ព័ត៌មានជាតិ

កម្ពុជា ពន្យល់ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ១១ចំណុច ពីច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន

ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានឆ្លើយតប និងស្រាយបំភ្លឺ ១១ចំណុចសំខាន់ៗ ទៅកាន់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានរិះគន់ និងបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៧ មេសានេះ បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀត នៅទីក្រុងហ្សឺណែវ សូមសំដែងគារវកិច្ចចំពោះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងមានកិត្តិយសសូមយោង លើលិខិតរបស់ការិយាល័យឧត្តមស្នងការលេខ OL KHM 1/2020 ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ស្តីពីលិខិតរួមគ្នាមួយច្បាប់ របស់នីតិវិធីពិសេសអង្គការសហប្រជាជាតិ ផ្ញើជូន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ ដែលនៅក្នុងលិខិតនោះ ក្រុមការងារនីតិវិធីពិសេស បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅកម្ពុជា។

ក្នុងន័យនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា សូមផ្តល់នូវការបំភ្លឺ ១១ចំណុចសំខាន់ៗដូចខាងក្រោម៖

១.វាជាបញ្ហាធម្មតាទេ នៅពេលដែលមានការព្រួយបារម្ភ កាន់តែខ្លាំងចំពោះការគម្រាមកំហែង ដ៏គួរឱ្យភ័យខ្លាចនិងហានិភ័យ ដល់អាយុជីវិតមនុស្ស ដែលបង្កឡើងដោយជំងឺឆ្លងកូរ៉ូណា (កូវីដ១៩) ប្រទេសជាច្រើនត្រូវបានបង្ខំចិត្ត ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ដោយមានការដាក់កម្រិតទៅលើ សេរីភាពនៃការបម្លាស់ទី ការជួបជុំ និងឯកជនភាព។ យ៉ាងហោចណាស់ប្រទេសចំនួន ៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសឱ្យនៅក្នុងភាពអាសន្ន និងចាត់វិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃរីរុសនេះ។

២.កតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ និងសេចក្តីប្រកាសជាសកលស្តីពី សិទិ្ធមនុស្ស ចែងពីការកម្រិតបណ្តោះអាសន្ន នូវសិទ្ធិនិងសេរីភាពខ្លះ នៅក្នុងស្ថានភាពអាសន្ន។ ប៉ុន្តែ ការរឹតត្បិតទាំងនោះ នឹងត្រូវបានកំណត់ដោយច្បាប់ សម្រាប់ជាសារៈប្រយោជន៍សាធារណៈ និងផលប្រយោជន៍រួម។

៣.ប្រទេសកម្ពុជាបានប្រកាន់ យកនូវគោលនយោបាយ និងវិធានការជាក់ស្តែង ក្នុងការបង្ការ និងទប់ស្កាត់ការផ្ទុះឡើងនូវ ការឆ្លងមេរោគដ៏កាចសាហាវនេះ។ ក្នុងចំណោមវិធានការផ្សេងទៀត ដែលបានដាក់ចេញកន្លងមក គឺការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ដែលបច្ចុប្បន្នកំពុងត្រូវបាន ពិនិត្យដោយព្រឹទ្ធសភា។

៤.ខណៈពេលដែលមាត្រា២២ ថ្មីនៃរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមាន ការប្រកាសដាក់ប្រទេសឱ្យនៅក្នុងភាពអាសន្ន ប៉ុន្តែច្បាប់ស្តីពីការប្រកាសភាពអាសន្ននេះ នៅពុំទាន់មាននៅឡើយ ហើយនេះជាហេតុផលដែលនាំ ឱ្យមានសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ។

៥.ច្បាប់បែបនេះត្រូវបានអនុញ្ញាត ដោយលិខិតុបករណ៍ជាតិនិងអន្តរជាតិ ស្តីពីសិទិ្ធមនុស្ស ដូចជា រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា (មាត្រា២២ថ្មី មាត្រា៣១ មាត្រា៨៦ និងមាត្រា១០២ថ្មី) សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា២៩) កតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងសិទិ្ធនយោបាយ (មាត្រា ៤) ការបកស្រាយរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រួមទាំងសេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ។ល។

