ព័ត៌មានជាតិ

កម្ពុជា-ថៃ កំពុងចរចា បើកច្រកព្រំដែន អន្តរជាតិព្រំ និងបាន ផាកាត ឡើងវិញ ដើម្បីដោះដូរទំនិញ

ភ្នំពេញ៖ កម្ពុជា-ថៃ កំពុងចរចាគ្នា ដើម្បីបើកច្រកព្រំដែនអន្តរជាតិ បាន ផាកាត និងព្រំដែនអន្តរជាតិព្រំ ឡើងវិញ ដើម្បីដោះដូរទំនិញ ជាពិសេស ចំពោះតែមធ្យោបាយ ដឹកទំនិញកសិផលផ្សេងៗតែប៉ុណ្ណោះ ។ នេះបើយោងតាមហ្វសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ក្នុងកិច្ចប្រជុំស្តី អំពីការងារសុំបើកច្រក ឲ្យមានដំណើរការ ទំនិញចេញ-ចូល ជាមួយភាគីថៃ នៅសាលាស្រុកពោងណាមរ៉ន ខេត្តច័ន្ទបូរី ប្រទេសថៃ កាលពីរសៀលថ្ងៃទី១៧ មេសា លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកសំណូមពរ ដល់ភាគីថៃ ឲ្យដំណើរការបើកច្រកទ្វារ ដើម្បីនាំកសិផល និងទំនិញចេញ-ចូល បន្ទាប់មកឯកឧត្តមអភិបាលខេត្តច័ន្ទបូរី បានឆ្លើយតបនូវ សំណូមពរ របស់ភាគីកម្ពុជា ដោយផ្អែកលើគោលការណ៍ ក្រសួងមហាផ្ទៃថៃ នៅបន្តអនុវត្តក្នុងខេត្តមួយ ត្រូវឲ្យដំណើរការមធ្យោបាយ ទំនិញចេញ-ចូលតែមួយច្រក ។

ជាការឆ្លើយតបអភិបាលខេត្តច័ន្ទបូរី បានបញ្ជាក់ថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល និងមានការជូនដំណឹង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អំពីការដំណើរការបើកច្រកទ្វារអន្តរជាតិ បាន ផាកាត និងច្រកទ្វារ ព្រំដែនអន្តរជាតិព្រំឡើងវិញ ចំពោះតែមធ្យោបាយ ដឹកទំនិញកសិផលផ្សេងៗ ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីបង្ការនិង ទប់ស្កាត់ ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសថៃទាំងមូល អាជ្ញាធរខេត្តសាកែវ បានសម្រេចបិទ ជាបណ្ដោះអាសន្ន នូវច្រកព្រំដែនកម្ពុជា ថៃ ទាំងអស់គ្រប់កម្រិត ៕

To Top