ព័ត៌មានជាតិ

សម្ដេច ហេង សំរិន ក្រើនរំលឹក ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះ កូវីដ-១៩ ទោះបីកម្ពុជា គ្មានអ្នកឆ្លងថ្មីក៏ដោយ

ភ្នំពេញ ៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មីនោះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីជំងឺ កូវីដ-១៩ ហើយមិនត្រូវធ្វេសប្រហែសឡើយ ។

សម្ដេច ហេង សំរិន បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ថា ពលរដ្ឋត្រូវបន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការពារខ្លួន កុំឲ្យជំងឺនេះឆ្លង មកលើខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

សម្ដេច មានប្រសាសន៍ថា «សូមបងប្អូនជនរួមជាតិ បន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការការ ពារខ្លួនពីជំងឺ កូវីដ-១៩ ។ ទោះបី ជាងមួយសប្តាហ៍មកហើយ ដែលប្រទេសយើងពុំមានករណី ឆ្លងជំងឺ កូវីដ-១៩ថ្មី ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែស និងភ្លេចខ្លួនពីការ ការពារពីជំងឺនេះ នោះ ទេ»។

ជាងនេះទៅទៀត ប្រធានរដ្ឋសភា អំពាវនាវឲ្យពលរដ្ឋ ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួន នូវការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេ ត្រូវធ្វើអនាម័យខ្លួនប្រាណជាប្រចំា ដូចជា ឧស្សាហ៍លាង សម្អាតដៃ ជាមួយ សាប៊ូ អាល់កុល ឬជែលលាងដៃ ហើយនៅពេលធ្វើដំណើរ ត្រូវពាក់ម៉ាស់ និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើនឡើយ។

ប្រធានរដ្ឋសភា បន្ដថា បើដឹងថាខ្លួនមកពីកន្លែង ដែលមានការឆ្លងជំងឺ កូវីដ-១៩ ឬប៉ះពាល់អ្នក ជំងឺនោះ សូមរក្សាខ្លួនដាច់ពីគេរយៈពេល១៤ថ្ងៃ បើមានបញ្ហាអ្វីមិនស្រួល ត្រូវទាក់ទងជា បន្ទាន់ ទៅកាន់លេខ១១៥ ។

ឆ្លៀតឱកាសនេះដែរ សម្ដេច ហេង សំរិន បន្ថែម ថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ ដែលបានបរិច្ចាគថវិកាចូលរួម ជាមួយគណៈកម្មាធិការ ជាតិប្រយុទ្ធជំងឺ កូវីដ-១៩ និងបានចុះអប់រំ ផ្សព្វផ្សាយ ចែកម៉ាស់ អាល់កុល និងសម្ភារៈមួយ ចំនួនទៀត ដល់ពលរដ្ឋឲ្យបានយល់ដឹង និងមានមធ្យោបាយការពារពីជំងឺនេះ។សូមសមាជិក សមាជិកាទាំងអស់ បន្តសកម្មភាពនេះទៀត ក្នុងការប្រយុទ្ធប្រឆំាងជំងឺនេះ»។

សម្ដេច ថ្លែង អំណរគុណ រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការនានា ប្រកបដោយភាព ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ ទាន់ពេលវេលា។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នក ជំងឺ កូវីដ១៩ ជាសះស្បើយចំនួន ១១០នាក់ និងកំពុងសម្រាកព្យាបាលបន្តចំនួន ១២នាក់ (សរុបទាំងអ្នកជាសះស្បើយ និងកំពុងសម្រាកព្យាបាលបន្ត មានចំនួន ១២២នាក់) ៕

ដោយ ៖ អេង ប៊ូឆេង

To Top