ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអត់ធ្មត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះវិធានការនានា ជាពិសេសបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ។
សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ មេសានេះថា «ពិតហើយថា វត្តមាននៃមេរោគ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង តែសូមបងប្អូនបន្តអត់ធ្មត់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19 នេះ ដើម្បីភាពប្រសើរឡើង សម្រាប់យើងទាំងអស់គ្នា» ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៧ មេសានេះ ក្រសួងសុខាភិបាលកម្ពុជា បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុបកើនដល់ ១១៩នាក់ ខណៈនៅសល់អ្នកកំពុងសម្រាកព្យាបាលបន្ត ត្រឹមតែ ៣នាក់ប៉ុណ្ណោះ ជាពិសេសគ្មានអ្នកឆ្លងថ្មីនោះទេ (សរុបទាំងអ្នកជាសះស្បើយ និងកំពុងបន្តព្យាបាលមានចំនួន ១២២នាក់) ៕