ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើរសារ អរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។
សម្ដេចតេជោ បានសរសេរនៅលើ បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា អរគុណមិត្តចិនជាអនេក ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។
សម្ដេចបញ្ជាក់ថា “ក្រៅអំពីជំនួយអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ អរគុណមិត្តចិនជាអនេក”។
សម្ដេចតេជោ បន្តថា ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ ក្រៅអំពីជំនួយ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមិត្តចិន បានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិន បានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ ជាច្រើនសម្រាប់ ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។
ក្នុងនាមប្រជាជនកម្ពុជា សម្ដេច សូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាព នៃប្រទេសទាំងពីរកាន់តែល្អរឹងមាំ ដូចដែកថែប។
សូមរំលឹកថា កាលពីថ្ងៃទី២៣ មីនារដ្ឋាភិបាលចិន បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប រួមជាមួយឧបករណ៍ សម្ភារៈពេទ្យមួយចំនួន បានមកដល់ប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺ កូវីដ១៩ដំបូង ដែលប្រទេសចិន បានបញ្ជូនចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។
ចំណែកនៅថ្ងៃទី២៤ មីនា ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ នៃកងទ័ពរំដោះ ប្រជាជនចិនចំនួន ៤រូប ក៏បានមកកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ។ ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវ វេជ្ជសាស្ត្រយោធាចិន ដែលជាស្ថាប័នមួយបានបង្កើត វ៉ាក់សាំងការពារជំងឺអេបូឡា ដំបូងបង្អស់នៅលើពិភពលោក ទទួលបានជោគជ័យ ។ នាពេលថ្មីៗនេះ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូល ក្នុងការសាកល្បងព្យាបាលផងដែរ ។
ដោយឡែក កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២ តោន ដែលជាជំនួយ របស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា ។
ជាថ្មីម្ដងទៀតតាមរយៈ ក្រសួងការពារជាតិប្រទេសចិន បានប្រគល់សម្ភារពេទ្យសម្រាប់ទប់ស្កាត់វីរុស COVID-19 ចំនួន១១មុខ ទម្ងន់ប្រមាណ១៦តោន មានតម្លៃប្រមាណ១លានដុល្លារ ដល់ក្រសួងការពារជាតិកម្ពុជា៕
ដោយ៖ បាន ធារ៉ូ