំពី​តួអង្គ​សំខាន់ ​នៃ​នយោបាយ​ការ​បរទេស​កម្ពុជា​ផង​ដែរ។​

ជាក់ស្ដែង​ កាល​ពី​ថ្ងៃ​អង្គារ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​តាម​រយៈការភ្ជាប់វីដេអូពី​ចម្ងាយមួយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានថ្លែង​ចំណាប់​អារម្មណ៍​របស់កម្ពុជា​ ដោយ​លោក​បាន​លើក​ឡើង​អំពី​កង្វល់​នៃ​រដ្ឋាភិបាលរបស់លោក ​ចំពោះ​ប្រទេស​ជា​មិត្ត​នានា​ក្នុង​យុទ្ធនាការ​ប្រឆាំង នឹង​ការ​រីករាលដាល​នៃ​ជំងឺកូវីដ១៩។​

«អាស៊ាន​ដែល​ជា​សហគមន៍​ មានវាសនា​រួមគ្នា​គប្បី​ត្រូវលើកកម្ពស់ ​និង​សម្របសម្រួល​កិច្ចសន្ទនា​ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ចំពោះ​ការ​ ដាក់ចេញ​នូវវិធានការផ្សេងៗ​ ដើម្បី​បញ្ចៀស​នូវ​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ ដល់​សេដ្ឋកិច្ច-សង្គម​ នៅ​ក្នុង​តំបន់​ ដូចជា​ការ​ចាត់​វិធានការ​ ជា​ឯកតោ​ភាគី​ជាអាទិ៍​ ការ​បិទ​ច្រក​ឆ្លង​កាត់​ព្រំដែន ​ដោយមិនបាន​ជូនដំណឹងជាមុន»។

ទោះ​លោក​ហ៊ុន សែន​ ថ្លែង​មិនចំ​ឈ្មោះ​ប្រទេសណា​ ក៏​ក្នុង​សេចក្ដី​រាយការណ៍​អំពី​ ជំនួប​នោះ​ទីភ្នាក់ងារសារព័ត៌​មាន​កម្ពុជា ​AKP ​គ្រប់គ្រង​ដោយ​រដ្ឋ ​បាន​បញ្ជាក់​ដោយ​លើក​ពីសាវតារឿង​ដែល​ថា គឺ​ប្រទេសវៀតណាម ដែលត្រូវបានរាយការណ៍ថា បាន​បិទ​ព្រំដែន ដោយ​មិនបាន​ជូនដំណឹង​កម្ពុជាជា​មុន កាលពី​ខែមីនា​កន្លង​ទៅ។​

​លោក​ សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភាកម្ពុជា ​ដែល​ជាស្ថាប័ន​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល ​មានប្រសាសន៍ថា​ ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ​និង​ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​ ជា​សញ្ញាបង្ហាញ​ថា ​ស្មារតី​អាស៊ាន​ «សហគមន៍តែមួយ» ​ហាក់​ពិបាក​អនុវត្ត។​

លោក​សុខ ​ទូច ប្រាប់​ VOA ថា៖​ «នេះ​គ្រាន់តែជា​ការ​បន្ធូរ​អារម្មណ៍»។​

លោកបន្ថែមថា៖ «លោក​មិន​បាច់​និយាយ​ដល់​កម្ពុជា​ទេ។​ លោក​ឧទាហរណ៍​ លោក​ដើរ​ទៅណា​ហើយ​ប្រាប់​ប្រពន្ធ​ហើយ ​ហើយ​ចុង​ក្រោយ​មក​ប្រពន្ធ ​បិទ​ទ្វារ​ចោល ​លោក​ដោយ​អត់​ប្រាប់​ លោក​លោក​មាន​អារម្មណ៍​ថា​ម៉េច?​ អាហ្នឹង​យើង​និយាយ​ពី​ក្នុង​គ្រួសារ​ ដូចគ្នា​អាស៊ាន ​គ្រួសារ​អាស៊ាន​ក្រែង​ថា​ ជោគវាសនា​តែ​មួយ​ហ្អេស ​ហើយ​អ្នក​ឯង​បិទ​ព្រំដែន​ដោយ​មិន​ប្រាប់​គ្នាថា​ តើ​ជោគវាសនា​យ៉ាងម៉េច​តែ​មួយ?»។​

ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ ​មិន​បាន​ឆ្លើយតបនឹងសំណើ តាមសារ​អេឡិចត្រូនិក​របស់​ VOA ដែលសុំការអត្ថាធិប្បាយលើបញ្ហានេះទេ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​ថ្ងៃទី១៨ ​ខែមីនា ​កម្ពុជា​បាន​អះអាង​ថា​ ភាគី​វៀតណាម ដែល​ទីក្រុង​ភ្នំពេញ​តែង​ចាត់​ទុក​ជា​«មិត្តជាប្រពៃណី»​ បាន​បិទ​ព្រំដែន​គោក​របស់​ខ្លួន​ ដោយ​ឯកតោភាគី​ និង​មិន​បាន​ពិគ្រោះ ​ឬ​ផ្ដល់ដំណឹងដល់​កម្ពុជាទេ។

ក្នុងសារសំឡេងមួយ​ផ្ញើ​ ជូន​មន្ត្រី​ក្រោម​បង្គាប់​លោក ហ៊ុន សែន បានបញ្ជា​ឱ្យមន្ត្រីកម្ពុជា​បិទព្រំដែនដែរ។​ លោកនាយករដ្ឋ​មន្រ្តីបាន ហៅទង្វើ​របស់​ភាគី​វៀតណាមថា «ពិបាកយល់»។

ចិន​ជា​ដៃគូ​ប្រជែងជាប្រវត្តិសាស្ត្រ ជាមួយប្រទេសវៀតណាម។ ទីក្រុងហាណូយស្ថិតនៅជួរមុខនៃសមរភូមិ ប្រឆាំងការពង្រីកវាតទីរបស់ចិន ហើយ​ប្រទេស​មហា​អំណាច​នេះ ​អះអាង​ពី​ការ​គ្រប់​គ្រង​អធិបតេយ្យភាពស្ទើរតែទាំងស្រុង នៅដែនសមុទ្រចិនខាងត្បូង​ ដែល​កំពុង​មាន​ជម្លោះ។

ប្រទេស​ចិន និង​វៀតណាម​ ដែល​ជា​រដ្ឋ​កុម្មុយនីស្ដ​ បាន​ស្ថិតក្នុង​សង្គ្រាមពាក្យសម្ដី ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​វៀតណាម​បាន​ចោទ​ កងកម្លាំង​ឆ្មាំសមុទ្រ​របស់​ចិន​ថា​ បុក​ពន្លិច​ទូក​នេសាទ​របស់​ខ្លួន​នៅ​តំបន់​ទឹក​មាន​ជម្លោះ។

នៅកម្ពុជាវិញ ខណៈវៀតណាម​សម្រេច​បិទ​ព្រំដែន ​របស់​ខ្លួន​ជាមួយ​កម្ពុជា​ ដើម្បីបញ្ចៀសការ​រាត​ត្បាត​វីរុស​កូរ៉ូណា កងយោធពលខេមរភូមិន្ទកម្ពុជា កាល​ពី​ខែមីនា បាន​កំពុងធ្វើសមយុទ្ធរួមប្រចាំឆ្នាំជាមួយ​កងទ័ពរំដោះប្រជាជនចិន នៅ​ខេត្តកំពត ជាប់ព្រំដែនវៀតណាម។

លោក មាស នី ​អ្នក​អត្ថាធិប្បាយ​នយោបាយ​កម្ពុជា​ យល់​ឃើញ​ថា វៀតណាម​អាច​មាន​ការ​បារម្ភ​ អំពី​ការ​ជិត​ស្និទ្ធ​គ្នា​រវាងកម្ពុជា និង​ចិន។​

