ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានអះអាងថា បច្ចុប្បន្ននេះកម្ពុជា មានលទ្ធភាព ក្នុងការផលិតស៊ីម៉ងត៍ដោយខ្លួនឯង ស្ទើរទាំងស្រុង ដោយមិនចាំបាច់ នាំចូលពីក្រៅប្រទេសដូចមុន សម្រាប់ការផ្គត់ផ្គង់ក្នុងប្រទេស ពោលផលិតបាន ក្នុងមួយឆ្នាំ៨លានតោន។
លោក យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយករដ្ឋានក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២១ ខែមេសាថា បច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាព ក្នុងការផលិត ស៊ីម៉ងត៍ដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់ ប្រើប្រាស់ក្នុងស្រុកបាន ដោយមិនចាំបាច់យកពីប្រទេសក្រៅ ដូចមុនទៀតទេ ។ ពោលគឺមិនចាំបាច់យកថវិកា ទៅចំណាយនៅលើស៊ីម៉ងត៍នោះទេ ។
លោកបានបន្តថា លទ្ធផលដែលក្រសួងរ៉ែ និងថាមពលសម្រេចបាន នៅក្នុងឆ្នាំ២០១៩ មានដូចជាបានអនុញ្ញាត ឲ្យអាជីវករធ្វើអាជីវកម្មរ៉ែសំណង់ ដែលអាចបំពេញបាន នូវតម្រូវការប្រើប្រាស់ នូវក្នុងប្រទេសកម្ពុជា ដោយរ៉ែទាំងនោះមានគ្រួស ខ្សាច់ និងថ្ម ដែលជាវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្តថា លទ្ធផលដែលក្រសួងសម្រេចបាន គឺអនុញ្ញាតនិងដាក់ដំណើរការ នូវរោងចក្រផលិតផលស៊ីម៉ងត៍ ដែលមានសមត្ថភាពផលិតបាន ចំនួនប្រមាណ៨លានតោន ក្នុងមួយឆ្នាំ។ អីចឹងសមត្ថកិច្ចផលិតស៊ីម៉ងត៍ ចំនួន៥នៅកម្ពុជា អាចផ្គត់ផ្គង់សឹងតែ១០០ភាគរយ នូវតម្រូវការទាំងអស់ នៃតម្រូវការនៅក្នុងប្រទេស ដែលផលិតផលស៊ីម៉ងត៍ នេះបើយើងនិយាយពីមុនឆ្នាំ២០០៦ ឬ២០០៧ គឺកម្ពុជាបានពឹងផ្អែក នាំចូលពីបរទេសទាំងស្រុង ។
លោកបញ្ជាក់ថា៖ «ឥឡូវនេះយើងមានរោងចក្រ ផលិតស៊ីម៉ងត៍ បំរើសេចក្តីត្រូវការគ្រប់គ្រាន់ក្នុងប្រទេស»។ ជាមួយគ្នានោះដែរ លោកក៏បានលើកឡើងថា ក្រសួងរ៉ែ និងថាមពល បានធ្វើការងារសំខាន់ៗដូចជា យើងប្រែក្លាយធនធានរ៉ែ ក្នុងការអភិវឌ្ឍន៍ជាតិ ។ អភិវឌ្ឍន៍វិស័យប្រេង កាតប្រកបនិរន្តភាព ប្រសិទ្ធភាពដើម្បីកើនឡើង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម យូរអង្វែង សម្រាប់ជាតិ ផ្តោតលើកការគ្រប់គ្រងវិស័យថាមពល ផ្នែកបរមាណូស៊ីវិល វិទ្យុសកម្ម និងអគ្គិសនី ឲ្យប្រមានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីជំរុញឲ្យមានបង្កើនសេដ្ឋកិច្ចជាតិ និងនិរន្តរភាព ដល់ជីវភាពប្រជាពលរដ្ឋ។ ជាងនេះ ក្រសួងក៏មានកម្មវិធីអភិវឌ្ឍន៍ស្ថាប័ននឹងគាំទ្រ ផ្នែករដ្ឋាបាល និងហិរញ្ញវត្ថថ្នាក់ជាតិ និងក្រោមជាតិ។
លោកបន្តថា ដោយមានការគាំទ្រ ពីរាជរដ្ឋាភិបាល លើវិស័យរ៉ែដោយបានបើកចំហ ទាក់ទាញអ្នកវិនិយោគឯកជន សិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្ម និងឧស្សាហកម្មរ៉ែ យ៉ាងផុសផុល។
លោកបានបន្តថា ក្រសួងបានខិតខំទប់ស្កាត់រាល់សកម្មភាព និងប្រតិបត្តិការជីកយក រ៉ែយ៉ាងអនាធិបតេយ្យមួយចំនួន ក្នុងគោលបំណង ពង្រឹងការកៀងគ រចំណូល មិនមែនសារពើពន្ធចូលរដ្ឋ កាត់បន្ថយការលេចធ្លាយចំណូលជាដើម៕ ស.សំណាង