Covid-19

ក្រសួងសុខាភិបាល បញ្ជាក់ថារហូតមកដល់ពេលនេះ មិនទាន់មានថ្នាំព្យាបាល ជំងឺកូវីដ១៩ ឬវាក់សាំងការពារ នៅឡើយទេ

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីម្ដងទៀតថា រហូតមកដល់ពេលនេះមិនទាន់រកឃើញថ្នាំ សម្រាប់ព្យាបាលជំងឺកូវីដ១៩ ឬក៏វាក់សាំង ទុកសម្រាប់ចាក់ការពារ ជំងឺកូវីដ១៩នៅឡើយទេ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបញ្ជាក់ថា “ជំងឺកូវីដ១៩ គឺជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវបំផុត ដែលក្នុងតែមួយប៉ព្រិចភ្នែក ប៉ុណ្ណោះវាអាច បង្កវិនាសសកម្ម បានយ៉ាងឆាប់រហ័សបំផុត មកទល់ពេលនេះគ្មានថ្នាំលេបឬចាក់ព្យាបាល នៅឡើយទេ សូមបងប្អូនប្រជាពលរដ្ឋយកជាប់ជាមួយនូវម៉ាស់ ទឹកអាកុល ឬទឹកជែលសម្លាប់មេរោគ និងបាក់តេរី ហើយឧស្សាហ៍ ដុះលាងសម្អាតដៃ ជាប្រចាំ”។

លោកបន្ថែមថា ចំពោះការព្យាបាល ឲ្យបានចប់សព្វគ្រប់ នៅទូទាំងសកលលោក ក៏ដូចជានៅកម្ពុជា នូវជំងឺកូវីដ១៩នេះ លុះត្រាតែរកឃើញ វាក់សាំងការពារជំងឺនេះសិន។

លោកបន្ថែមទៀតថា “ដូចខ្ញុំជម្រាបជូននៅមុននេះ ចប់បានលុះត្រាតែមានវាក់សាំង ចាក់ការពារ ហើយនឹងមានរូបមន្តព្យាបាល មានប្រសិទ្ធភាព ហ្នឹងចប់ហើយ”។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ដើម្បីបន្តទប់ស្កាត់ ការរាតត្បាតកូវីដ១៩ឲ្យបានតែមានប្រសិទ្ធភាពនោះ ក្រសួងសុខាភិបាល ប្ដេជ្ញាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការដាក់ឲ្យនៅដាច់ដោយឡែក ការធ្វើតេស្ត ព្យាបាលនិងការតាមដាន រកអ្នកដែលប៉ះពាល់ អ្នកជំងឺកូវីដ១៩នេះ ឲ្យបានហ្មត់ចត់ ជាទីបំផុតផងដែរ។

ទាក់ទងជាមួយពលករខ្មែរ ត្រឡប់មកពីធ្វើការពីប្រទេសថៃវិញ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ មានចំនួនប្រហែលជា៩ម៉ឺននាក់ ហើយក្រសួងកំពុង តាមដានសុខភាព របស់ពួកគេយ៉ាងហ្មត់ចត់ ហើយពួកគេទាំងអស់ មិនទាន់មានអ្នកណាម្នាក់ មានផ្ទុកនូវជំងឺកូវីដ១៩នេះនៅឡើយទេ។

លោកបន្ថែមថា “បន្ទាប់ចំនួនពលករ ដែលមកពីថៃ គឺមានចំនួនប្រហែលជា៩ម៉ឺននាក់ មកដល់ពេលនេះ ហើយក៏មានអ្នកមក បន្តបន្ទាប់ហូរហែរ ទៀតផងដែរ។ប៉ុន្តែយើងកំពុងតាមដានសុខភាព របស់ពួកគាត់ មកដល់ពេលនេះ ពលករមិនទាន់មានផ្ទុកមេរោគកូវីដ១៩ នេះនៅឡើយទេ យើងមានករណីសង្ស័យមួយចំនួន ដែលយើងកំពុងធ្វើការការតាមដាន បន្តទៅទៀតយើងគិតថា វានឹងអាចមានហានិភ័យ ដូច្នេះបានក្រសួងសុខាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន កំពុងខិតខំធ្វើការងារនេះ ទៅតាមវិធានការជាក់ស្ដែង នៅតាមមូលដ្ឋាននីមួយៗ”។

ចំណែកលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងដែរថា ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា នៅមានលក្ខណៈផុយស្រួយនៅឡើយ ដែលតម្រូវឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ននិ ងការពារខ្លួនឲ្យបានល្អជានិច្ច។

លោកស្រីបន្តថា “បច្ចុប្បន្ននេះ ដួចឯកឧត្តមរដ្ឋមន្រ្តី លោកបានលើកពីខាងដើម អម្បាញ់មិញរួចហើយ គឺស្ថានភាពរបស់យើងនេះ គឺនៅផុយស្រួយណាស់ ថ្វីត្បិតតែយើងបានសង្កេតឃើញហើយថា ក្នុងរយៈពេល៧ទៅ៨ថ្ងៃកន្លងមកនេះ យើងធ្វើតេស្ដទៅអត់ឃើញ ថាករណីឆ្លងថ្មីនោះគឺថា អត់មានទេគឺស៊ីរ៉ូ យើងទន្ទឹមនឹងនោះ ករណីព្យាបាលជានោះក៏កាន់តែ កើនឡើង ហើយអ្នកជំងឺដែលនៅសល់ព្យាបាលនោះ គឺថយទៅៗនេះ មិនទាន់បញ្ជាក់ថាយើង បានរួចចាកផុត ពីការវាយលុកនូវកូវីដ១៩នោះទេ! មានន័យថាស្ថានភាព របស់យើង គឺឋិតនៅផុយស្រួយ នៅឡើយ ល្គឹកណានៅលើសកលលោក នៅតែមានការរាតត្បាត ដ៏សន្ធឹកសន្ធាប់នេះ ដែលយើងសង្កេតឃើញហើយគឺករណីឆ្លង គឺមានច្រើនមែនទែន ប្រទេសមួយចំនួនធំហើយ ដែលករណីឆ្លងកាន់តែ មានការកើនឡើងច្រើន ដោយឡែកយើងពិនិត្យមើល ប្រទេសនៅក្នុងតំបន់អាស៊ាន របស់យើង ដូចជាប្រទេសភូមា ពីមុនយើងថាមានសូន្យៗ អីចឹងហ្អា!ប៉ុន្តែឥឡូវនេះ គ្រាន់តែភ្លៀងមួយរយៈពេល ដ៏ខ្លីចុងក្រោយនេះ គាត់ស្ទុះ ឡើងទៅដល់១១១ករណីទៅហើយ។ចឹងការរាតត្បាតនេះ គឺលឿនមែនទែនៗ!ចឹងខ្ញុំសូមជម្រាបជូនថានៅក្នុងពេលខាងមុខនេះ យើងមិនត្រូវប្រហែសទេ។ ចឹងយើងនឹងអាច! ខ្ញុំប្រើពាក្យថា យើងនឹងអាច ប្រិសិនបើបុគ្គលគ្រប់រូប ភ្លេចខ្លួនហើយគាត់បែជាគិតថា យើងអស់មានបញ្ហាកូវីដ១៩ហើយ ហើយវិធានការនៃការ ការពារខ្លួនរបស់យើងនេះ យើងមិនបានបន្តអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជួនទេនោះ ចឹងការរាតត្បាត ឬក៏យើងនិយាយមួយបែបទៀតថា ការវាយលុកនៃវីរុសកូវីដ១៩ ហ្នឹងនឹងអាចកើតមានឡើង”។

លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើប្រជាពលរដ្ឋ មានការធ្វើប្រហែស ដោយមិនបានប្រុងប្រយ័ត្ននោះ ជំងឺកូវីដ១៩ នឹងអាចកើតមានឡើង ជាថ្មីលើកទី២ម្ដងទៀតផងដែរ។​ លោកស្រីអ្នកនាំពាក្យ អះអាងថា ដោយសារកម្ពុជាមានវិធានការ ទប់ស្កាត់ជំងឺកូវីដ១៩បានទាន់ពេលវេលា ទើបកម្ពុជាមានអ្នកឆ្លងតិច។

