ព័ត៌មានជាតិ

សហប្រធានសសកច ចែករំលែក និងរួមសុខទុក្ខជាមួយ អ្នកកាសែតវ័យចំណាស់កម្ពុជា

ភ្នំពេញ៖ សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា ចិន (សសកច-CCJA) នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានថ្លែងនូវសមានចិត្តដ៏មុតមាំ ប្រកដោយសហភាតរៈ ជូនចំពោះអ្នកកាសែតវ័យចំណាស់ ដែលអ្នកខ្លះ បានចូលនិវត្តន៍ និងអ្នកខ្លះទៀត បន្តបេសសកម្មលើវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយ នៅស្នាក់ការកណ្តាលសសកច នាបុរីរុងរឿង ខណ្ឌជ្រោយចង្វារ លោក ទេស សារ៉ារិទ្ធ សហប្រធានសសកចភាគីកម្ពុជា បានថ្លែងថា ការចែករំលែកនូវសម្ភារៈមួយចំនួននេះ ទោះបីជាមិនច្រើនក្តី ប៉ុន្តែវាបានបង្ហាញ នូវការយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់បងប្អូន អាជីពអ្នកសារព័ត៌មាន ដែលមានវ័យចំណាស់ និងខ្លះបានចូលនិវត្តន៍ ដែលរូបលោកផ្ទាល់ តែងតែមានអារម្មណ៍ជាមួយ នឹងអ្នកសារព័ត៌មានជាប់ជានិច្ច។

លោក សារ៉ារិទ្ធ បានថ្លែងបន្តថា “នេះជាលើកដំបូងហើយ ដែលសសកច បានធ្វើជូនសម្រាប់អ្នកកាសែត ដោយយើងបានលៃ លកថវិការបស់សមាគម សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ បង្ហាញពីការយកចិត្តទុកដាក់ ជូនដល់បងប្អូនយើងនៅពេលនេះ។”
តាងនាមឱ្យគណៈនាយកសសកច លោកទេស សារ៉ារិទ្ធ បានសម្តែងនូវការប្តេជ្ញាចិត្តផងដែរថា លោកនឹងរៀបចំសកម្មភាពបែបនេះ រៀងរាល់មួយខែម្តង ទៅតាមលទ្ធភាពរបស់សសកចដែលមាន។

ជាមួយគ្នានេះ លោក លីវ ស៊ាវគ័ង សហប្រធាន សសកច ភាគីចិន បានថ្លែងអំណរគុណដល់ សហភាតរៈអ្នកកាសែតកម្ពុជា ដែលបានមកទទួលនៅពេលនេះ និងបានចាត់ទុកថា ជាការជួយយកអាសារគ្នាទៅវិញទៅមក ព្រោះលោកជាអ្នកកាសែតចិន ហើយបានបំរើការងារនៅប្រទេសកម្ពុជា អស់រយៈកាលជាង ២០ឆ្នាំមកហើយ។

លោក ស៊ាវគ័ង ក៏បានលើកឡើងផងដែរថា ដោយសារពេលនេះ ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និងចិនដែរ បានរងនូវការរីករាលដាលកូវីដ១៩ លោកសំណូមឱ្យអ្នកកាសែតទាំងអស់ បន្តថែរក្សាអនាម័យ និងសុខភាពផងដែរ។ “យើងត្រូវរួមគ្នា បន្តចូលរួមផ្សព្វផ្សាយ និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកម្ចាត់កូវីដ១៩ ចេញពីកម្ពុជា” ។

អ្នកកាសែតទាំង ១០រូប ដែលទទួលអំណោយ គឺអញ្ជើញមកពីកាសែតរស្មីកម្ពុជា ដើមអម្ពិល កម្ពុជាថ្មី កោះសន្តិភាព និងកាសែតខ្មែរថែមស៍ ក្នុងម្នាក់ៗ ទទួលបានអង្ករ១បាវ (៥០គ.ក) ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ម៉ាស១ដុំ និងថវិកា៤ម៉ឺនរៀល ក្រៅពីការផ្តល់អំណោយទាំងនេះ សសកច នឹងផ្តល់ការពិនិត្យសុខភាព នៅមន្ទីរពហុព្យាបាល ហុង អ៊ិន ដោយឥតគិតថ្លៃ ផងដែរ ៕

To Top
×