លោក​បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖​ «នៅ​ក្នុង​ស្ថានភាព​បែប​ហ្នឹង​ បើ​សិន​ជា​កម្ពុជា​ភ្លេច​ខ្លួន​នៅ​ក្នុង ​ការ​ទំនាក់​ទំនង​ជាមួយ​វៀតណាម ​ដែល​ជា​មិត្ត​ចាស់​ ហើយ​ដែល​ជា​អ្នក​ដែលរដ្ឋាភិបាល ​កម្ពុជា​តែង​ប្រើ​ពាក្យ​ថា​ ជា​អ្នក​មាន​គុណមកលើកម្ពុជា ​ក្នុង​ការរំដោះ​ថ្ងៃ៧​ មករាអីហ្នឹង​ អាហ្នឹងចង់​មិនចង់ ក៏​អាច​ធ្វើ​ឱ្យ​វៀតណាម​ហ្នឹង​គេ​មានអារម្មណ៍​មិន​ពេញ​ចិត្ត ឬ​ក៏​យ៉ាង​ហោច​មាន​ការ​ប្រុងប្រយ័ត្ន​ តាម​ដាន​មក​លើ​ទំនាក់ទំនង​ហ្នឹង​ដែរ​បាទ!»។

តែ​សម្រាប់​លោក ​សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ថា​ប្រទេស​ជា​សមាជិក​អាស៊ាន​នីមួយៗ​ ដែល​ពិបាក​ធ្វើ​ការ​ជា​សហ​គមន៍​តែ​មួយ​នោះ ​ក៏​ដោយ​សារ​តែ​ពួក​គេ​ «មាន​បង​ធំ​រៀង​ខ្លួន»​ ហើយ​វៀតណាម​មិន​គួរ​អាក់​អន់​ស្រពន់​ចិត្តទេ។

«ប៉ុន្តែ​វៀតណាម​ក៏​ត្រូវ​គិត​ដែរ។ ​ខ្លួន​ឯ​ងឆ្លាត​ គេ​ក៏​ឆ្លា​ត​ដែរ ឆ្លាត​អី​តែ​ខ្លួន​ឯង។​ ខ្លួនឯង​កុម្មុយនីស្ដ​ទៅ​ចាប់​អាមេរិក​ប្រទេសប្រជាធិបតេយ្យ​ ហេតុអ្វី​ក៏​មាន​សេចក្ដី​សុខ​ម្ល៉េះ? ឯ​កម្ពុជា​ទៅ​ចាប់​រឿង​អី​អន់​ចិត្ត​កម្ពុជា?»។​

លោក កុយ គួង អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​លើក​ឡើង ដោយ​បដិសេធ​ចំពោះ​ការណ៍​ដែល​ថា​ភ្នំពេញ និងហាណូយ អាច​មាន​រឿងរកាំរកូស​ជាមួយ​គ្នា។​ លោក​បានប្រាប់ VOA ​តាមទូរស័ព្ទ​យ៉ាងដូច្នេះថា៖ «ដូចជា​មិនមា​នបញ្ហា​អ្វី​ទេ​រឿង​ហ្នឹងបាទ! សម្ដេច​[លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន] ​លោក​គ្រាន់​តែ​ជាការរំឭក ​ដល់​អាស៊ាន​ទាំង​អស់​ណា ​ដើម្បី​ធ្វើ​យ៉ាងណា​ មុន​ធ្វើឱ្យ​បានដឹង​ជាមុន​ ដើម្បី​យើង​មាន​វិធានការ​សម​ស្រប​ ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​រវាង​អាស៊ាន​ហ្នឹង ​មិនមាន​បញ្ហា​ប្រឈម​ទៅ​ណា!»។​

