ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ ចាត់ទុកការទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រី Rhona Smith លើច្បាប់គ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន គឺមិនត្រឹមត្រូវ លំអៀង និងនាំឲ្យមានការយល់ច្រឡំ ជាពិសេសមានលក្ខណៈបំភ័ន្ត ជាមួយនឹងមូលដ្ឋាននយោបាយ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ មេសា បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការសោកស្តាយចំពោះ សេចក្តីប្រកាសព័ត៌មានរបស់ លោកស្រីសាស្រ្តាចារ្យ Rhona Smith អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការគ្រប់គ្រង ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ដោយសារទស្សនៈលើកទ្បើង របស់លោកស្រីមានភាពលម្អៀង និងបំភ័ន្ត ជាមួយនឹងមូលដ្ឋាននយោបាយ ស្ថានបេសកកម្មអចិន្រ្តៃយ៍ កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីការចំណាយពេលបន្តិច ដើម្បីផ្តល់ការបំភ្លឺពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងការពិត ដូចតទៅ៖
១.ការអះអាងរបស់លោកស្រីដែលថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នធ្វើ
ឱ្យគ្រោះថ្នាក់ដល់សិទ្ធិមនុស្ស គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងបង្ហាញពីការអនុវត្តនូវសិទ្ធិមនុស្ស ដោយរើសមុខនិងលម្អៀង។ ការពិតគឺថា ច្បាប់នេះត្រូវបានអនុញ្ញាតដោយ និងស្របតាមដោយលិខិតុបករណ៍ សិទ្ធិមនុស្សជាតិនិងអន្តរជាតិ មានដូចជា រដ្ឋធម្មនុញ្ញកម្ពុជា(មាត្រា២២ថ្មី មាត្រា៣១ មាត្រា៨៦ និងមាត្រា១០២ថ្មី) សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (មាត្រា២៩) និងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា៤)។ល។
២.នៅពេលដែលមាន ការរីករាលដាលឆ្លងមេរោគកូវីដ១៩ កាន់តែខ្លាំងទ្បើងនិងឆាប់រហ័ស ថ្នាក់
ដឹកនាំនៃប្រទេស យ៉ាងហោចណាស់ចំនួន៧០ នៅទូទាំងពិភពលោក បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ តាមរយៈការដាក់កម្រិតជាបណ្តោះអាសន្ន ទៅលើសេរីភាពនៃការបំលាស់ទី ការជួបជុំ និងសិទ្ធិឯកជន។ ហេតុដូច្នេះ វាមិនយុត្តិធម៌ទាល់តែសោះក្នុងការរិះគន់កម្ពុជា ចំពោះការរៀបចំអោយមាន ច្បាប់មួយនេះឡើង។
៣.ប្រទេសកម្ពុជាយកចិត្តទុកដាក់ខ្ពស់ ចំពោះសិទ្ធិរស់រានមានជីវិត និងសុខភាព ដោយផ្អែកលើ សមត្ថភាពជាតិ។ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ជាអន្តរជាតិ ប្រទេសកម្ពុជាបានអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ផ្ទុកអ្នកដំណើរជាង ២.២០០ នាក់ បានចូលចត។ លើសពីនេះ ប្រទេសកម្ពុជាបានផ្តល់ការ ព្យាបាលដោយមិនគិតថ្លៃ ជូនទាំងជនជាតិខ្មែរ និងបរទេសដែលឆ្លងវីរុសកូវីដ១៩។ តួលេខនៃអ្នកព្យាបាលសះស្បើយសរុបចំនួន ៩៨នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ១៩ ចំនួន១២២នាក់ (ស្មើនឹង៨០,៣៣% គិតត្រឹមថ្ងៃនេះ) ឆ្លុះបញ្ចាំងអោយឃើញពី ការយកចិត្តទុកដាក់យ៉ាងខ្លាំង និងសមត្ថភាពនៃសេវាសុខាភិបាល សាធារណៈរបស់កម្ពុជា។ ជាការគួរអោយសោកស្តាយ អ្នករាយការណ៍ពិសេស និងសហការីរបស់លោកស្រីពុំដែលបាន លើកសរសើរកម្ពុជាជា សាធារណៈម្តងណាឡើយ ចំពោះកាយវិការប្រកបដោយមេត្តាធម៌នេះ និងប្រសិទ្ធភាពការងារ នៃសេវាសុខាភិបាលកម្ពុជា ដែលសំដៅធានាសិទ្ធិរស់រាន និងមានជីវិតរបស់មនុស្សគ្រប់រូប។ នេះគ្រាន់តែជាករណីមួយប៉ុណ្ណោះ ក្នុងចំណោមករណីជាច្រើន ដែលអ្នករាយការណ៍ពិសេស និងសហការីលោកស្រី មិនបានរាយការណ៍ឱ្យបានពេញលេញ អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