លោកស្រីបន្ថែមថា នៅតាមបណ្ដាប្រទេស នៅលើសកលលោក ជាពិសេស ប្រទេសដែលមានអាកាសធាតុក្ដៅ ដូចជាកម្ពុជា វៀតណាម ភូមា ថៃ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ជាដើមនោះគឺអត់មានជៀសផុត ពីវីរុសកូវីដ១៩បានឡើយ។ មានន័យថា គ្រប់ប្រទេសទាំងអស់ គឺមានការវាយលុក ដោយវីរុសកូវីដ១៩។ ដូច្នេះវីរុសកូវីដ១៩នេះ មិនប្រកាន់ថា អាកាសធាតុ ក្ដៅឬអាកាសធាតុត្រជាក់នោះទេ។

លោកស្រីបន្ថែមទៀថា “ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ នៃអ្នកសិក្សាស្រាវជ្រាវ គេសង្កេតឃើញថា នៅក្នុងអាកាសធាតុដែលត្រជាក់ ការដែលវាយលុក របស់វីរុសហ្នឹងគឺខ្លាំងជាង នៅក្នុងអាកាសធាតុដែលក្ដៅ តែប៉ុណ្ណឹងទេ! ត្រង់ថាអាកាសធាតុក្ដៅ មិនមានវីរុសហ្នឹង វាយលុកនោះមិនមែនទេ!វីរុសហ្នឹង នៅតែវាយលុក ដូចគ្នាយើងសង្កេតឃើញហើយ ការកើនឡើងនៅតាមប្រទេស ហើយការស្លាប់ក៏មានដែរ នៅភូមាឥឡូវ ដូចមានស្លាប់ ៥នាក់ ហើយនៅបណ្ដាលប្រទេសមួយចំនួន ទៀតក៏មានស្លាប់ដែរ ឡាវដូចជាមានស្លាប់ដែរ តាមខ្ញុំមើល ដូច្នេះយើងកុំប្រហែស ថាដោយសារស្រុកយើងក្ដៅ យើងមិនមានការវាយលុកពីវីរុសកូវីដ១៩ មិនមែនទេ!បច្ចុប្បន្ននេះ ដោយសារការដែលយើងដាក់វិធានការ បានទាន់ពេលវេលា ជាពិសេសការគិតគូរដ៏ខ្ពស់បំផុត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា របស់យើងលោកបានដាក់ចេញ នូវបទបញ្ជាបានទាន់ពេលវេលា ហើយការគិតគូរខ្ពង់ខ្ពស់បំផុត ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តចារ្យម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកក៏បានដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងលោកយកទៅអនុវត្តន៍ ហើយដែលយើងអាចរួមគ្នា ទប់ស្កាត់ នូវការរីករាលដាល ពីវីរុសកូវីដ១៩នេះ ពីបុគ្គលមួយទៅបុគ្គលមួយ ជាពិសេសការរីករាលដាលចូលទៅដល់ក្នុងសហគមន៍របស់យើង”។

ជាមួយគ្នានោះ ទាក់ទងជាមួយការចំណាយ ថវិកាវិញ ដើម្បីប្រតិបត្តិការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩វិញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា ក្រសួងបានចំណាយថវិកា ប្រមាណជា៤លានដុល្លារកន្លះ។

លោកស្រីបន្ថែមថា “ថវិកាមកដល់ថ្ងៃនេះគឺ យើងទទួលថវិកាជាតិ ដែលប្រភពថវិកា ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសរុបទាំងអស់៤លានកន្លះ ជាការប៉ាន់ស្មាន ជាក់ស្ដែងគោលការណ៍យើង សុំបាន ៦លានដុល្លារ ហើយយើងទទួលបាន ៤លានកន្លះ ហើយថវិកាទាំងអស់នោះ យើងប្រើប្រាស់សម្រាប់ ទិញសម្ភារៈបរិក្ខា ផ្គត់ផ្គង់ដើម្បី ទៅគ្រប់ខេត្តក្រុងទាំងអស់ ទាំង២៥ខេត្តក្រុង និងមន្ទីរពេទ្យ ខ្មែរសូវៀតនិងមន្ទីរពេទ្យចាក់អង្រែ”៕ដោយ៖ធី លីថូ

To Top