លោក Carlyle A. Thayer អ្នកជំនាញ​ដែលស្រាវជ្រាវទាក់ទង នឹងវៀតណាមនៅ​សាកលវិទ្យាល័យ ​New South Wales ប្រទេសអូស្ត្រាលី បាន​លើក​ឡើង​ថា ការណ៍​ដែល​វៀតណាម​ បិទ​ព្រំដែន​ជាមួយ​កម្ពុជា បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​វៀតណាម ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ឆ្លងកូវីដ១៩​ផង និង​បង្ហាញ​ពី​ការ​មិន​ទុកចិត្តថា អាជ្ញាធរសុខាភិបាលកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺបានល្អ។​

សាស្ត្រាចារ្យ​ជើងចាស់​រូបនេះ ​បាន​បញ្ជាក់​ប្រាប់ VOA ​តាម​សារ​អេឡិចត្រូនិក ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «វៀតណាម​បើ​មិនភិត​ភ័យ ក៏​ត្រូវ​តែមានស្មារតីប្រុងប្រយ័ត្នដែរ ចំពោះ​អ្វី​ដែល​ទំនង​ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស ​របស់​កម្ពុជា​ចំពោះ​ជំងឺ​ឆ្លងកូវីដ១៩»។

លោក Carlyle A. Thayer បាន​បន្ថែម​ថា វៀតណាម​បានកត់សម្គាល់​ ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណាត់ការ​ដំបូងៗរបស់​កម្ពុជា ពេល​ជំងឺកូវីដ១៩​ ចាប់រាតត្បាត​នៅ​ទីក្រុងមួយ របស់​ប្រទេសចិន ដែល​កម្ពុជា​បដិសេធ​ការ​ស្នើ​ឱ្យមាន​ការ​បិទ​ជើង​ហោះ​ហើរ ហើយ​មិន​ជន្លៀស​ពលរដ្ឋ​ខ្លួន​ ចេញ​ពី​ស្រុក​ចិន​ថែម​ទៀត​ផង ។​

«សរុប​បូក​រួម​ទៅ​លោក​ ហ៊ុន សែន​ នាគ្រា​នោះចង់​បង្ហាញ​ថា កម្ពុជា​គឺ​ជា​ដៃ​គូ​ដ៏​គួរឱ្យ​ជឿ​ទុក​ចិត្ត ​បាន​របស់​ប្រទេស​ចិន»។​

ក្នុង​កាយវិការ​ចង់​សម្រុះ​សម្រួល​ នាយករដ្ឋមន្ត្រី​វៀតណាម​ លោក Nguyen Xuan Phuc បាន​ហៅ​ទូរស័ព្ទមកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី២៧​ ខែមីនា ហើយ​នៅ​ថ្ងៃ​ដដែល ប្រមុខរដ្ឋាភិបាលវៀតណាមរូបនោះ ក៏​បាន​ទទួល​ជួប លោក ចាយ ណាវុធ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងហាណូយផងដែរ។

ក្រោយ​ពី​ជំនួបនោះ វៀតណាម​បាន​ប្រកាស​អំពី​ការ​ ផ្ដល់​ជំនួយ​ជា​ឧបក្ខារវេជ្ជសាស្ត្រ​តម្លៃ ១០ម៉ឺនដុល្លារ​ និង​សម្ភារៈសម្រាប់​តេស្ដ​វីរុស​កូរ៉ូណា​ តម្លៃ​ប្រមាណ​ ២១ម៉ឺនដុល្លារ​ ដល់​កម្ពុជា ​ខណៈ​អង្គភាព​យោធា​របស់​វៀតណាម គឺយោធភូមិភាគទី៧ នៃ​កងទ័ព​ប្រជាជនវៀតណាម ក៏​បាន​ផ្ដល់​សម្ភារៈពេទ្យ​ដល់​ អង្គភាព​កងទ័ព​របស់​កម្ពុជា​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ ជំនួយរបស់រដ្ឋាភិបាល​ចិនមកកម្ពុជា ​ក៏មានរួច​ជា​ស្រេចផងដែរ។ ​អំឡុង​ចុង​ខែ​មីនា និងដើម​ខែមេសានេះ ស្ថាន​ទូត​ចិន​នៅ​ភ្នំពេញ​បាន​អះអាង​ អំពី​ការបញ្ជូន​ជំនួយ​ជា​សម្ភារៈពេទ្យ​ជា​ច្រើន​តោន មកកម្ពុជា និង​មាន​ការ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ការ​ វេជ្ជសាស្ត្រ​ទាំង​ស៊ីវិល ទាំង​យោធា​សរុប១១នាក់ មកកម្ពុជា ដើម្បី​ង្រៀន និងជួយកម្ពុជាក្នុងការទប់ស្កាត់វីរុស​កូរ៉ូណា។

