Covid-19

នាយករដ្ឋមន្រ្តី ក្រើនរំលឹកពលរដ្ឋ ថែរក្សាអនាម័យឲ្យបានល្អ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវថែរក្សាអនាម័យឲ្យបានល្អជានិច្ច ដោយចាំបាច់ត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា រាល់វិនាទី និងជារៀងរាល់ថ្ងៃ សូមប្រជាពលរដ្ឋត្រូវចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់(ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ) ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។

សម្ដេចបន្តថា “សូមយកជាប់តាមខ្លួនរាល់ពេលធ្វេីដំណេីរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ បងប្អូនត្រូវប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ”។

សម្ដេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ត្រូវការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកខ្លួនឯង និងទៅកាន់ក្រុមគ្រួសារ ហេីយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច។

សូមបញ្ជាក់ថា គិតមកដល់ពេលកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២ ខណ:ព្យាបាលជាសះស្បើយកើនដល់១១០នាក់៕

ដោយ៖ធី លីថូ

To Top