ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញាតឲ្យ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ផ្អាកការបង់ភាគទាន មកបេឡាជាតិ របបសន្តិសុខសង្គម រហូតដល់ខែកញ្ញា

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតឲ្យ គ្រឹះស្ថានសិក្សា ដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សា កម្ពុជា ផ្អាកការបង់ភាគទាន មកបេឡាជាតិរបបសន្តិសុខសង្គម ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ។

យោង តាម សេចក្ដី ជម្រាបជូនរបស់ ក្រសួងការងារ ចេញផ្សាយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ថា “ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សា ដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សា កម្ពុជា ផ្អាកការបង់ភាគទាន ចាប់ពីខែមេសា រហូតដល់ខែកញ្ញា ឆ្នាំ២០២០”។

ក្រសួងការងារ បន្ដថា ក្នុងករណីស្ថានភាព នៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់មុនខែកញ្ញា ឆ្នាំ២០២០ ព្រមទាំងមានការជូន ដំណឹងពីរាជរដ្ឋាភិបាល តម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងគ្រប់ប្រភេទ ដំណើរការឡើងវិញនោះ គ្រឹះស្ថានសិក្សាដែលជាសមាជិក នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវមានកាត្វកិច្ច បន្តបង់ភាគទាន ចាប់ពីខែដែលបាន ដំណើរការតទៅ៕

ដោយ អេង ប៊ូឆេង

To Top