ស្ថានទូតចិននៅភ្នំពេញ​មិន​បាន​ ឆ្លើយ​តប​សំណើ​សុំ​ធ្វើ​បទសម្ភាសន៍របស់ VOA​ នោះទេ។ ​កាលពីសប្តាហ៍​មុ​ន អ្នក​នាំ​ពាក្យក្រសួង​ការបរទេសចិន លោក Zhao Lijian បាន​លើក​ឡើង​ថា ចិន​ប្ដេជ្ញា​ជួយ​កម្ពុជាប្រយុទ្ធយកឈ្នះ​ឱ្យខាន ​តែ​បាន​លើ​ជំងឺឆ្លង​រាត​ត្បាត​កូវីដ១៩។

«រឹងមាំ​ឡើង​កម្ពុជា»។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក Zhao Lijian ក្នុង​សន្និសីទ​សារ​ព័ត៌មានកាលពី​ថ្ងៃ​ទី​៨​ ខែមេសា។​

ការបញ្ជូន​ជំនួយ​ទៅ​បរទេស​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ បាន​ក្លាយ​ជា​ចំណុច​ស្នូល​ក្នុង​សភាពការណ៍ ចំពោះ​មុខ​នៃ​គោលនយោបាយ​ ការបរទេសចិន ខណៈដែលមេរោគនេះផ្ទុះឡើង ដំបូងចេញពីប្រទេស​ចិនខ្លួនឯង​តែ​ម្ដង។ នេះជាការលើកឡើងរបស់លោកស្រី Stella Hong Zhang ដែលកំពុងសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ ​George Mason សហរដ្ឋ​អាមេរិក។

លោកស្រី Stella Hong Zhang ដែលស្រាវជ្រាវ​លើ​មុខងារ​របស់ចិន​ ក្នុង​ការអភិវឌ្ឍ​សកល ​បានប្រាប់ VOA តាមសារ​អេឡិច​ត្រូនិក​យ៉ាង​ដូច្នេះ​ថា៖​

«ឥឡូវនេះគឺ​ថា​ ចិនបាន​វិវត្ត​ខ្លួន​ចេញ​ពី​ការ​រីករាល​ ធ្ងន់ធ្ងរ​នៃ​មេរោគ​ឆ្លង​នេះ ​ហើយ​ចាប់​បន្ត​នូវ​សកម្មភាព​ សេដ្ឋកិច្ច​ជា​ប្រក្រតី​ឡើង​វិញ ប្រទេសនេះ​ស្ថិត​ក្នុងកាលៈទេសៈ ពិសេស​មួយ​ក្នុង​ការ​ផ្ដល់​សម្ភារ​បច្ចេកទេស​ជាជំនួយ ​និង​ចែក​រំលែក​បទពិសោធន៍ ​នៃ​ការប្រយុទ្ធ​នឹង​មេរោគ​ឆ្លង​នេះ ជាមួយ​ប្រទេស​ដទៃ​ទៀត»។​

