ភ្នំពេញ ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាល ឲ្យដឹងថា ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម អាចធ្វើការទស្សន៍ ទាយបានថា នឹងចប់នៅពេលណា តែជំងឺកូវីដ១៩នេះ មិនអាចធ្វើការទស្សន៍ ទាយដឹងចប់ នៅពេលណានោះទេ ព្រោះជំងឺនេះ ជាជំងឺមួយ ដែលមានលក្ខណៈកាចសាហាវ ខុសពីជំងឺផ្សេងៗទៀត ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់រកឃើញ ឱសថណា ឬវាក់សាំង ចាក់ការពារជំងឺកូវីដ១៩ នៅឡើយនោះទេ ។
លោកថា “ខ្ញុំសូមជម្រាបជូនថា បើគ្រុនចាញ់គ្រុនឈាម យើងអាចងាយស្រួល ទស្សន៍ទាយ ជំងឺកូវីដ១៩នេះ នេះថ្មី តែអត់ទាន់មានឆ្លង នៅក្នុងសហគមន៍ទេ ដូច្នេះជាការទស្សន៍ ទាយមួយលំបាកណាស់ បើគ្រុនចាញ់ខ្ញុំ អាចទស្សន៍ទាយបាន ២០២៥ ជាអស់ហើយ គ្រុនឈាមឆ្នាំ ទៅយើងអាចទស្សន៍ទាយ បានដែរ វាឡើង ដល់កំពូលវា៥ម៉ឺន គេធ្វើលេខ ព្រោះវាមានប្រេវើឡងរបស់វា យើងអាចដឹង យើងទស្សន៍ទាយបាន តាមលក្ខណៈ នៃបច្ចេកទេសវិទ្យាសាស្រ្ត ។ ប៉ុន្តែនៅពេលនេះ យើងមិនអាចឆ្លើយបានថា ថាវានៅកន្លែងណាទេ អស់លោក លោកស្រីបានជ្រាបហើយ ពីព្រោះ ម្យ៉ាងយើង ភាគច្រើនច្រើនតែបរទេស ហើយខ្ញុំមិនដឹងថា ប្រជាជនយើង នៅកម្ពុជាយើង មានអ៊ីម៉ុយនីតេហើយឬនៅ? អត់ដឹងទាំងអស់ ព្រោះគាត់អត់់បានឈឺ យើងម៉េចនឹងដឹង!ដូច្នេះហើយទុកជាមានអ៊ីម៉ុយនីតេ តើក៏អ៊ីម៉ុយនីតេ វាអីរ៉ាប់ប៉ុន្មាន យើងក៏មិនទាន់ដឹង ព្រោះអាហ្នឹងវា រីស៊ីពវាថ្មី ។ ដូច្នេះមានតែការប្រុងប្រយ័ត្ន មួយគត់ ធ្វើម៉េច កុំឲ្យឆ្លងចូលសហគមន៍ ដូចខ្ញុំជម្រាបជូនចឹង កុំបាច់ឆ្ងល់សួថា គ្រោះថ្នាក់ខ្ពស់ គ្រោះថ្នាក់ទាប គ្រោះថ្នាក់ខ្សោយ អីអត់ទេ!គឺបញ្ហាគឺប្រុងប្រយ័ត្ន ធ្វើម៉េចកុំឲ្យឆ្លងចូល ក្នុងសហគមន៍របស់យើង ខិតខំផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋយើង អំពីបញ្ហានេះ អ្នកវិទ្យាសាស្រ្ត ក៏ ទាយមិនបានដែរ អង្គការសុខភាព ពិភពលោក (WHO) ក៏ទាយមិនបានដែរ ព្រោះយើងអត់ដឹង ប្រវ៉ាឡងមិនចឹង បើយើងដឹងប្រេវ៉ាឡង ដូចគ្រុនចាញ់គ្រុនឈាម យើងដឹងបាន យើងអាចទាយបាន យើងអាចសិក្សាបាន យើងអាចមានវិធានការជាក់ស្ដែងបាន ប៉ុន្តែអានេះយើងអត់ដឹង ហើយបន្ទាប់មកអត់ដឹងលក្ខណៈសម្បត្តិវាផង អ៊ីម៉ុយនីតេ របស់វា វាខ្លី វាវែងឬមួយមានតែ១ថ្ងៃ ឬមួយមានតែ១អាទិត្យ វាមានទៀតអត់យើងអត់ដឹង ដូច្នេះសំណួរហ្នឹងមួយ គឺថាមានតែការប្រុងប្រយ័ត្ន សូមឲ្យជួយ ប្រុងប្រយ័ត្នទាំងអស់គ្នា” ។
