បរទេស៖ ការសម្រេចចិត្តដែលមិនទទួលខុសត្រូវ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្អាកការផ្តល់មូលនិធិ ដល់អង្គការសុខភាពពិភពលោក (WHO) ហាក់ដូចជាការដែលយកអំបិល ទៅត្រដុសនឹងស្នាមរងរបួសរួចទៅហើយ ជាមួយនឹងសម្ព័ន្ធមិត្តប្រពៃណីរបស់ខ្លួន នៅពេលដែលការប្រយុទ្ធ ជាសកលប្រឆាំងនឹងជំងឺរាតត្បាត COVID បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំកំពូល ក្រុមប្រទេស G7 កាលពីថ្ងៃព្រហស្បតិ៍បានបញ្ចប់ ដោយគ្មានសេចក្តីថ្លែងការណ៍រួម។ សមាជិកអឺរ៉ុបនៃប្លុកនេះ បានគាំទ្រដល់អង្គការសុខភាពពិភពលោក ហើយបានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។
អធិការបតីអាឡឺម៉ង់លោកស្រី អេនជឺឡា មឺគែល បានប្រាប់សន្និសីទជាក់ស្តែងថា វិបត្តិអាចត្រូវបានដោះស្រាយតែ ជាមួយការឆ្លើយតបអន្តរជាតិដ៏រឹងមាំ និងសម្របសម្រួល ខណៈពេលដែលបង្ហាញការគាំទ្រពេញទំហឹង ដល់ស្ថាប័នសុខភាពពិភពលោក។
សម្ព័ន្ធភាពអាត្លង់ទិក មានសភាពក្រក់កករនឹងគ្នា រួចទៅហើយ មុនពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាត។ ចាប់តាំងពីរដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្នឡើងកាន់អំណាចមក ចំណងរវាងសហរដ្ឋអាមេរិក – អឺរ៉ុប បានរងការវាយប្រហារជាបន្តបន្ទាប់ទៅលើការចំណាយផ្នែកការពាររបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អង្គណាតូ) ជម្លោះពាណិជ្ជកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងវិបត្តិជនភៀសខ្លួនជាដើម៕
ប្រែសម្រួលៈ ណៃ តុលា