៤.ច្បាប់របស់ប្រទេសកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍គណនេយ្យភាព សមាមាត្រភាព ភាពចាំបាច់ និងពុំមានការរើសអើង។ សិទ្ធិអំណាចដែលប្រគល់ជូន រដ្ឋាភិបាលក្នុងពេលមានអាសន្ន គឺមិនមែនគ្មានដែនកំណត់នោះឡើយ។ មាត្រា៨៦ និងមាត្រា១០២ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីយន្តការត្រួតពិនិត្យ ដោយសភាពីរថ្នាក់របស់ប្រទេសកម្ពុជា។ លើសពីនេះទៀត មន្រ្តីអនុវត្តច្បាប់រូបណាដែល ប្រព្រឹត្តតាមទំនើងចិត្ត និងបំពានច្បាប់នេះ ត្រូវទទួលទោសនៅចំពោះមុខតុលាការ។
៥.ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន នឹងត្រូវយកមកអនុវត្តតែក្នុងស្ថានភាព ដែលត្រូវការវិធានការបន្ថែម និងតម្រូវការចាំបាច់បំផុតក្នុង កិច្ចការពារនិងថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងការពារអាយុជីវិត សុខភាពសាធារណៈ ផលប្រយោជន៍សាធារណៈ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត ស្ថានភាពអាសន្ន គឺនឹងត្រូវប្រកាសតែក្នុង រយៈពេលជាក់លាក់មួយ សម្រាប់ការអនុវត្តទូទាំងប្រទេស ឬក្នុងវិសាលភាពភូមិសាស្ត្រខ្លះ ដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ និងមិនអាចគ្រប់គ្រងបាន ។
៦.ច្បាប់ត្រូវចែងអំពីការដាក់ទោសទណ្ឌ ចំពោះការមិនអនុវត្តតាម ប្រសិនបើយើងចង់ធានាឱ្យមាន ការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការសម្រេចនិងកម្រិតនៃការដាក់ពិន័យ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយពិចារណាលើស្ថានទម្ងន់ទោស មិនមែនផ្អែកលើស្ថានភាពសេដ្ឋកិច្ចទេ។ នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរស្មើភាពគ្នា ចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការនយោបាយ មុខងារ ឬឋានៈសង្គម ដូចមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ។ បើប្រៀបធៀបជាមួយបណ្តា ប្រទេសអាស៊ីនិងអ៊ឺរ៉ុបនានា ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្នរបស់កម្ពុជា មានភាពធូរស្រាលជាង ពាក់ព័ន្ធនឹងសិទ្ធិអំណាចនិងទោសទណ្ឌ។
ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជា សូមទទូចឱ្យអ្នករាយការណ៍ពិសេស គោរពតាមគោលបំណង និងគោលការណ៍នានា របស់អង្គការសហប្រជាជាតិ និងបំពេញភារកិច្ចរបស់ លោកស្រីដោយមិនលម្អៀង និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ និង សេចក្តីណែនាំសម្រាប់ប្រតិបត្តិការ របស់នីតិវិធីពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ហេតុដូច្នេះ អ្នករាយការណ៍ពិសេស ដែលមិនមែនជាបុគ្គលិក អង្គការសហប្រជាជាតិ ប៉ុន្តែបម្រើការក្នុងសមត្ថភាពផ្ទាល់ខ្លួន គួរតែចៀសវាង ធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ដែលអាចធ្វើអោយមតិសាធារណៈភ័ន្តច្រលំ ដែលមានលក្ខណវិនិច្ឆ័យ និងដែលអាចត្រូវបានចាត់ទុកថា ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យមួយ ៕