ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ទទួលបានថវិកា ជាង៤លានដុល្លារ សម្រាប់ចាយវាយ លើការប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានអះអាងថា គិតមកដល់ត្រឹមថ្ងៃទី២០ ខែមេសា ក្រសួងបានទទួលថវិកាជាតិ សរុបជាង៤លានដុល្លារ សហរដ្ឋអាមេរិក ក្នុងចំណោមគោល ការណ៍ស្នើសុំ៦លានដុល្លារអាមេរិក ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ មេសាថា ៖ « បើគិតត្រឹមថ្ងៃ២០មេសា នេះ យើងបានទទួលថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៤លានដុល្លារកន្លះ ហើយជាក់ស្តែងយើងស្នើសុំពី រាជរដ្ឋាភិ បាលបាន ៦លាន ដុល្លារអាមេរិក ។ ថវិកានេះ យើងប្រើប្រាស់ ដើម្បីទិញសំភារៈ បរិក្ខាផ្គត់ផ្តង់ ដើម្បីជូនទៅមន្ទីពេទ្យខេត្ត ទាំង២៥ខេត្តក្រុង និងមន្ទីពេទ្យខ្មែរ សូវៀត និងមន្ទីរពេទ្យចាក់អង្រែ» ។

លោកស្រី ក៏បានលើកឡើងថា ចំពោះថវិការបស់សប្បុរសជន ដែលចូលរួមជាវិភាគទាន តាមការអំពាវនាវ របស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មកដល់ពេលនេះ មានសរុប១៣លានដុល្លារអាមេរិក ហើយប៉ាន់ស្មានបាន ចំណាយទៅវិញ៥លានដុល្លារ ដោយមិនបូកនឹងការផ្ទេរ ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ១លានដុល្លារសម្រាប់ធ្វើការផ្តត់ផ្គង់ ក្នុងការធ្វើតេស្តនិងព្យាបាល កម្មករ ដែលត្រឡប់ពីបុណ្យចូលឆ្នាំ មកភ្នំពេញវិញ ។

លោកស្រីបន្តថា សម្រាប់ថវិកា៥លានដុល្លារនេះ ក្រសួងបានចំណាយទិញម៉ាស់ សម្រាប់ពាក់ទូទៅ ដោយបានទិញម៉ាស់ ១១លានម៉ាស់២ តាមផែនការ របស់សម្តេចតេជោ ហ៊ុនសែន មកក្រសួងសុខាភិបាល ។ ម៉ាស់ទាំងនេះ បានទិញរួចហើយ នៅឡើយតែដឹកជញ្ជូន ក្នុងឃ្លាំង ២កន្លែង គឺនៅផ្លូវជាតិលេខ៣ មួយកន្លែង និងនៅផ្លូវជាតិលេខ៦អា ។
លោកស្រីបានលើកឡើងទៀតថា សម្រាប់ការទិញសំភារៈនេះប្រើប្រាស់ថវិកា ប្រហែលជាង៤លានដុល្លារអាមេរិក ហើយតាមគម្រោងសំភារៈទាំងនេះ នឹងនាំចូលទីតាំងស្តុក ទុកនៅ ចុងខែមេសានេះ ។

ជាមួយគ្នានោះដែរ លោកស្រី ក៏ឲ្យដឹងថា កម្មករដែលគ្រោងនឹងធ្វើការវិញ នឹងត្រូវពិនិត្យកំដៅ សុខភាព មុននឹងត្រឡប់ចូលធ្វើការវិញនោះ ជាង១ម៉ឺននាក់ ហើយក្រសួងការងារ និងសា លារាជធានីភ្នំពេញបានរៀប ចំទីតាំង១០កន្លែង សម្រាប់ធ្វើការធ្វើការពិនិត្យ និងទុកឲ្យ ពួកគាត់ ឲ្យនៅដាច់ដោយឡែករយៈ ពេល១៤ថ្ងៃ ។ គ្រូពេទ្យស្ម័គ្រ សម្តេចតេជោ ចំនួន៤២២ នាក់បាន កំពុងធ្វើការសហការជាមួយក្រុមគ្រូពេទ្យ នៅតាមបណ្តារោងចក្រ របស់ក្រសួងការងារផងដែរ ក្នុងការធ្វើការពិនិត្យ សុខភាពកម្មករមុននឹង អនុញ្ញាតឲ្យចូលធ្វើការវិញ។

ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលអះអាងថា រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោក គេមិនទាន់រកឃើញពីប្រភព នៃការឆ្លងដោយសារជំងឹកូវីដ១៩នោះទេ។ ក្នុងនោះទាំងប្រទេសមហាអំណាច ប្រទេសរីកចំរើន ក៏មានការរីករាលដាលជំងឺកូវី ដ១៩នេះដែរ ។ ដូច្នេះសម្រាប់កម្ពុជា យើងត្រូវតែធ្វើការសហការគ្នា ក្នុងទប់ស្កាត់ជំងឺនេះ ពិសេសនោះធ្វើការ ទប់ស្កាត់កុំឲ្យមានការរីករាលដាល ការចម្លងទៅក្នុងសហគមន៍ ហើយកុំឲ្យមានការចម្លង ពីខាងក្រៅឲ្យសោះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «យើងមិនត្រូវលែងដៃនោះទេ ទាំងអ្នកសិល្បករ អ្នកសារព័ត៌មាន…ត្រូវបន្តធ្វើការទប់ស្កាត់ចំពោះការងារនេះ ។ ទាំងប្រជាពលរដ្ឋ ទាហាន ប៉ូលិស…គេធ្វើការជាមួយគ្នា អីចឹងយើងត្រូវធ្វើការនេះបន្តទៀត» ។

ក្នុងឱកាសនោះដែរលោក ស្រី វេជ្ជបណ្ឌិត Te Ailan តំណាងអង្គការ សុខភាពពិភព លោកបានលើកឡើងថា បញ្ហាជំងឺកូវីដ១៩ បានកំពុងស្ថិតក្នុងការគំរាមកំហែងធ្ងន់ធ្ងរ នៅឡើយនៅក្នុងពិភពលោក ។ ល្បឿននៃការវិវត្តន៍ដោយសារមេរោគកូវីដ១៩នេះ លឿនណាស់ ។

លោកស្រីបន្តថា ស្ថានភាពនៃជំងឺកូវីដ១៩នេះ នៅតាមបណ្តាប្រទេសនានា បានស្ថិតនៅក្នុងលក្ខខណ្ឌផ្សេងគ្នា ក៏ដូចជាការវិវត្តន៍រីករាលដាល។ ការបញ្ចប់ការផ្ទុះនៃជំងឺកូវីដ១៩នេះ មិនអាចងាយបញ្ចប់នោះទេ លុះត្រាតែប្រទេសទាំងអស់ នៅក្នុងពិភពលោកលែងមាន បញ្ហាជំងឺនេះ ។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា «គិតមកដល់ថ្ងៃទី២០មេសានេះ មានមនុស្សប្រហែល២លាននាក់ បានឆ្លងជំងឺកូវីដ១៩នេះ ហើយក្នុងនោះក៏ស្លាប់មានមនុស្ស ជាង១៥ម៉ឺននាក់ ក្នុងប្រទេស១១៣ និងនៅតំបន់ផ្សេងទៀត ។ នៅក្នុងប្រទេសកម្ពុជាវិញ គឺបានឆ្លើយតប យ៉ាងល្អសម្រាប់ករណីជាង១០០នេះ ហើយគ្មានអ្នកស្លាប់ ដែលជាដំណឹងល្អ ប៉ុន្តែកម្ពុជាស្ថិត ក្នុងដំណាក់ដំបូងនៅឡើយទេ» ៕ ដោយ៖ ស សំណាង

To Top