លោកសង្កត់ធ្ងន់ថា បញ្ហាជំងឺកូវីដ១៩នេះ ត្រូវមានការសិក្សាស្រាវជ្រាវមួយជាក់លាក់ ឲ្យបានប្រាកដប្រជា ទើបអាចសន្មត់ បានថាចប់នៅពេលណាមួយ។
ក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យឲ្យបានស្អាតជានិច្ច និងរក្សាគម្លាតនៅឲ្យឆ្ងាយពីគ្នា នឹងបន្តធ្វើតាមវិធានណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញ កាលពីពេលថ្មីៗនេះ ដើម្បីរួមគ្នា បន្តការពារទប់ស្កាត់កូវីដ១៩នេះ ឲ្យបានកាន់តែមានប្រសិទ្ធភាព ។
ទាក់ទងជាមួយអ្នកទោស និងកម្មករនេសាទខ្មែរ នៅប្រទេសម៉ាឡេស៊ី ជាង២០០នាក់ ដែលចង់មកកម្ពុជាវិញនោះ លោកបញ្ជាក់ថា នឹងត្រូវអនុញ្ញាត ឲ្យចូលមកកម្ពុជាវិញ បើពិនិត្យទៅគ្មានផ្ទុកនូវជំងឺកូវីដ១៩ ។
លោកបន្ថែមថា “ហើយចំពោះអ្នកដែលនៅម៉ាឡេស៊ី ដែលជាប់ទោសហើយគេលែងវិញ ហើយចង់ត្រឡប់មកវិញ ហើយនឹងចំពោះពលករ នេសាទ ដែលចង់ត្រឡប់មកវិញ យើងបានសុំគោលការណ៍ ពីរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល សម្ដេចតេជោ ក៏បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ប៉ុន្តែលក្ខខណ្ឌសំខាន់របស់គាត់ គឺថាសុំឲ្យខាងភាគីម៉ាឡេស៊ី ធ្វើម៉េចធ្វើតេស្ត កូវីដ១៩លើអ្នកទាំងនោះ ខ្ញុំនិយាយអំពីអ្នកជាប់ទោស ហើយនិងអ្នកនេសាទ ពលករនេសាទដែលយើងបានសុំ ធ្វើតេស្តកូវីដ១៩ បើថាកូវីដ១៩នៅទីនោះ មិនមានមេរោគកូវីដ១៩ទេ នឹងអាចឲ្យគាត់ត្រឡប់មកវិញ បើអ្នកមានមេរោគកូវីដត្រូវតែ សម្រាកព្យាបាល នៅទីនោះឲ្យជា ដូចយើងព្យាបាលប្រជាជនម៉ាឡេស៊ី នៅក្នុងប្រទេសកម្ពុជា របស់យើងដែរ” ។
លោកបន្ថែមថា ចំពោះអុ្នកទោស និងកម្មករ ទាំងនោះពេលដែលមកដល់កម្ពុជា នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដើម្បីពិនិត្យនិងតាមដាន រកមេរោគកូវីដ១៩បន្ថែមទៀតផងដែរ។
ជាមួយគ្នានោះលោកបញ្ជាក់ថា ក្រសួងកំពុងរៀបចំធ្វើប្រព័ន្ធ តាមដានជំងឺកូវិដ១៩ នៅទូទាំងប្រទេស ដើម្បីដឹងពីស្ថានភាពជំងឺនេះថា មានអ្នកជំងឺនៅទីណា ឬនៅកន្លែងណាផងដែរ។