លោកស្រីក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ធ្វើ​ដូច្នេះ​ប្រទេស​ចិន​ក៏​ស្វះស្វែង​រកការប៉ះប៉ូវ លើ​ការ​អាក់អន់​ស្រពន់​ចិត្ត និងការគិតក្នុងចំណោម​ប្រទេស​នានា ​ដែល​កំពុងប្រឈមនឹងមេរោគនេះ ​ហើយបានឮ​សម្ដី​អ្នកការ​ទូត​ចិនចចេស​និយាយថា ​វីរុសនេះ​មិនមែន​មានដើមកំណើត​ ពី​ប្រទេស​ចិនទៅវិញ។

«ថា​តើ​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ទៅ​គ្រប់​ទិសទី ​បែប​នេះ​ប្រទេស​នានា ​នឹងមើល​មក​ប្រទេស​ចិនក្នុង​ក្រសែ​ភ្នែក​ភ្លឺថ្លា​ ជាង​នេះ​ឬយ៉ាង​ណា ជា​រឿង​មួយ​ផ្សេង​ទៀត​ ហើយ​និង​ត្រូវ​កំណត់​ដោយ​ ទំនាក់ទំនងនយោបាយ​ ដែលស្ថិតស្ថិរចីរកាល​ មាន​វត្តមាន​រួច​ជាស្រេច​ក្នុង​ប្រទេស​នីមួយៗ»។​

សហរដ្ឋអាមេរិក​បានក្លាយ​ជា ចំណុចក្តៅនៃ​ការ​ឆ្លងរីករាលដាល​ជំងឺ​កូវីដ១៩ ​ចាប់​តាំង​ពី​ខែ​មីនា​មក ឆ្លង​ចូល​ដល់​ខែ​មេសា​នេះ ដោយមាន​អត្រា​អ្នកឆ្លង និង​អ្នក​ស្លាប់​ច្រើន​ជាង​គេក្នុងពិភព​លោក។​

លោកស្រី Stella Hong Zhang បាន​លើក​ឡើង​ថា៖ «ឥរិយាបថ​នៃ​ថ្នាក់ដឹកនាំ​នយោបាយ ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក គឺ​ត្រូវ​កំណត់​រួច​ជា​ស្រេច​ដោយ​លក្ខខណ្ឌ ​ស្ថាន​ភាព​ដែល​មាន​ស្រាប់ ដោយ​មិន​អាស្រ័យ​លើ​ប្រសិទ្ធភាព ​នៃ​ការ​គ្រប់គ្រង​ទប់ទល់​របស់ចិន​ និង​អាមេរិក​ជាមួយ​វីរុស​នេះ​បា​ន​ល្អ​ ឬ​មិន​ល្អ​យ៉ាង​ណា​នោះ​ទេ។

យ៉ាង​ណាក៏​ដោយ នៅ​ប្រទេសកម្ពុជា ការ​ទូត​សុខាភិបាល​របស់​សហរដ្ឋអាមេរិក ក៏បានកើតឡើង កាល​ពី​សប្ដាហ៍​មុន នៅ​ពេលដែល​គេ​ឃើញ​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ស្ថាប័នវេជ្ជសាស្ត្រ​នានា​របស់កម្ពុជា ដែល​ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក គឺ​នាយកដ្ឋាន​ប្រយុទ្ធ​នឹងជំងឺឆ្លង នៅ​ក្រសួង​សុខាភិបាល។

លោកស្រី Emily V. Zeeberg អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ បាន​លើក​ឡើង​ថា​សហរដ្ឋអាមេរិក បាន​ផ្ដល់ជំនួយ​គិតជា​ទឹកប្រាក់ ​២លាន១០ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ចាប់​តាំង​ពី​អំឡុងទសវត្សរ៍​ឆ្នាំ​២០០០មក អាមេរិក​បាន​ជួយ​កម្ពុជា​ពង្រឹងសមត្ថភាព ​ធ្វើ​ទំនើបកម្ម​មន្ទីរ​ពិសោធន៍ និង​ការ​គ្រប់​គ្រង​ជំងឺ​ឆ្លង។​

