ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ គិតរហូតដល់មកពេលនេះ មានពលករវិលត្រឡប់ មកស្រុកខ្មែរជាង៨ម៉ឺននាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា គិតរហូតមកដល់ពេលនេះ មានពលករនៅក្រៅប្រទេស បានវិលត្រឡប់មកស្រុកខ្មែរវិញ ជាង ៨ម៉ឺននាក់ ហើយក៏មានពលករមួយចំនួន គ្មានលទ្ធភាពផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារផងដែរ។

ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈ ពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាល នៃជំងឺ កូវីដ-១៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ពលករដែលបានវិលត្រឡប់ មកពីបណ្ដាប្រទេសនានា ជាពិសេស គឺថៃ ចូលមកម្ពុជា គិតមកដល់ពេលនេះ មានចំនួន ជាង៨ម៉ឺននាក់។ ហើយស្ថិតនៅរាយប៉ាយ នៅតាមបណ្ដាលខេត្តនីមួយៗ»។

សម្ដេចក្រឡាហោម រៀបរាប់ថា ក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាមិនអាចអនុញ្ញាតឲ្យ ពលករ ចេញ-ចូល ឆ្លងកាត់ព្រំដែនឡើយ។ដោយហេតុថា ថៃបានបិទព្រំដែន ជាពិសេស ជំងឺកូវីដ-១៩ នៅថៃ ក៏មានបញ្ហាធ្ងន់ធ្ងរដែរ ខណៈថៃ ដាក់ប្រទេសក្នុងគ្រាសអាសន្ន ដូច្នេះ កន្លែងធ្វើការ មួយចំនួន ត្រូវបានបិទ ទើបពលករខ្មែរគ្មានការងារធ្វើ ហើយពួកគាត់មិនអាចវិលត្រឡប់ទៅ ថៃវិញបាន។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ពលករមួយចំនួនគ្មានលទ្ធភាព ក្នុងការផ្គត់ផ្គង់រយៈពេលវែង នោះទេ ហើយអ្នកមួយចំនួន ក៏មានលទ្ធភាពផ្គត់ផ្គង់។ជាទូទៅ ពួកគាត់តែតែង រំពឹងចង់ ត្រឡប់ទៅវិញ ដើម្បីធ្វើការងារ និងបានប្រាក់ចំណូល សម្រាប់គ្រួសារ»។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាល បានចេញគោលការណ៍ នូវវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ នៅកម្ពុជា៕ ដោយ អេង ប៊ូឆេង

To Top