លោករដ្ឋមន្រ្តីបន្ថែមថា”ខ្ញុំសូមជម្រាបជូនថា ឥឡូវក្រសួងសុខាភិបាល កំពុងធ្វើប្រព័ន្ធតាមដានអ្នកជំងឺហើយនិងប្រព័ន្ធប្រ៊េសស៊ីន បានន័យថា អ្នកដែលប៉ះពាល់ យើងកំពុងធ្វើឥឡូវនេះ នៅវិទ្យាស្ថានសុខភាពសាធារណៈ យើងនឹងដឹងភ្លាមៗ អ្នកជំងឺនៅកន្លែងណា ហើយអ្នកដែលប៉ះពាល់នៅកន្លែងណា យើងដឹងនៅទូទាំងប្រទេសរបស់យើង ពីព្រោះយើងធ្លាប់មានបទពិសោធន៍ ដូចជាជំងឺគ្រុនចាញ់ ពីឥឡូវនេះក៏យើងដឹងដែរ ឈឺគ្រុនចាញ់នៅកន្លែងណា ភូមិណា ឃុំណា ហើយបានព្យាបាលអីហើយ នៅទូទាំងប្រទេស ជំងឺអេដស៍ក៏យើងដឹងដែរ ជំងឺអេដស៍ប៉ុន្មាននាក់ នៅកន្លែងណា ទទួលព្យាបាលប៉ុន្មានថ្ងៃហើយ យើងដឹងទាំងអស់ យើងមានប្រព័ន្ធតាមដាន របស់យើង ឥឡូវយើងកំពុង រៀបចំប្រព័ន្ធតាមដាន កូវីដនេះទៀត”។
ទាក់ទងជាមួយការទិញម៉ាស់វិញ លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា ដើមខែ៥នេះ ក្រសួងនឹងទទួលម៉ាស់ ពីក្រុមហ៊ុន ដែលបានជាប់កិច្ចសន្យាធ្វើជូន ចំនួន១១លានម៉ាស់។
លោកស្រីបន្ថែមថា “យើងជាប់កិច្ចសន្យាទិញម៉ាស់ចំនួន៤ក្រុមហ៊ុន សម្រាប់ សូត្រជីកម៉ាស់ ហើយនិងម៉ាស់N95យើងជាប់កិច្ចសន្យា ជាមួយនឹងក្រុមហ៊ុន៣ ក្រុមហ៊ុន២នៅក្នុងស្រុក មួយនៅកំពង់ចាម មួយនៅកំពង់សោម(តំបន់សេដ្ឋកិច្ចពិសេស)និងមួយទៀតក្រុមហ៊ុនអន្តរជាតិ។រហូតដល់សព្វថ្ងៃនេះ នៅក្នុងឃ្លាំង យុទ្ធសាស្រ្ត របស់យើង យើងមានម៉ាស់ស្តុកស្រេច ហើយចំនួន៨លានម៉ាស់ជាង យើងមានម៉ាស់N95ចំនួន៦៨ម៉ឺនម៉ាស់ហើយ ហើយយើងមានសម្លៀកបំពាក់ ៥ពាន់និងខ្នើយ ម៉ុង កន្ទេល យើងត្រៀម៥ពាន់ហើយ ។ ដោយឡែកយើងជាប់កិច្ចសន្យា ជាមួយនឹងក្រុមហ៊ុនមួយទៀតគឺនៅខេត្តកំពង់ស្ពឺ គាត់ផលិត នៅស្រុកដែរ សម្រាប់២លានម៉ាស់ ។ ចឹងសំណួរសួរថា ពេលណានឹងទទួល? ថ្ងៃអាទិត្យទី១ នៃខែ៥ យើងនឹងទទួលគ្រប់ចំនួន នៅក្នុងឃ្លាំងយុទ្ធសាស្រ្ត ម៉ាស់ចំនួន១១លានម៉ាស់ សម្រាប់ម៉ាស់ក្រណាត់គឺយើងទទួលនៅខែ៥ ថ្ងៃទី២៨។ចឹងសម្ភារៈទាំងអស់ ទាំងសម្ភារៈវេជ្ជសាស្រ្ត ហើយនិងទាំងសម្ភារៈសម្រាប់ ជូនប្រជាពលរដ្ឋពលករយើង គឺថាចុងខែ៥ យើងនឹងទទួលចូលឃ្លាំង គ្រប់ផែនការទាំងអស់” ។
លើសពីនេះទៀត លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបានប្រើប្រាស់ ថវិការដ្ឋ ដើម្បីប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនូវកូវីដ១៩ អស់ប្រមាណជា ៦០ទៅ៧៥ ភាគរយប៉ុណ្ណោះ ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណៈអ្នកព្យាបាលជាសះស្បើយកើនដល់ ១១៩នាក់ ដោយអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ៣នាក់ទៀត តែប៉ុណ្ណោះ ៕ ដោយ៖ធី លីថូ