Covid-19

ត្រឹមថ្ងៃ១៧ មេសា ថវិកាទទួលបាន ពីសប្បុរសជន សម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ១៩ មានជាង ១៣លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនដែលបាន ចូលរួមសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ១៩ មានចំនួនទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈបរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យជាដើម ដែលមានតម្លៃរាប់លាន ដុល្លារថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះថា ដោយឡែកការរួមវិភាគទាន តាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គិតត្រឹមព្រឹកថ្ងៃ១៦ មេសា មានចំនួន ១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់ នៅក្រសួងមុខងារសារធារណៈ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ របស់ប្រជាជនកម្ពុជា យើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ។ សម្ដេចក៏សូមថ្លែងអំណរព្រះគុណ ថ្វាយព្រះ
មហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ ៕

To Top