ព័ត៌មានជាតិ

ស្នងការខេត្តកណ្ដាល ប្រាប់ឲ្យទាហ៊ានវៀតណាម រុះរើតង់ ៩កន្លែង ចេញឲ្យឆ្ងាយពីតំបន់ស

ភ្នំពេញ៖ ក្រោយចុះត្រួតពិនិត្យឃើញថា ភាគីវៀតណាម បោះតង់រំលោភចូលក្នុងតំបន់សចំនួន ៩កន្លែងនោះ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានប្រាប់ឲ្យរុះរើសចេញឲ្យឆ្ងាយ ពីបន្ទាត់ព្រំដែនជាតំបន់សភ្លាមៗ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំលោកស្នងការរង, មេបញ្ជាការវរៈការពារព្រំដែនលេខ៦០៥, លោកអធិការស្រុក និងកម្លាំងប៉ុស្ដិ៍ដំបូកចែវជាច្រើនរូប ចុះពិនិត្យតាមបន្ទាត់ព្រំដែនដោយថ្មើរជើង ពីគោលដៅបាក់ដាយ និងគោលដៅចំការចេក ដែលជាចំណុះឲ្យប៉ុស្ដិ៍ដំបូកចែវ មានប្រវែង ៤៧០០ម៉ែត្រ ដើម្បីសំដៅធ្វើយ៉ាងណា នៅក្នុងតំបន់សមិនមាន ការរំលោភសាងសង់ ឬដាំដំណាំផ្សេងៗ ពីភាគីខាងវៀតណាម ចូលក្នុងទឹកដីខ្មែរបានឡើយ ។

បន្ទាត់ព្រំដែនដំបូកចែវមានប្រវែង ៤៧០០ម៉ែត្រ ធ្វើដំណើរថ្មើរជើងទាំង ទៅទាំងមកប្រវែងជិត ១០គីឡូម៉ែត្រ ។ ការចុះពិនិត្យតាមបណ្ដោយព្រំដែននេះ ឃើញថាមានតង់ដែលទាហ៊ានវៀតណាម សាងសង់បណ្ដោះអាសន្ន ដើម្បីជាការទប់ស្កាត់កូវីដ-១៩ នៅពេលដំណើរពិនិត្យនោះដែរ លោកស្នងការក៏បាន ឲ្យភាគីខាងវៀតណាម រុះរើតង់ចេញឲ្យឆ្ងាយពីបន្ទាត់ស ក្រោយពីពិនិត្យជាក់ស្ដែងឃើញថា ខាងភាគីវៀតណាមបាន សាងសង់តង់ចំនួន៩កន្លែង និងចងជាអង្រឹងចូលក្នុងតំបន់ស កម្លាំងនគរបាលក៏ប្រាប់ ទៅខាងវៀតណាមរុះរើ និងដកថយក្រោយឲ្យបានឆ្ងាយ ពីបន្ទាត់ព្រំដែនជាតំបន់ស ។

សូមបញ្ជាក់ថា ប៉ុស្ដិ៍ព្រំដែនដំបូកចែវមានគោលដៅ ២ប៉ុស្ដិ៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងរក្សាសន្ដិសុខ ស្ថេរភាព និងទប់ស្កាត់បង្ការ បទល្មើសតាមបន្ទាត់ព្រំដែន ។ បន្ទាប់ពីដើរពិនិត្យរួចមក លោកស្នងការ ក៏បានជម្រុញឲ្យលោកមេបញ្ជាការលេខ៦០៥ បញ្ជាកម្លាំងប៉ុស្ដិ៍តាម បន្ទាត់ព្រំដែនដើរល្បាតជាប្រចាំ តាមបន្ទាត់ព្រំដែនជាតំបន់ស ធ្វើយ៉ាងណារក្សាសន្ដិសុខ និងពិនិត្យមើលការបោះតង់ ក៏ដូចជាយកគោក្របីមកចងនៅតំបន់សនោះ ។ ជាមួយគ្នានោះដែរ លោកស្នងការ ក៏បានឧបត្ថម្ភដល់ប៉ុស្ដិ៍គោលដៅ ក្នុងមួយប៉ុស្ដិ៍ទទួលបាន ១លានរៀលផងដែរ ៕

To Top