«បុគ្គលិក​ទាំង​ជាតិ​អាមេរិក​ និង​ជាតិ​កម្ពុជា​នៃ​មជ្ឈមណ្ឌល ​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើការនៅ​កម្ពុជាបាន​ធ្វើការ​ប្រកៀក​ស្មា​ ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នានា​ផ្សេង​ទៀត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​កំណត់​ផែន​ការ និង​ដាក់​ចេញ​អនុវត្ត​បណ្ដា​ ការងារ​ស្នូល​មួយ​ចំនួន»។​

ការងារ​ទាំង​នោះ ​រួម​មាន​ការ​កំណត់​លក្ខខណ្ឌ​ សមស្រប​នៃ​ការ​ដាក់​បុគ្គល​ដែល​ត្រូវ​ បាន​សង្ស័យ​ថា​ឆ្លង ឱ្យ​នៅ​ដាច់ដោយឡែក ការ​តាម​ដាន​ករណី​ឆ្លង ការ​ត្រួត​ពិនិត្យ ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជា​ដើម។ នេះ​បើ​យោងតាម​អ្នក​នាំ​ពាក្យស្ថាន​ទូត​សហរដ្ឋ​អាមេរិក​រូប​នេះ។​

លោក មាស នី អ្នក​អត្ថាធិប្បាយ​នយោបាយ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​សហរដ្ឋ​អាមេរិកចេញ​មក​ បង្ហាញប្រាប់សាធារណជន​កម្ពុជា អំពី​មុខងារ​របស់​ខ្លួន​នេះ ក៏​ដោយសារ​តែការ​ទទួលស្វាគមន៍ មិន​សមាមាត្រ​គ្នា​របស់​កម្ពុជា ពេលទទួលជំនួយចិន និង​ជំនួយ​ប្រទេស​ដទៃ​ក្រៅ​ពី​ចិន។ លោក​ថា ពេល​ដែល​ជំនួយចិន​មក​ដល់​មាន​ ការ​ផ្សព្វ​ផ្សាយនិងការទទួល​រាក់​ទាក់​យ៉ាង​កក់​ក្តៅ ខុសប្លែកពី​ពេល​ដែល​ កម្ពុជា​ទទួលជំនួយ​ពី​ប្រទេស​ផ្សេង​ទៀត។

ក្រៅពី​សហរដ្ឋអាមេរិក ចិន និងវៀតណាម កម្ពុជា​ក៏​បាន​ទទួល​ជំនួយ ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩ ពី​ប្រទេសអាល្លឺ​ម៉ង់​ គិត​ជា​ទឹកប្រាក់ ​១លាន៦០ម៉ឺនដុល្លារ ពី​ធនាគារពិភពលោក គិត​ជា​ទឹកប្រាក់ ២០លានដុល្លារ និងពី​ប្រទេស​ជប៉ុនគិតជា​ទឹកប្រាក់ ​២០លាន​ដុល្លារ។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​លើក​ឡើង​ថា ​កម្ពុជា​និយម​រាប់​អានគ្រប់​ភាគី​បរទេស​ទាំងអស់ ​ដោយមិន​ប្រ​កាន់នរណា​ជា​នរណា​នោះ​ទេ។

«បាទអ៊ីចេះ នយោបាយថែរក្សាមិត្ត​ចាស់ ពង្រីក​មិត្ត​ថ្មី គឺ​ថា​យើង​ប្រើ​គ្រប់ពេល​ទេ​មិន​មែន​ថា ទាល់​តែ​កាលៈទេសៈ​នេះ បានយើងឆ្លៀត​ធ្វើ​ឱ្យ​បាន​ចំណេញ​កាន់​តែ​ច្រើន គឺ​អត់​ទេ គឺ​ថា​យើង​អនុវត្ត​នយោបាយ​នេះ​គឺ​ជា​ប្រចាំ​ទេ​បាទ!»៕

To Top