ព័ត៌មានជាតិ

២០១៩តម្លៃបរិមាណ ផលិតផលក្នុងស្រុក សរុបរបស់កម្ពុជា មានជាង ១៤ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងទៅតម្លៃសរុប នៃបរិមាណផលិតផលក្នុងស្រុក(GDP) របស់កម្ពុជា មានចំនួន១៤.៨៧៥លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានការកើនឡើង ក្នុងរង្វង់១៣ភាគរយ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍”នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកហេង សុខគង់ បានថ្លែងថា វិស័យឧស្សាហកម្ម គឺជាវិស័យមួយ ដែលដើរតួនាទីកាន់តែសំខាន់ទៅៗ នៅពេលដែលប្រទេសជាតិ កាន់តែមានការរីកចម្រើនទៅៗ។

លោកបញ្ជាក់ថា ត្រឹមឆ្នាំ២០១៧ វិស័យឧស្សាហកម្ម បានចូលរួមចំណែក លើកស្ទួយផលិតផលក្នុងស្រុក(GDP)បានចំនួន៣០,១% ដែលភាគរយនេះ បានដើរលឿនជាងផែនការជាតិផងដែរ ។

លោកបន្ថែមថា “នៅក្នុងឆ្នាំ២០១៩តម្លៃសរុបនៃបរិមាណផលិតផល យើងមានរហូតទៅដល់១៤.ពាន់លាន បានន័យថា ១៤.៨៧៥លានដុល្លារសហរដ្ឋអាមេរិក ដែលកើនឡើងក្នុងរង្វង់១៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ។ហើយនៅក្នុងនោះ គឺបរិមាណផលិតផលនាំចេញ មានប្រមាណជា១១.១៨៥លានដុល្លារសហរដ្ឋអាមេរិក គឺកើនឡើងប្រមាណ១៤ភាគរយ និងតម្លៃសរុបបរិមាណផលិតផល លក់ក្នុងស្រុក មានប្រមាណជា៣៦៩០លានដុល្លារសហរដ្ឋអាមេរិកគឺកើនឡើងប្រមាណជា១១ភាគរយ”។

ទាក់ទងជាមួយរោងចក្រ លោកបញ្ជាក់ថា ក្នុងត្រីមាសទីមួយ(ខែមករាដល់ខែមិនា) នៅឆ្នាំ២០២០នេះ មានរោងចក្រចំនួន៧៧រោងចក្រ ដែលទើបបង្កើតថ្មី។

អ្នកនាំពាក្យបន្ថែមថា “រហូតមកដល់ត្រីមាសទីមួយ ក្នុងឆ្នាំ២០២០នេះ បានន័យថាពីខែមួយរហូតមកដល់ខែបី ឆ្នាំ២០២០នេះ យើងឃើញមានរោងចក្រកើនថ្មីរហូតទៅដល់៧៧រោងចក្រ បងប្អូន អាចសួរខ្ញុំតិចទៀតថា ដោយសារយើងមានបញ្ហា ខ្វះវត្ថុធាតុដើមផង បញ្ហាកូវីដផង បញ្ហាEBAផង រឿងអីរោងចក្រយើងកើនថ្មី ! ប្រហែលជាអាចឆ្ងល់ ចំណុចនេះដែរ ! ដែលនៅក្នុងនោះ គឺ៧៤រោងចក្រ គឺចេញប្រកាសដោយក្រសួង ឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហើយមានរោងចក្រមួយ រោងចក្រចេញដោយសាលារាជធានីភ្នំពេញ ហើយនិងមានរោងចក្រដែលដំណើរការឡើងវិញចំនួនពីរ ចឹងកម្លាំងពលកម្មកើតថ្មី បានន័យថាកើតថ្មីសរុបពី៧៧រោងចក្រនេះ គឺយើងមានប្រមាណ ជា២៧៩០៩នាក់ ។ ហើយក៏ មានរោងចក្រដែលបានដាក់ពាក្យ មកបិទទ្វារ បានន័យថាបញ្ឈប់ ដំណើរការខ្ញុំអត់និយាយរឿងភ្ជួរទេ ខ្ញុំនិយាយថាបញ្ឈប់ដំណើរការ យើងមានចំនួន៦រោងចក្រ ដែលមានកម្លាំងពលកម្មសរុប ៦០៥២នាក់”។

លោកបន្ថែមទៀតថា រហូតមកដល់ពេលនេះ កម្ពុជាមានរោងចក្រធុនធំ នៅទូទាំងប្រទេសសរុបចំនួន១.៨០១រោងចក្រ ដែលមានកម្លាំងពលកម្មសរុបទាំងអស់ចំនួន១.០៦៣.០៣១នាក់។