៦.ដូចច្បាប់ស្តីពី«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នៅទូទាំងពិភពលោកដែរ សេចក្តីព្រាងច្បាប់នេះចែងអំពីនីតិវិធី និងលក្ខខណ្ឌសម្រាប់ប្រកាសភាពអាសន្ន ការដាក់ចេញនូវវិធានការដោយរដ្ឋាភិបាល កាតព្វកិច្ចនៃការរាយការណ៍របស់រដ្ឋាភិបាល និងការដាក់ទណ្ឌកម្មចំពោះការរារាំង និងការរំលោភលើវិធានការរបស់រដ្ឋាភិបាល។ ច្បាប់ត្រូវចែងពីការដាក់ទណ្ឌកម្ម ចំពោះការមិនគោរពតាម ដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្ត ។ បើប្រៀបធៀបទៅនឹងច្បាប់ របស់ប្រទេសដទៃក្នុងតំបន់អាស៊ី និងអឺរ៉ុប សេចក្តីព្រាងច្បាប់របស់កម្ពុជា គឺមានលក្ខណៈធូរស្រាលជាង ទាំងអំណាចនិងវិធានការដាក់ទោស នានា។

៧.នៅពេលអនុវត្តច្បាប់ គោលការណ៍គណនេយ្យភាព សមាមាត្រភាព និងភាពចាំបាច់ ត្រូវយកមកអនុវត្ត។ អំណាចដែលប្រគល់ជូនរដ្ឋាភិបាល សម្រាប់ការចាត់វិធានការ នៅពេលប្រទេសស្ថិតក្នងភាពអាសន្ន មិនមែនជាអំណាចគ្មានដែនកំណត់នោះទេ។ មាត្រា ៨៦ និងមាត្រា ១០២ថ្មី នៃរដ្ឋធម្មនុញ្ញ ចែងអំពីយន្តការត្រួតពិនិត្យដោយសភាទាំងពីរថ្នាក់របស់កម្ពុជា។ បន្ថែមពីលើនេះ មន្រ្តីអនុវត្តច្បាប់ ដែលអនុវត្តតាមអំពើចិត្ត និងបំពានច្បាប់ នឹងត្រូវផ្តន្ទាទោសដោយតុលាការ។

៨.ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងត្រូវយកមកអនុវត្តតែក្នុងស្ថានភាព ចាំបាច់ដែលត្រូវការវិធានការបន្ថែម និងមានសេចក្តីត្រូវការចាំបាច់បំផុត សម្រាប់ការពារនិងថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីការពារអាយុជីវិតប្រជាជន សុខភាពសាធារណៈ ផលប្រយោជន៍សាធារណៈ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ។ ម្យ៉ាងវិញទៀត ការដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវប្រកាសនៅក្នុងរយៈពេលកំណត់ជាក់លាក់ នៅទូទាំងប្រទេស ឬក្នុងវិសាលភាពភូមិសាស្ត្រជាក់លាក់ណាមួយ ដែលមានស្ថានភាពធ្ងន់ធ្ងរ និងមិនអាចគ្រប់គ្រងបាន។

៩.កម្ពុជាប្តេជ្ញាអនុវត្តកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមមាត្រា៤នៃកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ប្រសិនបើមានការប្រកាសដាក់ប្រទេសនៅក្នងភាពអាសន្ន ហើយច្បាប់ស្តីពី »ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន» ត្រូវបានយកមកអនុវត្ត ដើម្បីផលប្រយោជន៍សាធារណៈ។

១០.នៅក្នុងគ្រាដែលការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩មានភាពធ្ងន់ធ្ងរ ការលើកឡើងថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ថាជាការរំលោភសិទ្ធិមនុស្ស គឺជាការលើកឡើងដែលមិនត្រឹមតែ គ្មានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះទេ ហើយថែមទាំងជាការបង្ហាញពីការ អនុវត្តសិទ្ធិមនុស្សដោយរើសមុខ និងលំអៀង ។ នេះគឺជាកាតព្វកិច្ចជាសកល សម្រាប់អាជ្ញាធរនិងស្ថាប័ននានា រួមទាំងអង្គការសុខភាពពិភពលោក និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីធានា និងការពារអាយុជីវិតរបស់ប្រជាជន។

១១.ទោះយ៉ាងណាក្តី និងដោយមិននិយាយដល់ការព្រួយបារម្ភ ដែលសំដៅមកលើតែកម្ពុជា ប្រការនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់កាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការគាំពារអាយុជីវិតប្រជាជន និងសុខភាពសាធារណៈ ការពារសន្តិសុខជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈនោះឡើយ។ ការអនុវត្តនេះវាស្ថិតនៅក្នុងសិទ្ធិ អធិបតេយ្យរបស់រដ្ឋាភិបាល ដែលជាអ្នកបំពេញករណីយកិច្ចក្នុងការការពារ និងធានាសន្តិសុខប្រជាជនរបស់ខ្លួន ពីការគម្រាមកំហែង និងគ្រោះថ្នាក់នានាគ្រប់ប្រភេទ ដូចជា ឧបទ្ទវហេតុនៃសង្រ្គាម ការឈ្លានពានរបស់បរទេស ស្ថានភាពអាសន្ននៃសុខភាពសាធារណៈ និងការរីករាលដាននៃជំងឺ ៕

To Top