ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ កម្ពុជា នឹងចុះត្រជាក់ដល់ ២៣អង្សាសេ ព្រមទាំងមានភ្លៀងធ្លាក់ រាយប៉ាយលើផ្ទៃប្រទេស ហើយមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
យោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២១ ខែមេសានេះ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់២៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធទាប អូសបន្លាយលើកម្ពុជាជាមួយ នឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង។
ក្រសួងបន្តថា ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី២៣ ដល់២៨ ខែមេសា ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌលើកផ្ទៃប្រទេស ខណៈធាតុអាកាសក្តី និងអាចថមថយមួយកម្រិត។
ក្រសួងបានបន្ថែមថា ស្ថានភាពបែបនេះបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បរមាពី២៥ ដល់២៧អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣២ ដល់៣៥អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។ ចំណែកបណ្តាខេត្តនៅតំបន់ជួនភ្នំដងរែក និងខ្ពស់រាបឦសាន មានសីតុណ្ហភាពអប្បរមា ពី២៥ ដល់២៦អង្សាសេ និងសីតុណ្ហភាពអតិរមាមានពី ៣១ដល់៣៤អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយនៅក្នុងកម្រិតពីតិច ទៅច្រើននិងតំបន់បណ្តាខេត្ត នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បរមា ពី២៥ ដល់២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣១ដល់៣៣ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។
ជាមួយគ្នានោះដែរក្រសួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសមានការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសនៅបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែមេសា ឆ្នាំ២០២០៕
ដោយ៖ ស សំណាង