ទាក់ទងជាមួយសហគ្រាសធុនតូចនិងមធ្យមវិញ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគ្រាសធុនតូចនិងមធ្យមមានជាង៥០ ម៉ឺន សហគ្រាស ដែលបានផ្ដល់ការងារជូនពលរដ្ឋបានប្រមាណជា៧០ភាគរយ។

លោកបន្ថែមថា “នៅកម្ពុជារបស់យើង គឺMSMEមានរហូតទៅដល់៩៩,៨ភាគរយ បានន័យថានៅក្នុងចំណោម សហគ្រាសទូទាំងប្រទេសរបស់យើងហ្នឹងគឺ MSMEមានរហូតទៅដល់ ប្រមានជា៥២ម៉ឺនសហគ្រាស ៥២សហគ្រាស ហើយនៅក្នុងហ្នឹងគឺផ្ដល់ការងាររហូតទៅដល់ ៧០ភាគរយ នៃការផ្ដល់នៃការងារទាំងអស់ទូទាំងប្រទេសរបស់យើង ហើយការលក់ MSMEមានប្រមាណ៥៨ភាគរយ យើងលក់នៅក្នុងប្រទេសខ្លះ លក់ការនាំចេញទៅក្រៅប្រទេសខ្លះ”។

ទាក់ទងជាមួយការប្រើប្រាស់ទឹកនៅក្នុងរាជធានីភ្នំពេញមានភាពរអាក់រអួល លោកអះអាងថា ដោយសារការកកើតឡើង នូវអគារខ្ពស់ៗជាច្រើនលឿនពេក ដោយពួកគេប្រើប្រាស់នូវម៉ាស៊ីនធំៗបូមទឹកយកទៅខាងលើ ដើម្បីប្រើប្រាស់តាមតម្រូវការរបស់ពួកគេ ដែលធ្វើឲ្យអ្នកដែលប្រើប្រាស់ទឹកខាងក្រោយទុយយោរបស់ពួកគេ មានសម្ពាធទឹកប្រើប្រាស់ខ្សោយ។

លោកបន្ថែមថា “បញ្ហាសំខាន់បំផុតយើងឃើញថា កំណើននៃសំណងរបស់យើងកើនឡើងលឿន ពេកអគារខ្ពស់ៗយើងកើនឡើងលឿនពេក កាលណាអគារខ្ពស់ យើងដឹងហើយ គាត់ត្រូវការបូមឡើង គាត់ត្រូវការមានម៉ាស៊ីនរបស់គាត់បូម ដែលធ្វើឲ្យអ្នកដែលនៅចុងទុយោ បានន័យថាសម្ភាធរាងខ្សោយបន្តិច”។

ជាមួយគ្នានោះដែរ លោកបញ្ជាក់ថា ក្រសួងបាននិងកំពុងរៀបចំធ្វើច្បាប់ ស្ដីពី “ការផ្ទេរបច្ចេកវិទ្យានៅកម្ពុជា” ដើម្បីទុកជាវិធានការពារដោយប្រការណាមួយ។

លោកបន្ថែមថា “ក្នុងនោះដែរគឺយើងឃើញថា នាយកដ្ឋានវិទ្យាសាស្រ្តបច្ចេកវិទ្យា របស់យើង គឺបាននិងកំពុងរៀបចំនូវច្បាប់មួយ ដែលមានសារៈសំខាន់ ដែលយើង ហៅថាជាច្បាប់ នៃការផ្ទេរបច្ចេកវិទ្យា នៅកម្ពុជា ព្រោះកាលណា អត់មានច្បាប់ទេ យើងផ្ទេរបច្ចេកវិទ្យាមកគេ ខុសច្បាប់គេប្ដឹងយើង តែដល់ពេល ដែលយើងមានច្បាប់ ហើយយើងធ្វើការការផ្ទេរបច្ចេកវិទ្យានេះ ពីបណ្ដាលប្រទេសជឿនលឿនមួយចំនួន ហើយគេអនុម័តឲ្យ គឺជាការធ្វើការការងារផ្ទេរបច្ចេកវិទ្យា ដោយស្របច្បាប់ ហើយយើងត្រូវការច្បាប់នេះ សំខាន់ណាស់ ដើម្បីអី! ដើម្បីយើងដើរឲ្យទាន់សភាពការណ៍ នៅចំពោះមុខរបស់យើង”៕

ដោយ៖ ធី លីថូ

To Top