ព័ត៌មានជាតិ

សម្ដេចតេជោ៖ ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន ជាថ្ងៃឡើងកាន់អំណាច របស់ខ្មែរក្រហម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកពីប្រវត្តិអតីតកាលថា ថ្ងៃទី១៧ មេសា កាលពី៤៥ឆ្នាំមុន គឺជាខួប នៃការឡើងកាន់អំណាច នៃរបបប្រល័យពូជសាសន៍ប៉ុលពត ឬហៅថា របបខ្មែរក្រហម ហើយក៏ជាថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ទាំងមូលអោយចាកចេញ ទៅតាមបណ្តាខេត្ត ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះថា «ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបបកម្ពុជាប្រជាធិបតេយ្យ ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប ប្រល័យពូជសាសន៍ប៉ុលពត ឬហៅថា របបខ្មែរក្រហម។ ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ ទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀស ប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របី ទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ» ។

សម្ដេចតេជោបន្តថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ ។ សូម្បីតែស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវអោយស្លៀកពាក់តែ ខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់ ។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋ តាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម…។

សម្ដេចបន្ថែមថា ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើឲ្យប្រជាពលរដ្ឋស្លាប់ បាត់បង់ជីវិតអស់ជាង ៣លាននាក់ ហើយនៅពេលនោះ ក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណា មកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ ។ យើងចងចាំរបបដ៏ព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់ កុំឲ្យកើតឡើងសារជាថ្មី នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top